ភ្នំពេញ: កម្ពុជា​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ផលិត​មី​ក្នុង​ស្រុក​បង្កើន​ការផលិត​ឲ្យ​បាន​ជិត ៧០ ​ម៉ឺន​កេស​ ដើម្បី​រក្សា​និរន្តរភាព​ស្បៀង​ឲ្យ​បាន​គ្រប់គ្រាន់​ក្នុង​អំឡុង​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ដែល​នេះ​ជា​យន្តការ​មួយ​របស់​រដ្ឋាភិបាល​ក្នុង​ការរក្សា​ស្ថិរភាព​ថ្លៃ​លើ​ទីផ្សារ​។

ការជំរុញ​នេះ​ធ្វើឡើង​បន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ៥ ខែមេសា​បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ផលិត​មី និង​ក្រុមហ៊ុន​ផលិត​ទឹក​បរិសុទ្ធ​បង្កើន​ការផលិត​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ក្នុង​អំឡុងពេល​នៃ​ការរាតត្បាត​ជំងឺ​កូវីដ​១៩ នេះ​។

លោក​ថ្លែងថា​៖ «[​ខ្ញុំ​] ​ចាត់ចែង​រោងចក្រ​ផលិត​មី​ក្នុងប្រទេស ដើម្បី​ផលិត​មី​ជូន​រាជរដ្ឋាភិបាល​សម្រាប់​ផ្គត់ផ្គង់​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​អត់​ស្បៀង ហើយ​ [​ខ្ញុំ​] ​ក៏​បាន​ត្រៀម​រៀបចំ​ឲ្យ​រោងចក្រ​ផលិត​ទឹកបរិសុទ្ធ​ក្នុង​ប្រទេស​ត្រៀម​ផលិត​ទឹកស្អាត​ដើម្បី​បម្រុង​ទុក​សម្រាប់​ជួយ​ផ្គត់ផ្គង់​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​»​។

បើ​យោងតាម​ទិន្នន័យ​ដែល​ភ្នំពេញប៉ុស្តិ៍​ទទួល​បាន​ពី​រដ្ឋាភិបាល ក្រុមហ៊ុន​ផលិត​មី​ទាំង​ ៣ ​រោងចក្រ​នៅ​កម្ពុជា​បាននិង​កំពុង​ធ្វើការ​បង្កើន​ការផលិត​របស់ខ្លួន​ឲ្យ​បាន ៦៧ ​ម៉ឺន​កេស ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​នា​អំឡុងពេល​នេះ​។ ក្នុងចំណោម​នោះ ក្រុមហ៊ុន​ផលិត​មី​ត្រូវ​ត្រៀម​បម្រុង​សម្រាប់​ជា​ស្តុក​បង្វិល​ចំនួន ១៥ ម៉ឺន​កេស និង​ត្រូវមាន​អាយុកាល​ប្រើប្រាស់​មិន​ឲ្យ​លើសពី ៦ ​ខែ​។

លោក ឡាវ វ៉ាន់ នាយក​គ្រប់គ្រង​ក្រុមហ៊ុន One More Manufacturing Co., Ltd ដែល​ជា​ក្រុមហ៊ុន​ផលិត​មី​ជាតិ​ (Mee Chiet) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា រោងចក្រ​របស់​លោក​កំពុង​បង្កើន​ការផលិត​មី​ទ្វេដង ដើម្បី​ចូលរួមចំណែក​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការរក្សា​និរន្តរភាព​ស្បៀង និង​រក្សា​តម្លៃ​មិន​ឲ្យ​ឡើងថ្លៃ​លើ​ទីផ្សារ​។

លោក​ថ្លែងថា​៖ «​ស្របពេល​ប្រទេស​ កម្ពុជា កំពុង​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ​១៩ ក្រុមហ៊ុន មីជាតិ បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការចូលរួម​ចំណែក​គាំទ្រ​យុទ្ធសាស្ត្រ និង​វិធានការ​របស់​រាជរដ្ឋាភិបាល​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូវីដ​១៩ ពិសេស​ការបង្កើន​ការផលិត​ដើម្បី​ធានា​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​ក្នុង​កាលៈទេសៈ​ដ៏លំបាក​នេះ​»​។

លោក​អះអាងថា​៖ «​ស្របតាម​ការអំពាវនាវ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការត្រៀម​ស្បៀង​បម្រុង ក្រុមហ៊ុន​សូម​​គាំទ្រ​ចំពោះ​ការអំពាវនាវ​នេះ​»​។

