ភ្នំពេញ: រោងចក្រអគ្គិសនីដំណើរការដោយប្រេងខ្មៅដែលមានសមត្ថភាពផលិតថាមពលអគ្គិសនីចំនួន ៤០០ មេហ្គាវ៉ាត់ ក្នុងស្រុកល្វាឯមនឹងត្រូវពន្យារការដំណើរការសាកល្បងត្រឹមកម្លាំង ១០០ មេហ្គាវ៉ាត់ នៅខែមេសានេះរហូតដល់ខែមិថុនា ដោយសារភាពយឺតយ៉ាវនៃការដឹកជញ្ជូនសម្ភារផលិតបណ្តាលមកពីការរីករាលដាលជំងឺកូវីដ ១៩ ប៉ុន្តែភាពយឺតយ៉ាវនេះមិនបង្កការរំខានដល់ការផ្គត់ផ្គង់អគ្គិសនីនោះទេ។ នេះបើតាមអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល។
លោក វិចទ័រ ហ្សូនា អ្នកនាំពាក្យ និងជាអគ្គនាយកនៃនាយកដ្ឋានថាមពលនៃក្រសួងរ៉ែ និងថាមពលបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃព្រហស្បតិ៍ថា ការពន្យារពេលនេះដោយសារដំណើរការសាងសង់រោងចក្រមានសភាពយឺតមិនឆ្លើយតបទៅតាមផែនការកំណត់ ខណៈសម្ភារគ្រឿងចក្រនាំចូលបម្រើដល់ដំណើរការសាងសង់មិនមកតាមការកំណត់ដោយសារការបិទជើងហោះហើរដែលជាវិធានការទប់ស្កាត់ការឆ្លងវីរុស។
លោកបន្ថែមថា រោងចក្រអគ្គិសនីដំណើរការដោយប្រេងខ្មៅតម្លៃ ៣៨០ លានដុល្លារនេះ គឺជារោងចក្រមួយសម្រាប់ត្រៀមបញ្ចេញថាមពលអគ្គិសនីមកប្រើប្រាស់នៅពេលមានតម្រូវការឡើងខ្ពស់ប៉ុណ្ណោះ។
លោកថ្លែងថា៖ «សម្រាប់ដំណាក់កាលដំបូងយើងគ្រោងដាក់ឲ្យដំណើរការដែលមានអានុភាព ១០០ មេហ្គាវ៉ាត់ នៅក្នុងខែមេសានេះនឹងត្រូវពន្យារពេលរហូតដល់ខែមិថុនាវិញ ព្រោះការសាងសង់នឹងចប់សព្វគ្រប់នៅពេលនោះ»។
លោកថ្លែងថា៖ «តម្រូវការប្រើប្រាស់អគ្គិសនីក្នុងឆ្នាំនេះមិនសូវកើនខ្លាំងប៉ុន្មាននោះទេ។ ការណ៍នេះទំនងជាមកពីតម្រូវថាមពលក្នុងចង្វាក់ផលិតកម្មតាមបណ្តារោងចក្រជាច្រើនរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩»៕ LA