ភ្នំពេញៈ ​ទីផ្សារ​សេវា 4G​ នៅ​​​កម្ពុជា​បាន​បន្ត​ឆ្ពោះ​ទៅ​មុខ ដោយ​ចំណុច​មួយ​​ចំនួន​កំពុង​វិវឌ្ឍ​លឿន​ជាង​ប្រទេស​​មួយ​ចំនួន​ក្នុង​តំបន់។ នេះ​បើ​យោង​តាម​របាយការណ៍​ស្តីពី ​«បទ​ពិសោធ​បណ្តាញ​ចល័ត​» របស់​ក្រុមហ៊ុន Opensignal។

របាយការណ៍​ខែ ​សីហា ឆ្នាំ ​២០១៩ បង្ហាញ​ថា ល្បឿន​ Download របស់​កម្ពុជា​នៅ​យឺត​​បើ​គិត​ពី​ចំណាត់​ថ្នាក់​​ល្បឿន​ download សកល ដោយ​ឈរ​​​នៅ​លេខ​រៀងទី ១០ ​រាប់​ពី​ក្រោម។

ទោះបី​ជា​យ៉ាង​នេះ​ក្តី កម្រិត​នៃ​ការ​ប្រើប្រាស់​សេវា 4G ​របស់​កម្ពុជា គឺ​ដូច​គ្នា​ទៅ​នឹង​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។​ នេះ​បើ​តាម​របាយការណ៍។

របាយការណ៍​បន្ត​ថា៖ «​នេះ​មិនមែន​មាន​ន័យ​ថា បណ្តាញ 4G របស់​អ្នក​លឿន​ប៉ុនណា​ទេ ប្រសិន​បើ​អ្នក​មិន​អាច​​​ស្វែងរក​សញ្ញា 4G បាន​នោះ កម្រិត​នៃ​ការ​ទទួល​បាន​សេវា 4G របស់​កម្ពុជា​ខ្ពស់​ជាង​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប បើ​ទោះ​បី​​ល្បឿន​តភ្ជាប់​អាច​រអាក់រអួល ប៉ុន្តែ​យ៉ាង​ហោច​ណាស់​លទ្ធភាព​ទទួល​បាន ​គឺ​មាន​ភាគ​ច្រើន»។

ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត Smart Axiata នៅ​តែ​ជា​ប្រតិបត្តិករ​ដែល​មាន​លទ្ធភាព​ផ្តល់​សេវា 4G ដល់​អ្នក​ប្រើប្រាស់​រហូត​ដល់​ជាង​ ៨០ ​ភាគរយ ខណៈ​គូ​ប្រជែង Cellcard និង​ Metfone កំពុង​មាន​ការ​វិវឌ្ឍ។

របាយការណ៍​បង្ហាញ​ថា៖ «ប្រតិបត្តិករ​ទាំង ​២ ​បាន​មើល​ឃើញ​ពី​ការ​កើន​​ឡើង ​៣ ​ភាគរយ ​នៃ​ការ​អាច​រក​បាន​​សេវា​ 4G របស់​ពួក​គេ ដែល​ធ្វើ​ឲ្យ​គម្លាត​កាន់​តែ​​ជិត​នឹង​ក្រុមហ៊ុន​ Smart»។

ពិន្ទុ​ល្បឿន download​ របស់​ប្រតិបត្តិករ​កម្ពុជា​ស្ថិត​នៅ​ក្នុង​កម្រិត​ទាប​ជាង ១០ Mbps។ របាយការណ៍​បន្ត​ថា​៖ «​ប៉ុន្តែ​នេះ​មិនមែន​មាន​ន័យ​ថា កម្ពុជា​ព្រងើយ​កន្តើយ​នឹង​សេវា 4G ឡើយ ដូច​នឹង​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​អាស៊ី​ដែរ កម្ពុជា​ហាក់​បាន​ផ្តោត​កិច្ច​ប្រឹងប្រែង​របស់​ខ្លួន​លើ​ការ​ពង្រីក​លទ្ធភាព​ទទួល​បាន​ 4G»។

យោង​តាម​របាយការណ៍ នៅ​ក្នុង​ការ​វិភាគ​ជា​សកល កម្ពុជា​សម្រេច​បាន​​លទ្ធភាព​ទទួល​បាន​ 4G ច្រើន​ជាង​​​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប។​

កូរ៉េ​ខាង​ត្បូង​ជា​ប្រទេស​តែ​មួយ​គត់​ដែល​ពិន្ទុ​នៃ​ល្បឿន Download មាន​រហូត​ដល់ ៥០ Mbps ខណៈ​ប្រទេស​ភាគ​ច្រើន​ស្ថិត​​ចន្លោះ ១០​ ទៅ ២០ Mbps។ នេះ​បើ​តាម​របាយការណ៍។

ក្រុមហ៊ុន Opensignal គឺ​ជា​ក្រុមហ៊ុន​វិភាគ​ទិន្នន័យ​ចល័ត ដែល​ធ្វើ​ការ​ដើម្បី​បង្កើន​ការ​តភ្ជាប់​បណ្តាញ​ចល័ត​ទូទាំង​ពិភព​លោក៕