ភ្នំពេញៈ ដោយ​បាន​ចូលប្រឡូក​ក្នុង​វិស័យ​ជំនួញ​តាំងពី​ឆ្នាំ​ ២០១៤ បច្ចុប្បន្ន​លោក លី វីរៈ ជា​ប្រធាន​សាលា​អន្តរជាតិ Learning Jungle ដែល​ផ្តល់​ការអប់រំ​ចាប់ពី​កម្រិត​មត្តេយ្យ​សិក្សា​រហូត​ដល់​ថ្នាក់​ទី​ ៦ និង​បាន​ពង្រីក​សាលា​ថ្មី​មួយទៀត​មាន​ឈ្មោះ​ថា Westview ផ្តល់​ការសិក្សា​រហូត​ដល់​ថ្នាក់​ទី​ ១២​។

ដោយ​មើលឃើញ​ពី​ឱកាស​ក្នុង​ការវិនិយោគ​លើ​វិស័យ​អប់រំ ស្របពេល រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​វិស័យ​ឯកជន​ចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​វិស័យនេះ លោក វីរៈ បាន​ចាប់យក​ឱកាស​នេះ​បន្ទាប់ពី​លោក​បានបញ្ចប់​ការសិក្សា​នៅក្រៅ​ប្រទេស​។

ខាងក្រោម​នេះ​ជា​បទសម្ភាស​រវាង​អ្នក​យកព័ត៌មាន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ជាមួយ លោក លី វីរៈ អំពី​មុខ​ជំនួញ​នេះ និង​ការអភិវឌ្ឍ​វិស័យ​អប់រំ​កម្ពុជា​នាពេល​បច្ចុប្បន្ន​។

តើ​អ្វី​ជា​ដំណើរការ​អាជីវកម្ម​របស់​លោក​កាលពី​ឆ្នាំ​មុន​?

ឆ្នាំ ២០១៩ ជា​ឆ្នាំ​ដែល​មាន​ការរីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​បំផុត​សម្រាប់​សាលា​អន្តរជាតិ Learning Jungle​។ យើង​បាន​ពង្រីក​ការអប់រំ​នៅ​អនុវិទ្យាល័យ​ក្រោម​សាលា​ថ្មី មាន​ឈ្មោះថា សាលា​អន្តរជាតិ Westview ខេមបូឌា ដែល​នេះ​គឺជា​ការចូលរួម​ចំណែក​មួយទៀត​នៅក្នុង​ការអភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា និង​ផ្តល់​ជម្រើស​កាន់តែ​ច្រើន​ដល់​ឪពុកម្តាយ​។

សាលា​អន្តរជាតិ Westview ផ្តោតលើ​ការអប់រំ​អន្តរជាតិ​ប្រកប​ដោយ​គុណភាព និង​ការបញ្ចូល​ភាសា និង​វប្បធម៌​ខ្មែរ​ទៅក្នុង​កម្មវិធីសិក្សា​តែមួយ​។ វិស័យ​អប់រំ​នៅតែ​បន្ត​ទទួល​បាន​ការលើកលែង​ពន្ធ​ពិសេស​ពី​រាជរដ្ឋាភិបាល​រហូតដល់​ឆ្នាំ ២០២៣​។

ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន និង​ការគាំទ្រ​របស់​រដ្ឋាភិបាល វិស័យ​នេះ​នឹង​បន្ត​រីកចម្រើន​យ៉ាងខ្លាំង​។ ជាមួយ​នឹង​ការកើនឡើង​នៃ​សាលា​អន្តរជាតិ​ចំនួន​និស្សិត​បញ្ចប់​ការសិក្សា​ពី​បរទេស​ក៏​នឹង​កើនឡើង​នាពេល​អនាគត​ដែរ​។ ម្យ៉ាងវិញ​ទៀត​សមាហរណកម្ម​តំបន់ និង​អន្តរជាតិ​ក៏​នឹង​បណ្តាល​ឲ្យ​មាន​អ្នកជំនាញ​អន្តរជាតិ​កាន់តែ​ច្រើនឡើងៗ​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​កម្ពុជា​។ ដូច្នេះ​យើង​អាច​មើលឃើញ​ថា នឹង​មាន​ធនធាន​មនុស្ស​ដែលមាន​គុណភាព​កាន់តែ​ច្រើនឡើងៗ ត្រឡប់​មកពី​បរទេស​ដើម្បី​បម្រើ​ជាតិ​មាតុភូមិ និង​អ្នកជំនាញ​អន្តរជាតិ​កាន់តែ​ច្រើនឡើងៗ​កំពុងធ្វើការ​នៅ​កម្ពុជា​។

