ភ្នំពេញ៖ ក្រុមហ៊ុនមកពីប្រទេសចិន Conch KT Cement ដែលកំពុងវិនិយោគរោងចក្រផលិតស៊ីម៉ងត៍ ក្នុងខេត្តបាត់ដំបង នៅពេលនេះកំពុងឈានឆ្ពោះទៅវិនិយោគលើរោងចក្រផលិតស៊ីម៉ងត៍ ១ កន្លែងនៅក្នុងខេត្តកំពង់ស្ពឺ ក្រោមទុនវិនិយោគប្រមាណ ២៦៣ លានដុល្លារ ដែលរោងចក្រនេះមានសមត្ថភាពផលិតស៊ីម៉ងត៍បានជិត ២ លានតោនក្នុង ១ ឆ្នាំ។ នេះបើតាមលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។
រោងចក្រផលិតស៊ីម៉ងត៍បាត់ដំបង ខនស៍ ស៊ីមេន បានបើកដំណើរការកាលពីថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៨ គឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនមកពីប្រទេសចិន Conch International Holding (HK) Limited ជាមួយនឹងក្រុមហ៊ុន Battambang KT Cement Co.,Ltd ក្រោមទុនវិនិយោគប្រមាណ ២៣០ លានដុល្លារ។ រោងចក្រនេះមានសមត្ថភាពផលិតស៊ីម៉ងត៍បានជិត ២ លានតោន ក្នុង ១ ឆ្នាំ។
ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ១៨ ខែមីនា លោក វ៉ី សំណាង ឱ្យដឹងថា បច្ចុប្បន្នការសិក្សាលម្អិតរបស់ក្រុមហ៊ុនលើគម្រោងកសាងរោងចក្រផលិតស៊ីម៉ងត៍ក្នុងខេត្តកំពង់ស្ពឺ ជិតបញ្ចប់ ១០០ ភាគរយហើយ ខណៈនៅពេលនេះក្រុមហ៊ុនក៏បាននិងកំពុងរៀបចំឯកសារសុំច្បាប់ពីផ្នែកពាក់ព័ន្ធ និងការសម្រេចពីរាជរដ្ឋាភិបាល ដើម្បីឈានទៅសង់រោងចក្រផលិតស៊ីម៉ងត៍ទី១ ក្នុងខេត្តកំពង់ស្ពឺ។
លោកបន្តថា គម្រោងនេះមានទីតាំងស្ថិតក្នុងឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលជាតំបន់មានសក្តានុពលខ្លាំងសម្រាប់ការផលិតស៊ីម៉ងត៍។
លោកថ្លែងថា៖ «ខ្ញុំរំពឹងថា រោងចក្រនេះនឹងចាប់ដំណើរការក្នុងពេលឆាប់ៗ ដែលនឹងធ្វើឱ្យខេត្តកំពង់ស្ពឺក្លាយទៅជាទីតាំងផលិតស៊ីម៉ងត៍ថ្មីមួយទៀតនៅកម្ពុជា»។ លោកបន្តថា៖ «រោងចក្រនេះនឹងផ្តល់នូវភាពវិជ្ជមានច្រើនសម្រាប់កំណើនសេដ្ឋកិច្ចខេត្តកំពង់ស្ពឺ ជាពិសេសវានឹងជួយកាត់បន្ថយការនាំចូលស៊ីម៉ងត៍ពីក្រៅប្រទេស»។
លោកបន្ថែមទៀតថា ភាពអំណោយផលទីតាំងភូមិសាស្ត្រ និងស្ថិរភាពនយោបាយបានធ្វើឱ្យខេត្តកំពង់ស្ពឺ ទទួលបានកំណើនការចូលមកបណ្តាក់ទុនជាបន្តបន្ទាប់ ទោះក្នុងអំឡុងពេលនៃការផ្ទុះរាលដាលជំងឺផ្លូវដង្ហើមសកលកូវីដ ១៩។
បើតាមលោក សំណាង នៅពេលរោងចក្រនេះដំណើរការ វានឹងអាចបង្កើតការងារបានពី ៤០០-៥០០ កន្លែង។ រោងចក្រនេះនឹងក្លាយជាចំណែកមួយក្នុងការបំពេញតម្រូវការស៊ីម៉ងត៍នៅកម្ពុជា ដែលត្រូវរំពឹងថា នឹងមានសម្ទុះខ្លាំងឡើងវិញបន្ទាប់ពីកូវីដ ១៩ ត្រូវបានបញ្ចប់។
