ភ្នំពេញៈ រោងចក្រលាងសម្អាត និងកម្ចាត់មេរោគលើផ្លែឈើស្រស់ តម្លៃ ១០ លានដុល្លារនៅខេត្តកំពង់ស្ពឺ នឹងចាប់ផ្ដើមដំណើរការនៅខែធ្នូ ខាងមុខនេះដែលនឹងផ្ដល់អត្ថប្រយោជន៍ធំដល់កសិករ ពិសេសកសិករដាំស្វាយ។ នេះបើតាមអ្នកនាំពាក្យក្រសួងកសិកម្ម។
រោងចក្រ ដែលវិនិយោគដោយ Hyundai Corporation Group របស់កូរ៉េខាងត្បូង ស្ថិតលើផ្ទៃដីទំហំ ៣ ហិកតា នៅស្រុក ភ្នំស្រួច ខេត្ត កំពង់ស្ពឺ។
រោងចក្រនេះត្រូវបានកំណត់លើកមុនថា នឹងបើកដំណើរការនៅត្រឹមខែកញ្ញា ប៉ុន្តែវាត្រូវបានពន្យារពេលដោយសារការធ្លាក់ភ្លៀងច្រើនពេក។ នេះបើតាមលោក Chang Hoon Lee នាយកគ្រប់គ្រងនៅក្រុមហ៊ុន Hyundai។
លោកថ្លែងថា៖ «ដោយសារភ្លៀងធ្លាក់ខ្លាំង វាត្រូវបានពន្យារពេល [ហើយ] វានឹងត្រូវបានបញ្ចប់ត្រឹមខែធ្នូ ហើយយើងកំពុងរង់ចាំម៉ាស៊ីន VHT Machines»។ លោកបន្ថែមថានៅខែនេះក្រុមហ៊ុននឹងចុះបញ្ជីសម្រាប់ការនាំចេញលើកដំបូងរបស់ខ្លួន ដោយសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម (GDA) របស់ក្រសួងកសិកម្ម។
លោកថ្លែងថា៖ «ក្រុមអ្នកបច្ចេកទេសជប៉ុននឹងមកកម្ពុជាដើម្បីដំឡើងម៉ាស៊ីន VHT machines នៅសប្ដាហ៍ក្រោយ ហើយយើងនឹងទទួលការបណ្ដុះបណ្ដាលពីពួកគេរយៈពេល ១ ខែ»។
លោកឲ្យដឹងថា ពេលនោះក្រុមហ៊ុននឹងអញ្ជើញទីភ្នាក់ងារខាងគុណភាពផ្លែឈើ និងសាច់សត្វរបស់កូរ៉េមកវាយតម្លៃដើម្បីបញ្ជាក់ពីគុណភាពនាំចេញទៅប្រទេស កូរ៉េ។ លោកថ្លែងថា៖ «បន្ទាប់មកក្រុមហ៊ុននឹងរៀបចំនីតិវិធីសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើម (CO) ពីប្រទេស កម្ពុជា និងការបញ្ជាក់ស្ដង់ដារអនាម័យ និងភូតគាមអនាម័យដើម្បីនាំចេញតែម្តង»។
ក្រុមហ៊ុន Hyundai Corporation បានចុះកិច្ចព្រមព្រៀង ជាមួយ Mao Legacy Co., Ltd ជាក្រុមហ៊ុនផលិតផ្លែស្វាយក្នុងស្រុក កាលពីខែ វិច្ឆិកា ឆ្នាំ ២០១៦ ហើយក្រុមហ៊ុនទាំង ២ នេះមានចម្ការស្វាយរួមគ្នាប្រហែល ២,៤០០ ហិកតា នៅខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុនសង្ឃឹមថា នឹងអាចកែច្នៃផ្លែឈើ ៥០,០០០ តោនប្រចាំឆ្នាំរួមមានផ្លែដូង និងផ្លែមង្ឃុតផងដែរ។
ក្រុមហ៊ុន Hyundai មានសាខា ៤៤ នៅទូទាំងពិភពលោក និងបណ្ដាញដ៏រឹងមាំសម្រាប់ការនាំចេញអាហារមានគុណភាពខ្ពស់របស់កម្ពុជា។
លោក Chang Hoon Lee ថ្លែងថា៖ «យើងទទួលបានការបញ្ជាទិញផ្លែស្វាយជាង ៦,០០០ តោនរួចហើយ ប៉ុន្តែយើងមិនប្រញាប់នោះទេ រហូតដល់យើងជឿជាក់ពិតប្រាកដ ដោយសារយើងត្រូវតែប្រកួតប្រជែងជាមួយផ្លែស្វាយថៃ និងហ្វីលីពីន»។
ទិន្នន័យរបស់ក្រសួងកសិកម្មបង្ហាញថា ប្រទេស កម្ពុជា បាននាំចេញផ្លែស្វាយ ៧៧,៤២១ តោនកាលពីឆ្នាំ ២០១៧ កើនឡើងជិត ៣ ដងធៀបនឹង ២២,១១៤ តោនពីឆ្នាំ ២០១៦។ របាយការណ៍បង្ហាញថា ការដាំដុះស្វាយមានចំនួន ១៥១-៦០២ ហិកតាកាលពីឆ្នាំមុន។
លោក ស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្មបានឲ្យដឹងថា ជាមួយនឹងវត្តមានរោងចក្រនេះ វានឹងជួយធានាទីផ្សារកសិករ និងបន្ថែមតម្លៃសម្រាប់វិស័យនេះ។
លោកថ្លែងថា៖ «យើងមិនអាចនាំចេញផ្លែឈើស្រស់របស់យើងបានទេ ដោយសារវាមានឧបសគ្គ យើងចាំបាច់ត្រូវការនាំចេញទៅបណ្ដាប្រទេសផ្សេងទៀត ដូចជា ចិន កូរ៉េ និងជប៉ុន»។
លោកបន្តថា៖ «នៅពេលរោងចក្រនេះចាប់ផ្ដើមដំណើរការ មានទិសដៅទីផ្សារមានសក្ដានុពលជាច្រើន សម្រាប់ផ្លែឈើរបស់យើង កសិករនឹងលែងបារម្ភអំពីទីផ្សារ និងតម្លៃទៀតហើយ»។
លោក អិុន ឆៃវ៉ាន ប្រធានសមាគមស្វាយកំពង់ស្ពឺ សង្ឃឹមថា ផ្លែស្វាយកម្ពុជានឹងមើលឃើញពីការនាំចេញជាផ្លូវការជាជាងការរត់ពន្ធទៅវៀតណាម ឬថៃ។
លោកបញ្ជាក់ថា៖ «វានឹងនាំយកកេរ្ដិ៍ឈ្មោះផ្លែស្វាយកម្ពុជា ទៅទីផ្សារអន្តរជាតិ តម្លៃផ្លែស្វាយនឹងមិនប្រែប្រួលច្រើនទៀតនោះទេ កសិករនឹងអាចបន្ថែមតម្លៃលើផ្លែស្វាយរបស់ពួកគេ ពេលរោងចក្រដំណើរការ»៕LA