ភ្នំពេញៈ គម្រោង​សាងសង់​រោងចក្រ​ថាមពល​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​តម្លៃ​ជិត​ ១,៣ ​ពាន់​លាន​ដុល្លារ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន Cambodia International Investment Development Group(CIIDG) នឹង​ចាប់ផ្តើម​ដំណើរការ​សាងសង់​នៅ​ដើម​ឆ្នាំ​ក្រោយ​។ នេះ​បើ​យោង​តាម​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​។

គម្រោង​រោងចក្រ​ដែល​មាន​អានុភាព ៧០០ ​មេហ្គាវ៉ាត់​នេះ​ត្រូវ​បាន​គណៈរដ្ឋមន្ត្រី​កម្ពុជា​អនុម័ត​កាលពី​ថ្ងៃទី​ ២៥ ឧសភា ឆ្នាំ​ ២០១៨ ហើយ​នេះ​ជា​គម្រោង​វិនិយោគ​រោងចក្រ​ថាមពល​ធ្យូងថ្ម​ទី​ ២ ​របស់​ CIIDG សម្រាប់​រយៈពេល​សម្បទាន​អាជីវកម្ម​ ៣៥ ​ឆ្នាំ​ស្ថិត​ក្នុង​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។

យោង​តាម​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល​រោងចក្រ​នេះ​នឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​ ២០២៣ ខាង​មុខ​។

បច្ចុប្បន្ន CIIDG កំពុង​ដំណើរការ​រោងចក្រ​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម​ទី​ ១ វិនិយោគ ៣៨៣ ​លាន​ដុល្លារ​ដែល​មាន​អានុភាព​ ២៧០​ ​មេហ្គាវ៉ាត់ ហើយ​ក៏​កំពុង​អភិវឌ្ឍ​ជំហាន​ទី​ ២ របស់​ខ្លួន​កម្លាំង​ ១៣៥ មេហ្គាវ៉ាត់ ដែល​ចាប់ផ្តើម​សាងសង់​កាលពី​ដើម​ឆ្នាំ​នេះ​នឹង​បើក​ដំណើរការ​នៅ​ឆ្នាំ​ ២០២១​។

លោក វិចទ័រ ហ្សូនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល​ក្រសួង​រ៉ែ និង​ថាមពល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ថ្ងៃ​ម្សិលមិញ​ថា​គម្រោង​វិនិយោគ​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ពី​ធ្យូងថ្ម​បន្ថែម​របស់​ក្រុមហ៊ុន CIIDG ដែល​មាន​កម្លាំង ៣៥០ មេហ្គាវ៉ាត់​ក្នុង​មួយ​ដំណាក់កាល​បាន​ទទួល​ការអនុញ្ញាត​ជាគោលការណ៍​ពី​រដ្ឋាភិបាល​រួច​ហើយ​ដោយ​នៅពេល​នេះ​ក្រុមហ៊ុន​កំពុង​​ស្វែងរក​ដៃគូ​សហការ​។

លោក​អះអាង​ថា​៖ «​នៅពេល​នេះ​ក្រុមហ៊ុន​ទទួល​បាន​ការយល់ព្រម​ពី​រដ្ឋាភិបាល​ហើយ ដូច្នេះ​អាច​នៅ​ឆ្នាំ​ក្រោយ​ក្រុមហ៊ុន​នឹង​ចាប់ផ្តើម​សាងសង់​បាន​»​។

បើ​តាម​លោក ហ្សូនា ដំណាក់កាល​ទី​ ១ នៃ​រោងចក្រ​ទី​ ២ ​នេះ​អាច​នឹង​តភ្ជាប់​ចូល​បណ្តាញ​ជាតិ​ក្នុង​ឆ្នាំ​ ២០២៣ និង​ដំណាក់កាល​ទី​ ២ ​នៅ​ឆ្នាំ​ ២០២៤​។

បច្ចុប្បន្ន​មាន​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ពី​ធ្យូងថ្ម​ចំនួន​ ២ កំពុង​ដំណើរការ​នៅក្នុង​ខេត្ត​ព្រះសីហនុ​គឺ​ក្រុមហ៊ុន CIIDG និង​មួយ​ទៀត​របស់​​ក្រុមហ៊ុន​មកពី​ប្រទេស​ម៉ាឡេស៊ី Leader Universal Holdings ដែល​មាន​អានុភាព ១០០ មេហ្គាវ៉ាត់​៕LA