លោក ជីវ ស៊ីវផេង ប្រធានអ្នកគ្រប់គ្រងទូទៅនៃសមាគមអ្នកសាងសង់កម្ពុជា បានប្រាប់ថា ទោះបីការផ្ទុះរីករាលដាលជំងឺកូវីដ ១៩ បានធ្វើឱ្យវិស័យសំណង់នៅកម្ពុជានារយៈពេលជាង ១ ឆ្នាំមកនេះធ្លាក់ចុះ ប៉ុន្តែវិស័យសំណង់ពិតជាស្វាគមន៍ចំពោះព័ត៌មាននេះ ព្រោះការបង្កើតរោងចក្រផលិតស៊ីម៉ងត៍វាមិនត្រឹមតែអាចធ្វើឱ្យតម្លៃស៊ីម៉ងត៍ទាបជាងមុនប៉ុណ្ណោះទេ ប៉ុន្តែវានឹងផ្តល់នូវផលវិជ្ជមានជាច្រើនទៀតរាប់តាំងពីការបង្កើតការងារថ្មីៗ និងការប្រមូលចំណូលពន្ធរបស់រដ្ឋផងដែរ។ លោកបន្តថា បើគម្រោងនេះលេចចេញជារូបរាង វានឹងធ្វើឱ្យកម្ពុជាកាន់តែមានឧត្តមភាពសម្រាប់ផលិតផលក្នុងស្រុក និងជាការចូលរួមចំណែកកាត់បន្ថយការនាំចូលស៊ីម៉ងត៍ពីបរទេស។
លោកបន្ថែមថា៖ «ក្នុងនាមជាអ្នកសាងសង់យើងពិតជាចង់ឱ្យមានផលិតផលស៊ីម៉ងត៍កាន់តែច្រើន ពិសេសផលិតផលក្នុងស្រុក ព្រោះអាចមានតម្លៃសមរម្យជាងផលិតផលនាំចូល និងមានគុណភាពល្អជាងផលិតផលនាំចូល»។
លោក ពុត ចន្តារិទ្ធ អគ្គលេខាធិការនៃសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជាកាលពីខែកុម្ភៈបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា នៅកម្ពុជាមានរោងចក្រផលិតស៊ីម៉ងត៍ចំនួន ៥ ដោយរោងចក្រទាំងនេះមានសមត្ថភាពផលិតស៊ីម៉ងត៍បានសរុប ៧,៩ លានតោន កាលពីឆ្នាំ ២០២០ កើនឡើង ៧ ភាគរយ បើធៀបនឹងឆ្នាំ ២០១៩។ ប្រសិនបើរោងចក្រទាំង ៥ ដំណើរការពេញលេញវាអាចមានសមត្ថភាពផលិតបានសរុបរហូតដល់ ១០ លានតោន ក្នុង ១ ឆ្នាំ។
លោកបានបន្ថែមថា កំណើនផលិតផលស៊ីម៉ងត៍ក្នុងស្រុកកំពុងដើរតួនាទីកាន់តែសំខាន់ ដើម្បីជំនួសការនាំចូល ខណៈបច្ចុប្បន្នកម្ពុជាបាននាំចូលស៊ីម៉ងត៍ពីប្រទេសមួយចំនួនដូចជា ប្រទេសថៃ វៀតណាម និងប្រទេសចិន ជាដើម។
លោកនិយាយថា៖ «ខ្ញុំរំពឹងថា ការផលិតស៊ីម៉ងត៍របស់រោងចក្រនៅកម្ពុជាក្នុងឆ្នាំនេះ នឹងកើនឡើងបន្ថែមទៀត ដើម្បីជាចំណែកលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ»។
បច្ចុប្បន្ននៅកម្ពុជាមានរោងចក្រផលិតស៊ីម៉ងត៍ ៥ កំពុងដំណើរការរួមមានក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន, ក្រុមហ៊ុនកំពតស៊ីមេន, ក្រុមហ៊ុនស៊ីម៉ងត៍ចក្រីទីង, ក្រុមហ៊ុនបាត់ដំបង ខនស៍ ស៊ីមេន និងក្រុមហ៊ុនស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត។ ទុនវិនិយោគសរុបរបស់រោងចក្រទាំង ៥ នេះប្រមាណ ៨០០ លានដុល្លារ៕ LA