ភ្នំពេញ: រោងចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ប្រេង​ខ្មៅ​ដែល​មាន​សមត្ថភាព​ផលិត​ថាមពល​អគ្គិសនី​​ ៤០០ ​មេហ្គាវ៉ាត់ ​ដែលមាន​តម្លៃ​សាងសង់​ ៣៨០ ​លាន​ដុល្លារ ​នៅ​ស្រុក​ល្វាឯម ខេត្ត​កណ្តាល​នឹងត្រូវ​ដាក់​ឲ្យ​ដំណើរការ​ពេញលេញ​នៅ​ខែវិច្ឆិកា​ខាងមុខនេះ​។ នេះ​បើតាម​អ្នក​នាំពាក្យ​ក្រសួង​រ៉ែ​ និង​ថាមពល​។

លោក វ៉ិចទ័រ ហ្សូនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល​នៃ​ក្រសួង​រ៉ែ​ និង​ថាមពល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គិត​មកដល់​ពេល​នេះ​ការសាងសង់​រោងចក្រ​អគ្គិសនី​នេះ​សម្រេច​បាន​ប្រមាណ​ ៩០ ​ភាគរយ ហើយ​គ្រោង​ដាក់​ឲ្យ​ដំណើរការ​នៅ​ចុងឆ្នាំ​នេះ​។

លោក​ថ្លែងថា​៖ «​យើង​កំពុង​ដំណើរការ​សាងសង់​ស្ថានីយ និង​ធ្វើតេស្ត​មុន​នឹង​តភ្ជាប់​មក​បណ្តាញ​ជាតិ ខណៈ​អនុស្ថានីយ​យើង​បាន​ធ្វើ​រួចរាល់​ ១០០ ភាគរយ​ហើយ​»​។

លោក​បន្ថែមថា រោងចក្រ​អគ្គិសនី​នេះ​នឹង​ដំណើរការ​ពេញលេញ​ពេល​មាន​តម្រូវការ​អគ្គិសនី​ខ្ពស់​ប៉ុណ្ណោះ​។

លោក​និយាយថា​៖ «​សព្វថ្ងៃ​យើង​អត់​ខ្វះ​ភ្លើង​ផ្គត់ផ្គង់​ទេ ហើយ​តម្រូវការ​ថាមពល​យើង​កំពុង​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​ដោយសារ​ជំងឺ​កូវីដ​ ១៩»​។

លោក តេង សុខុមាល នាយក​ប្រតិបត្ដិ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ (EAC) បាន​ថ្លែង​ក្នុង​សិក្ខាសាលា​មួយ​កាលពី​ខែមិថុនា​ ថា កំណើន​តម្រូវការ​ថាមពល​អគ្គិសនី​នៅក្នុង​ឆ្នាំនេះ​រង​ផលប៉ះពាល់​ដោយសារ​ការថយចុះ​ចង្វាក់​ផលិតកម្ម​នៅក្នុង​វិស័យ​វាយនភណ្ឌ​កាត់ដេរ និង​ទេសចរណ៍ បន្ទាប់ពី​ការព្យួរ​ការងារ​បណ្តាល​មកពី​វិបត្តិ​ជំងឺ​កូវីដ​១៩​។

បើតាម​លោក ហ្សូនា កម្ពុជា​មាន​តម្រូវការ​ថាមពល​អគ្គិសនី​ជា​មធ្យម​ជាង​ ២ ០០០ ​មេហ្គាវ៉ាត់ ​ក្នុង​ ១ ​ឆ្នាំ ប៉ុន្តែ​តម្រូវការ​នឹង​ធ្លាក់​មក​ត្រឹម ​១ ៨០០ ​មេហ្គាវ៉ាត់​នៅ​ឆ្នាំ​នេះ​៕ LA