លោក​បន្តថា ទន្ទឹមនេះ​ក្រុមហ៊ុន​ក៏បាន​ធ្វើការ​កុម្ម៉ង់​ទិញ​វត្ថុធាតុដើម​បន្ថែម​ដើម្បី​ធានា​ឲ្យ​បាន​គ្រប់គ្រាន់​ទៅនឹង​តម្រូវការ​របស់​ប្រជាជន​កម្ពុជា​។

លោក​ឲ្យ​ដឹងថា​៖ «​ក្រុមហ៊ុន​បាន​ធ្វើការ​សិក្សា​ពី​ហានិភ័យ​នៃ​ជំងឺ​កូវីដ​១៩ ហើយ​ក៏បាន​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​ដើម្បី​ត្រៀម​ឆ្លើយតប​នឹង​ស្ថានការណ៍​នេះ​។ ចំពោះ​សមត្ថភាព​នៃ​ការផលិត យើង​បាន​អនុវត្តតាម​ការណែនាំ​របស់​រដ្ឋាភិបាល និង​បន្ត​ការផលិត​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​។ ក្នុង​លក្ខខណ្ឌ មាន​ការផ្គត់ផ្គង់​វត្ថុធាតុដើម​គ្រប់គ្រាន់ យើង​នឹង​បន្ត​ការផលិត​នេះ​ដើម្បី​ចែកចាយ​ក្នុង​ទីផ្សារ​»​។

កាលពី​ថ្មីៗ​នេះ​រដ្ឋាភិបាល​បាន​សម្រេច​ឲ្យ​ផ្អាក​ការនាំចេញ​អង្ករស ស្រូវ និង​ត្រី​ដើម្បី​រក្សា​និរន្តរភាព​ស្បៀង​ក្នុង​អំឡុង​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​១៩​។

ជាមួយ​គ្នា​នេះ​ក្រុមហ៊ុន ហ្គ្រីនត្រេដ​នៃ​ក្រសួង​ពាណិជ្ជកម្ម និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ក៏បាន​បញ្ចេញ​ស្តុក​អង្ករ​រាប់ម៉ឺន​តោន​លក់រាយ​លើ​ទីផ្សារ​ក្នុងស្រុក​ដោយ​រក្សា​តម្លៃ​ថេរ ដើម្បី​ទប់​កុំ​ឲ្យ​ជន​ឆ្លៀតឱកាស​ដំឡើងថ្លៃ​អង្ករ​ក្នុងអំឡុង​ពេលនេះ​។

លោក ស្រី វុឌ្ឍី អ្នកនាំពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កាលពី​សប្តាហ៍​មុន​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា ការផ្គត់ផ្គង់​ផលិតផល​កសិកម្ម​រួមមាន​បន្លែ ត្រី និង​សាច់​នឹង​គ្រប់គ្រាន់​សម្រាប់​តម្រូវការ​ក្នុងស្រុក​ក្នុង​ពេល​រដ្ឋាភិបាល​ធ្វើការ​ទប់ស្កាត់​ការរីក​រាលដាល​កូវីដ​១៩​។

លោក​បន្តថា ក្រសួង​បាន​ត្រៀម​ស្តុក​សាច់ជ្រូក​ប្រមាណ ១៣០ ​តោន​ ក្នុង​ ១ ​ថ្ងៃ​ សម្រាប់​រយៈពេល ៣ ​ខែ​នៃ​ការរីករាលដាល​កូវីដ​ ១៩ ខណៈ​លទ្ធភាព​ក្នុង​ការផ្គត់ផ្គង់​សាច់សត្វ​ក្នុង​ស្រុក​សរុប​ប្រចាំ​ឆ្នាំមាន​ជាង ២៣៩ ​ពាន់​តោន ​នៃ​តម្រូវការ​សាច់​សរុប​ប្រចាំ​ឆ្នាំ​ចំនួន ២៩០ ​ពាន់​តោន​។ ចំណែក​លទ្ធភាព​ផ្គត់ផ្គង់​បន្លែ​ក្នុងស្រុក​ប្រចាំឆ្នាំ​ ២០២០ មាន​ប្រមាណ ៧១៦ ១១៣ ​តោន ស្មើនឹង ៦៨ ភាគរយ​ នៃ​តម្រូវការ​បន្លែ​សរុប​ជាង ១ ​លាន​តោន​៕ LA