ភ្នំពេញៈ រោងចក្រ​ផលិត​នំ​ស្រួយ LY LY Kameda Co., Ltd តម្លៃ​ជាង​ ១៦ ​លាន​ដុល្លារ​ ដែល​ជា​ការវិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​ក្នុងស្រុក LY LY Food Industry Co., LTD. និង​ក្រុមហ៊ុន​ជប៉ុន Kameda Seika Co., Ltd បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​សៅរ៍​។

រោងចក្រ LY LY Kameda Co., Ltd ដែល​មាន​សមត្ថភាព​ផលិត​នំ​ស្រួយ​សម្រាប់​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​បាន​ប្រមាណ​ជាង ៣ ០០០ ​តោន​ក្នុង​ ១ ​ឆ្នាំ​ ត្រូវ​បាន​គ្រប់គ្រង​ភាគហ៊ុន​ ៤៩ ​ភាគរយ​ ដោយ​ក្រុមហ៊ុន​ក្នុង​ស្រុក និង​ ៥១ ​គ្រប់គ្រង​ដោយ​វិនិយោគិន​ជប៉ុន​។ រោងចក្រ​នេះ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ប្រមាណ ២៥០ ​នាក់​។

លោកស្រី កែវ មុំ អគ្គនាយិកា​ក្រុមហ៊ុន LY LY Food Industry Co., LTD បាន​និយាយ​ថា​នេះ​ជា​ដំណើរ​វិវឌ្ឍន៍​ថ្មី​មួយ​ទៀត​របស់​ក្រុមហ៊ុន​ក្នុង​ស្រុក​ ក្នុង​ការបើក​ដំណើរការ​រោងចក្រ​ផលិត​នំ​ទី​២ ដោយ​សហការ​ជាមួយ​វិនិយោគិន​ជប៉ុន ខណៈ​បច្ចុប្បន្ន​កំណើន​នៃ​ការបញ្ជា​ទិញ​បាន​កើនឡើង​ជា​បន្តបន្ទាប់​។

លោកស្រី​ថ្លែង​ថា​៖ «​យើង​ក៏​មាន​ផែនការ​ពង្រីក​បន្ថែម​ផងដែរ​នៅ​ឆ្នាំ​ខាង​មុខ ខណៈ​ទីផ្សារ​នាពេល​នេះ​កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍ និង​ការបញ្ជាទិញ​កាន់តែ​ច្រើន​»​។

តាម​លោកស្រី កែវ មុំ រោងចក្រ​ដែល​ទើប​បើក​ដំណើរការ​ថ្មី​នេះ​បាន​បំពាក់​ទៅដោយ​បច្ចេកវិទ្យា​ទំនើបៗ និង​មាន​ការត្រួតពិនិត្យ​ពី​បញ្ហា​សុវត្ថិភាព និង​អនាម័យ​យ៉ាង​ល្អ​ផង​ដែរ​។ វត្ថុ​ធាតុដើម​សម្រាប់​ផលិត​ស្ទើរ​ទាំង​ស្រុង​ជា​ផលិតផល​ក្នុង​ស្រុក ហើយ​ផលិតផល​ពី​រោងចក្រ​នេះ​គឺ​សម្រាប់​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ទាំងអស់​។

រោងចក្រ​នេះ​បាន​ដំណើរការ​ផលិត​សាកល្បង​ចាប់​តាំងពី​ខែ​ មករា ឆ្នាំ​ ២០១៩ ដោយ​បាន​នាំចេញ​ទៅ​កាន់​ទីផ្សារ​អូស្ត្រាលី និង​នូវែលសេឡង់​បាន​​ ១ ​កុងតឺន័រ​ក្នុង​ ១ ​ថ្ងៃ​។ នេះ​បើ​តាម​លោកស្រី កែវ មុំ​។

លោកស្រី កែវ មុំ បាន​ឲ្យ​ដឹង​ថា​រោងចក្រ​ទី​១ របស់​ក្រុមហ៊ុន LY LY Food Industry Co., LTD ក៏​មាន​សមត្ថភាព​អាច​ផលិត​នំ​បាន​ជាង ៣ ០០០ ​តោន​ផងដែរ​។

អ្នកស្រី​បន្ត​ថា​បច្ចុប្បន្ន​ផលិតផល​ប្រហែល ៦៥ ​ភាគរយ​ របស់​រោងចក្រ​នេះ​ត្រូវ​បាន​ដាក់លក់​ក្នុង​ទីផ្សារ​ក្នុង​ស្រុក ខណៈ​ ៣៥ ​ភាគរយ​ទៀត​ សម្រាប់​នាំ​ចេញ​ទៅ​បរទេស​។

លោក Michiyasu Tanaka អគ្គនាយក​ក្រុមហ៊ុន Kameda Seika Co., Ltd បាន​និយាយ​ថា​បច្ចុប្បន្ន​ក្រុមហ៊ុន​របស់​លោក​កំពុង​បណ្តាក់ទុន​នៅក្នុង​ប្រទេស​ចំនួន ៧ រួមទាំង​កម្ពុជា​ផង​ដែរ​។ កម្ពុជា​ជា​ប្រទេស​ដែល​មាន​សក្តានុពល​ខ្ពស់​ក្នុង​ការវិនិយោគ​លើ​គ្រប់​វិស័យ​។

លោក​ថ្លែង​ថា​៖ «​នៅពេល​ខាង​មុខ​ឆាប់ៗ​នេះ ក្រុមហ៊ុន​ខ្ញុំ​មាន​បំណង​ពង្រីក​ខ្សែ​ចង្វាក់​ផលិតកម្ម​ថ្មី​មួយ​បន្ថែម​ទៀត​នៅក្នុង​រោងចក្រ​ដដែល​នេះ ហើយ​ជំហាន​បន្ទាប់​អាច​នឹង​ទៅ​កន្លែង​ផ្សេង​»​។ លោក​បន្ត​ថា​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​សម្លឹង​ទៅកាន់​ទីផ្សារ​ប្រទេស​មួយ​ចំនួន​ដូចជា ចិន អាមេរិក និង​កាណាដា​ផង​ដែរ​។

លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បាន​ឲ្យ​ដឹងថា នេះ​ជា​មោទនភាព​របស់​កម្ពុជា​ដែល​មាន​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​របស់​ជប៉ុន​ឲ្យ​មក​ចាប់​ដៃគូ​វិនិយោគ​។

លោក​បាន​បន្ត​ទៀត​ថា​តាមរយៈ​កិច្ចសហការ​ភាព​ជា​ដៃគូ​នេះ លោក​សង្ឃឹម​ថា នឹង​មាន​ក្រុមហ៊ុន​កម្ពុជា​កាន់តែ​ច្រើន​ទៀត​នឹង​ខិតខំ​បង្កើន​សមត្ថភាព​របស់​ខ្លួន និង​ចាប់​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន​បរទេស​ធំៗ​៕LA