តើ​សាលា​ថ្មី​របស់​លោក​ក៏បាន​ទិញ​សិទ្ធិផ្តាច់មុខ​ពី​ប្រទេស​ផ្សេងទៀត​​ដែរ ឬទេ​?

សាលា​អន្តរជាតិ Westview ខេមបូឌា មិនមែន​ជា​សាលា​ដែលមាន​សិទ្ធិផ្តាច់មុខ​នោះទេ​។ ទោះយ៉ាងណា​ខ្ញុំ​ និង​ក្រុមការងារ​បាន​ប្រមូល​បទពិសោធ​ក្នុង​ការបង្កើត​សាលា​អន្តរជាតិ Learning Jungle ដោយ​ជោគជ័យ​តាំងពី​ដំបូង​រហូតដល់​ពេលនេះ​អស់​រយៈពេល​ជាង ៥ ​ឆ្នាំ​ហើយ​។

យើង​ទាញយក​បណ្តាញ​រឹងមាំ​ដែល​បាន​បង្កើតឡើង​រួចហើយ​របស់​យើង​ក្នុងការ​ជ្រើសរើស​គ្រូ​អន្តរជាតិ​ដែល​មាន​ការប្តេជ្ញាចិត្ត និង​ទទួលស្គាល់​ពី​សហរដ្ឋអាមេរិក កាណាដា និង​បុគ្គលិក​ក្នុងស្រុក និង​អន្តរជាតិ​ដែល​មាន​បទពិសោធ​ខ្ពស់​ដើម្បី​ដឹកនាំ​សិស្ស​របស់​យើង​ឲ្យ​ទទួល​បាន​នូវ​ស្តង់ដា​សិក្សា​ល្អ​បំផុត និង​ទទួលបាន​ជោគជ័យ​នៅក្នុង​ជីវិត​របស់​ពួកគេ​។

ដើម្បី​អនុញ្ញាត​ឲ្យ​និស្សិត​របស់​យើង​អាច​ទទួល​បាន​ការចូល​រៀន​នៅ​មហា​វិទ្យាល័យ និង​សាកលវិទ្យាល័យ​កំពូលៗ​នៅ​ទូទាំង​ពិភពលោក បច្ចុប្បន្ននេះ​ Westview កំពុងស្ថិត​ក្នុង​ដំណើរការ​ក្លាយ​ជា​សាលារៀន​ដែល​មាន​ការទទួលស្គាល់​ជា​អន្តរជាតិ​ពី​អង្គការ​ចំនួន​ ២ គឺ​គណៈកម្មការ​វាយតម្លៃ​សម្រាប់​សាលារៀន និង​សមាគម​ខាងលិច​នៃ​សាលារៀន និង​មហាវិទ្យាល័យ​ដែល​ជា​ក្រុមប្រឹក្សា​សាលា​អន្តរជាតិ​។ ស្ថាប័ន​ទាំង​ ២ គឺជា​អង្គការ​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នៅលើ​ពិភពលោក​ដែល​ទទួលស្គាល់​ស្ថាប័ន​អប់រំ​នៅ​សហរដ្ឋអាមេរិក និង​នៅ​ទូទាំង​ពិភពលោក​។

បច្ចុប្បន្ន​រដ្ឋាភិបាល​តាមរយៈ​ក្រសួង​អប់រំ​កំពុង​ព្យាយាម​ផ្តោតលើ​ការអប់រំ​ផ្នែក​បច្ចេកវិទ្យា និង​ការច្នៃប្រឌិត តើ​សាលា​របស់​លោក​មាន​ផ្តល់​ជំនាញ​នេះដែរ ឬទេ?

