ភ្នំពេញៈ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានឲ្យដឹងថា នៅឆមាសទី ១ ឆ្នាំ ២០១៩ នេះមានរោងចក្រថ្មីចំនួន ៣៤ បានបើកដំណើរការ ខណៈកម្ពុជាកំពុងប្រឈមនឹងភាពមិនច្បាស់លាស់នៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហគមន៍អឺរ៉ុប។
លោក លី តេកហេង ប្រធានប្រតិបត្តិសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីការតាំងពិព័រណ៍ឧស្សាហកម្មគ្រឿងយន្ត និងឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងអន្តរជាតិ កាលពីម្សិលមិញថាក្នុងឆមាសទី ១ ឆ្នាំ ២០១៩ មានរោងចក្រថ្មីចំនួន ៣៤ ត្រូវបានបើកក្នុងនោះមានរោងចក្រស្បែកជើងចំនួន ២ និងរោងចក្រផលិតផលិតផលធ្វើដំណើរ ៣២។
លោកថ្លែងថា៖ «វិស័យឧស្សាហកម្មយើងដំណើរការល្អជាធម្មតា ហើយអ្នកវិនិយោគនៅតែបន្តចូលមកក្នុងវិស័យឧស្សាហកម្មវាយនភណ្ឌកាត់ដេរ យើងមានរោងចក្រថ្មីចូលមកភាគច្រើនជារោងចក្រផលិតផលិតផលធ្វើដំណើរ ព្រោះអាមេរិកនៅរក្សាការអនុគ្រោះពន្ធនាំចូលផលិតផលនេះពីកម្ពុជា»។
ចំនួននេះគឺកើនឡើងចំនួន ១៥ រោងចក្រពីរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨ ។ នេះបើយោងតាមលោក លី តេកហេង។
បើទោះបីយ៉ាងនេះក្តីក្នុងអំឡុងពេលដូចគ្នានេះក៏មានរោងចក្រចំនួន ១០ ត្រូវបានបិទទ្វារផងដែរ។ នេះបើតាមលោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)។
កម្ពុជានឹងរៀបចំការតាំងពិព័រណ៍ស្តីពីឧស្សាហកម្មគ្រឿងយន្ត និងឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់អន្តរជាតិឆ្នាំ ២០១៩ រយៈពេល ៤ ថ្ងៃនៅខែក្រោយចាប់ពីថ្ងៃទី ២២ ដល់ ២៥ សីហា នៅកោះពេជ្រដែលមានស្តង់តាំងបង្ហាញជិត ៣០០ ស្តង់។
លោក តេកហេង បានឲ្យដឹងថា ការរៀបចំឲ្យមានព្រឹត្តិការណ៍ពិព័រណ៍នេះនឹងជួយទាក់ទាញវិនិយោគិនបរទេសមកកម្ពុជាកាន់តែច្រើន។ លោកថ្លែងថា៖ «ជាធម្មតារោងចក្រវិនិយោគយូរហើយនៅកម្ពុជា ដូច្នេះការប្រើប្រាស់គ្រឿងចក្រទាក់ទងនឹងបច្ចេកវិទ្យាចាស់ៗ គាត់នឹងស្វែងរកអភិវឌ្ឍបច្ចេកវិទ្យាថ្មី ព្រោះបច្ចេកវិទ្យាថ្មីបានជួយឲ្យផលិតកម្មកើនឡើង»។
លោក Akai Lin ប្រធានគម្រោងនៃក្រុមហ៊ុន Yorkers Trade & Marketing Service ដែលជាអ្នករៀបចំការតាំងពិព័រណ៍បានឲ្យដឹងថា ពិព័រណ៍ដែលមានក្រុមហ៊ុន ២០០ មកពី ១៥ ប្រទេសនៅក្នុងតំបន់នឹងតាំងបង្ហាញពីផលិតផល និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត។
លោកបន្តថា៖ «កំណើនសេដ្ឋកិច្ចដែលមានស្ថិរភាពមួយទសវត្សរ៍មកនេះ បានធ្វើឲ្យកម្ពុជាក្លាយគោលដៅក្នុងការទាក់ទាញអ្នកវិនិយោគនៅតំបន់អាស៊ី»។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC) សាទរចំពោះការបង្តើតរោងចក្រថ្មីនៅកម្ពុជា តែលោកយល់ថាអ្នកវិនិយោគទំនងជាមិនហ៊ានបោះទុនក្នុងវិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែងជើងនោះទេ ព្រោះពួកគេព្រួយបារម្ភនឹងបញ្ហា EBA។ លោកបញ្ជាក់ថា៖ «ការបើករោងចក្រថ្មីអាចនឹងមិនមានស្ថិរភាពយូរអង្វែងនោះទេ សមាគមរោងចក្រកាត់ដេរក៏ផ្អាកការចរចាប្រាក់ឈ្នួលក្នុងវិស័យនេះដែរ ពាក់ព័ន្ធនឹង EBA»។
ទោះបីយ៉ាងនេះក្តីលោកអះអាងថា៖ «កម្ពុជាក៏អាចមានវិនិយោគិនវិស័យនេះ [លើផលិតផលទាក់ទងនឹងការធ្វើដំណើរ] ដែរ ព្រោះយើងមានកិច្ចព្រមព្រៀងនាំចូលកាបូបយួរដៃគ្រប់ប្រភេទទៅអាមេរិក»។
ផលិតផលទាក់ទងនឹងការធ្វើដំណើរពីកម្ពុជាដូចជា កាបូបដៃ កាបូបយួរ ឬវ៉ាលីសជាដើម ត្រូវបានរាប់បញ្ចូលជាផលិតផលទទួលបានប្រព័ន្ធអនុគ្រោះពន្ធពីអាមេរិក (GSP) តាំងពីខែកក្កដា ឆ្នាំ ២០១៦ ដែលចាប់ពីពេលនោះមកការនាំចេញរបស់កម្ពុជាទៅអាមេរិកមានការកើនឡើងយ៉ាងខ្លាំងជាប្រចាំឆ្នាំ។
ផលិតផលសម្លៀកបំពាក់ និងស្បែកជើងផលិតពីកម្ពុជាមិនទាន់រាប់បញ្ចូលក្នុងប្រព័ន្ធ GSP របស់អាមេរិកទេ។
យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មអាមេរិកកម្ពុជានាំចេញទំនិញទៅអាមេរិកក្នុងរយៈពេលពីខែមករាដល់ខែមីនាឆ្នាំនេះមានតម្លៃជាទឹកប្រាក់ ១,១២ ពាន់លានដុល្លារកើនឡើង ២៤ ភាគរយពី ៩០៣ លានដុល្លារកាលពីរយៈពេលដូចគ្នាឆ្នាំ ២០១៨៕LA