ភ្នំពេញៈ ក្រុមហ៊ុនក្នុងស្រុក One More Manufacturing Co. Ltd បានបើកសម្ពោធជាផ្លូវការនូវរោងចក្រផលិត «មីជាតិ» ដែលមានសមត្ថភាពអាចផលិតបាន ១៥០ លានកញ្ចប់ ក្នុង ១ ឆ្នាំ។
រោងចក្រផលិតមីនេះត្រូវបានបើកសម្ពោធកាលពីថ្ងៃសៅរ៍កន្លងទៅដែលមានផលិតមីចំនួន ៣ រសជាតិ គឺរសជាតិខគោ រសជាតិសាច់ជ្រូកចិញ្ច្រាំ និងរសជាតិស៊ុបមាន់ ដែលរសជាតិទាំងនេះត្រូវបានឆ្លងកាត់ការពិសោធស្រាវជ្រាវយ៉ាងហ្មត់ចត់បំផុត ដើម្បីឲ្យសមស្របទៅតាមបែបបទរសជាតិខ្មែរ។
លោកស្រី ជឹង សុគន្ធាវី នាយិកាក្រុមហ៊ុន One More Manufacturing Co. Ltd បានឲ្យដឹងថា ការវិនិយោគនេះបានធ្វើឡើងស្របតាមការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជា ខណៈតម្រូវការចំណីអាហារកំពុងមានការកើនឡើងជាបន្តបន្ទាប់។ លោកស្រីបន្ថែមថា មីជាតិត្រូវបានបង្កើតឡើងដោយការយកចិត្តទុកដាក់បំផុត។
លោកស្រី សុគន្ធាវី បន្តថា រោងចក្រនេះនឹងចូលរួមចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍវិស័យផលិតចំណីអាហារក្នុងស្រុកពោលគឺនឹងជួយកាត់បន្ថយការពឹងផ្អែកទៅលើការនាំចូលផលិតផលពីបរទេស។ ម្យ៉ាងទៀតរោងចក្រនេះក៏បានជួយបង្កើតឱកាសការងារបានយ៉ាងច្រើនជូនដល់ប្រជាពលរដ្ឋក្នុងស្រុកផងដែរ។
លោកស្រីថ្លែងថា៖ «នេះជាពេលដ៏សមស្របបំផុតដែលកម្ពុជាគួរមានរោងចក្រផលិតចំណីអាហារក្នុងស្រុក ដើម្បីផ្គត់ផ្គង់តម្រូវការរបស់ប្រជាជនប្រមាណជាង ១៦ លាននាក់ដែលវានឹងជួយកាត់បន្ថយការពឹងផ្អែកលើចង្វាក់ផលិតកម្មរបស់បរទេស ឬប្រទេសជិតខាង»។
ទោះយ៉ាងណារោងចក្រដែលប្រើប្រាស់ម៉ាស៊ីន និងបច្ចេកវិទ្យាទំនើបមកពីប្រទេសជប៉ុននេះមិនបានបង្ហាញឲ្យដឹងពីតម្លៃនៃទុនវិនិយោគឡើយ។
ក្នុងឱកាសចូលរួមពិធីសម្ពោធរោងចក្រ «មីជាតិ» កាលពីថ្ងៃសៅរ៍លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្តែងការគាំទ្រចំពោះការដាក់ឲ្យដំណើរការជាផ្លូវការនូវរោងចក្រនេះ ដោយលោកចាត់ទុកថា ជាការរួមចំណែករបស់វិស័យឯកជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជា ពិសេសការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច ក៏ដូចជាការបង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាជន។
ទោះជាយ៉ាងណាលោកក៏បានសំណូមពរឲ្យអ្នកវិនិយោគទាំងអស់ត្រូវគិតពីផលអវិជ្ជមានចំពោះបរិស្ថាន ច្បាប់ និងទទួលខុសត្រូវសង្គមផងដែរ។ លោកថ្លែងថា៖ «ខ្ញុំសូមសំណូមពរដល់ក្រុមហ៊ុនឯកជនទាំងអស់ សូមកុំផ្តោតតែលើប្រាក់ចំណេញមួយមុខ ប៉ុន្តែត្រូវខិតខំធ្វើការងារសំដៅធានាឲ្យក្រុមហ៊ុនមានអនុលោមភាពជាមួយក្រឹត្យក្រម និងស្តង់ដាបរិស្ថាន ការបង់ពន្ធជូនរដ្ឋ និងការទទួលខុសត្រូវផ្នែកសង្គមឲ្យបានជាអតិបរមា»។
ការបង្កើតរោងចក្រនេះនឹងផ្តល់ភាពវិជ្ជមានច្រើនដល់សេដ្ឋកិច្ចកម្ពុជា។
លោកស្រី កែវ មុំ អគ្គនាយិកាក្រុមហ៊ុន LY LY Food Industry Co ដែលជារោងចក្រផលិតនំស្រួយ លីលី បានស្វាគមន៍ចំពោះការបើកដំណើរការរោងចក្រផលិត «មីជាតិ» ដោយលោកស្រីចាត់ទុកថាជាការវិនិយោគមួយដែលនឹងផ្តល់ភាពវិជ្ជមានច្រើន សម្រាប់កំណើនសេដ្ឋកិច្ចជាតិកម្ពុជា។
លោកស្រីបានមានប្រសាសន៍ថា៖ «ការវិនិយោគនេះអាចនិយាយថា ល្អប្រសើរ ព្រោះវានឹងមិនត្រឹមតែជួយកាត់បន្ថយការនាំចូលប៉ុណ្ណោះទេ តែវាអាចបង្កើនចំណូលជាតិ និងឱកាសការងារសម្រាប់ប្រជាជនក្នុងស្រុកផងដែរ»។
ជាមួយនឹងបទពិសោធជាក្រុមហ៊ុនដែលនាំចេញផលិតផលទៅលក់នៅទីផ្សារបរទេស លោកស្រី កែវ មុំ បានប្រាប់ថា ការគិតគូរពីគុណភាព និងអនាម័យជាការចាំបាច់សម្រាប់ផលិតផលនីមួយៗ៕ LA