ក្រៅ​អំពី​មាន​សម្ភារ កន្លែង​ទំនើប​និង​បច្ចេកវិទ្យា​ទំនើប​នៅក្នុង​ថ្នាក់រៀន​នីមួយៗ​ដើម្បី​អនុញ្ញាត​ឲ្យ​គ្រូ​របស់​យើង​ប្រើ​ឧបករណ៍​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា ក្នុងការ​បង្រៀន​របស់​ពួកគេ​មាន​ប្រសិទ្ធភាព យើង​កំពុង​ធ្វើការ​លើ​គម្រោង​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​បច្ចេកវិទ្យា​អប់រំ និង​ទិដ្ឋភាព​ច្នៃប្រឌិត​ថ្មី​នេះ​។ ដើម្បី​ឆ្លើយតប​នឹង​សំណួរ​របស់​លោក​ខ្ញុំ​ចង់សង្កត់​ធ្ងន់​លើ​ការអប់រំ STEM ដែល​នេះ​គឺជា​អ្វីដែល​យើង​កំពុង​ធ្វើ​។

ការអប់រំ STEM ក៏ត្រូវ​បាន​បញ្ចូល​ក្នុង​កម្មវិធីសិក្សា​របស់​យើង​ផងដែរ​។ កម្មវិធីសិក្សា​គណិតវិទ្យា​របស់​យើង​លើកទឹកចិត្ត​ដល់​វិធីសាស្ត្រ​រៀន​ផ្អែកលើ​សំណួរ​ដែល​មានន័យថា ក្រៅពី​ការរៀន​ទ្រឹស្តី​គណិតវិទ្យា សិស្ស​របស់​យើង​ក៏ត្រូវ​បាន​បង្រៀន​ឲ្យ​ដោះស្រាយ​បញ្ហា​គណិតវិទ្យា​សាស្ត្រ​ពិត​ដោយ​សួរ​សំណួរ​សំខាន់ៗ​។

នេះ​អនុញ្ញាត​ឲ្យ​សិស្ស​របស់​យើង​មើលឃើញ​ពី​ការអនុវត្ត​ទ្រឹស្តី​គណិតវិទ្យា​ដែល​ពួកគេ​រៀន​ក្នុង​ថ្នាក់ ហើយ​ក្នុង​ពេល​តែមួយ​ក្លាយ​ជា​អ្នក​គិត​ពិចារណា ដែល​អាច​ទំនាក់ទំនង​គំនិត​គណិតវិទ្យា​បាន​យ៉ាង​ស្ទាត់​។

នៅក្នុង​កម្មវិធីសិក្សា​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​របស់​យើង យើង​ផ្តោតលើ​ទិដ្ឋភាព​សំខាន់​ ៣ គឺ​គំនិត​មូលដ្ឋាន ការស៊ើបអង្កេត និង​និរន្តរភាព​។ ​សិស្សានុសិស្ស​ត្រូវបាន​ណែនាំ​អំពី​គោល​គំនិត​វិទ្យាសាស្ត្រ​ជា​មូលដ្ឋាន​ហើយ​តាមរយៈ​ការស៊ើបអង្កេត និង​ពិសោធន៍​វិទ្យាសាស្ត្រ​ផ្សេងៗ​និស្សិត​នឹងមាន​ការយល់ដឹង​កាន់តែ​ស៊ីជម្រៅ​អំពី​ប្រធានបទ​វិទ្យាសាស្ត្រ​ដែល​ត្រូវបាន​ពិភាក្សា​នៅក្នុង​ថ្នាក់​។

សិស្សានុសិស្ស​ក៏​រៀន​តាមរយៈ​ការពិភាក្សា​ជា​ក្រុម និង​ការស្រាវជ្រាវ​តាម​អ៊ីនធឺណិត​អំពី​ផលប៉ះពាល់​នៃ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ទាំង​វិជ្ជមាន និង​អវិជ្ជមាន​ទៅលើ​សង្គម និង​បរិស្ថាន​របស់​យើង​ផងដែរ​៕