ភ្នំពេញ: ក្រុមហ៊ុន​ផលិត​ស្រាបៀរ និង​ភេសជ្ជៈ​ថ្មី​មួយទៀត​របស់​ក្រុមហ៊ុន អ៊ិនធើ ម៉ាទ្រីត បេវើរីច (​ខេមបូឌា) ​ឯ.ក [Inter-Mattrid Beverage (Cambodia) Co., Ltd] ដែលមាន​ទុនវិនិយោគ ៧៨ ​លាន​ដុល្លារ​ ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ផ្លូវការ​កាលពី​ថ្ងៃទី ៤ ខែធ្នូ​។

សេចក្តី​ប្រកាស​ព័ត៌មាន CDC បានឱ្យ​ដឹងថា គម្រោង​បង្កើត​រោងចក្រ​នេះ​មាន​ទីតាំងនៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ដោយ​បង្កើត​ឱកាស​ការងារ​ដល់​ប្រជាជន​បាន ៥៥០ ​កន្លែង​។

បុគ្គលិក​ផ្នែក​លក់​ក្រុមហ៊ុន អ៊ិនធើ ម៉ាទ្រីត បេវើរីច ​(​ខេមបូឌា) ​ឯ.ក សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ​ដឹងថា ក្រុមហ៊ុន​លោក​កំពុង​ដំណើរការ​សាងសង់​រោងចក្រ ប៉ុន្តែ​លោក​ពុំ​ដឹងថា​នឹង​សាងសង់​រួចរាល់​នៅពេល​ណា​ទេ​។ លោក​បន្តថា សព្វថ្ងៃ​បុគ្គលិក​ទាំងអស់​កំពុង​ទទួល​ការបណ្តុះបណ្តាល​ពី​ក្រុមហ៊ុន​ដើម្បី​ត្រៀម​ចូល​បម្រើ​ការងារ​។

លោក​និយាយថា​៖ «​ស្រាបៀរ​គេ​ពេញនិយម​ខ្លាំង​នៅ​ស្រុក​យើង គេ​ចូលចិត្ត​ផឹក​មិន​ថា​កម្មវិធី​អ្វី​ក៏ដោយ​ត្រូវតែ​មាន​ស្រាបៀរ ពិសេស​កម្មវិធី​ជប់លៀង​ធំៗ​»​។

កាលពី​ខែមេសា និង​ខែកក្កដា ឆ្នាំនេះ CDC បាន​អនុម័ត​គម្រោង​បង្កើត​រោងចក្រ​ស្រាបៀរ និង​ភេសជ្ជៈ​ថ្មី​ចំនួន​ ២ ​គឺ ក្រុមហ៊ុន ហនុមាន ប៊ែវរីជីស ឯ.ក (Hanuman Beverages Co., Ltd) ​មានតម្លៃ​វិនិយោគ ១៦០,៦ លាន​ដុល្លារ ស្ថិតនៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល និង​រោងចក្រ​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី ឯ.ក (Vattanac Brewery Co., Ltd) ដែលមាន​តម្លៃ​វិនិយោគ ៨៧ ​លាន​ដុល្លារ​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។

លោក ហេង នឿន បុគ្គលិក​ផ្នែក​គណនេយ្យ​នៃ​ក្រុមហ៊ុន​ភ្នំពេញ​បៀរ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការបង្កើត​ក្រុមហ៊ុន​ថ្មី​បន្ថែមទៀត​នឹង​ផ្តល់​ជម្រើស​កាន់តែ​ច្រើន​ដល់​អ្នកប្រើប្រាស់​នៅក្នុង​ទីផ្សារ​កំពុងតែ​រួម​តូច​មួយ​នេះ​។

លោក​ថ្លែងថា​៖ «​វិស័យនេះ​វា​នៅតែ​អាចមាន​ចំណែក​ទីផ្សារ​ខ្លះ​សម្រាប់​អ្នក​ចូល​ថ្មី ព្រោះ​តាម​និន្នាការ​គេ​ហូប​ស្រាបៀរ​អាស្រ័យ​លើ​ការផ្តល់​រង្វាន់ ការធ្វើ​ពាណិជ្ជកម្ម​ផ្សព្វផ្សាយ​ខ្លាំង ហើយ​សម្រាប់​រសជាតិ​គេ​មិន​ផ្តោត​ប៉ុន្មាន​ទេ ដូច្នេះ​ក្រុមហ៊ុន​បង្កើត​ថ្មីៗ​នៅតែ​អាច​ទាញ​យក​ចំណែក​ទីផ្សារ​ខ្លះ​នៅក្នុង​ស្រុក​»​។

លោក នឿន បានឱ្យ​ដឹងថា សព្វថ្ងៃ​ស្រាបៀរ​ម៉ាក​ភ្នំពេញ និង​ស្ពេស្យ៉ាល់ មាន​លក់​នៅលើ​ទីផ្សារ​តិចតួច​ប៉ុណ្ណោះ ដោយ​ក្រុមហ៊ុន​ផ្តោតលើ​ការនាំ​ចេញទៅ​ប្រទេស​ថៃ និង​មីយ៉ាន់ម៉ា​។

លោក​ប្រាប់ថា​៖ «​ការនាំចេញ​របស់​យើង​ប៉ះពាល់​ខ្លាំង​។ ការនាំចេញ​ធ្លាក់ចុះ​ដោយសារ​ការបិទ​ច្រកព្រំដែន​ក្នុង​អំឡុងពេល​ជំងឺ​កូវីដ​ ១៩»​។

អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​លោក ហេង សុខគង់ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ខែកក្កដា​ថា ការបង្កើត​រោងចក្រ​ថ្មីៗ​នេះ រដ្ឋ​នឹង​ទទួល​បាន​ចំណូល​ពន្ធ​រាប់សិប​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំៗ​ពី​ឧស្សាហកម្ម​ស្រាបៀរ​។

លោក​ថ្លែងថា​៖ «​រោងចក្រ​ថ្មី​នេះ​នឹង​ចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការជួយ​ពង្រឹងសមត្ថភាព​ផលិតកម្ម​ក្នុងស្រុក​ក៏ដូចជា ជួយ​បង្កើត​ការងារ​ថ្មីៗ ការប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក និង​ប្រាក់ចំណូល​ពន្ធ​យ៉ាងច្រើន​សម្រាប់​សេដ្ឋកិច្ចជាតិ​»​។

របាយការណ៍​ពី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាលពី​ខែមេសា បង្ហាញ​ថា​ នៅ​កម្ពុជា​មាន​ក្រុមហ៊ុន​ផលិតស្រាបៀរ និង​ភេសជ្ជៈ​ចុះបញ្ជី​នៅ​ក្រសួង​ចំនួន​ ១០៕LA