ក្រុងតូក្យូៈ មិនមាន​ស្រាបៀរ​ជប៉ុន​សូម្បី​តែមួយ​ដប​ត្រូវបាន​នាំចេញ​ទៅ​ប្រទេស ​កូរ៉េខាងត្បូង​ កាលពី​ខែ​មុន ខណៈ​ពេល​ដែល​ការធ្វើ​យុទ្ធនាការ​ពហិកា​ប្រឆាំង​នឹង​ជប៉ុន​ជុំវិញ​ជម្លោះ​ជា​ប្រវត្ដិសាស្ដ្រ​បាន​បញ្ចប់​តម្រូវការ​ស្រាបៀរ​ជប៉ុន​។ នេះ​បើ​យោងតាម​តួលេខ​ផ្លូវការ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។

ការនាំចេញ​ស្រា​បៀរ​ជប៉ុន​ទៅ​ប្រទេស​កូរ៉េខាងត្បូង​មាន​តម្លៃ ៧,៩ ​ពាន់​លាន​យ៉េន (៧២ ​លាន​ដុល្លារ​) កាលពី​ឆ្នាំមុន​ដែល​មាន​ចំណែង​ជាង ៦០ ភាគរយ ​នៃ​ការនាំចេញ​ស្រាបៀប​សរុប​របស់​ប្រទេស​ជប៉ុន​នៅ​ទូទាំង​ពិភពលោក​។

ប៉ុន្តែ​ក្រសួង​ហិរញ្ញវត្ថុ​នៅ​ទីក្រុង​តូក្យូ​បាន​ឲ្យ​ដឹងថា ការនាំចេញ​បាន​ធ្លាក់ចុះ​ដល់​សូន្យ ដោយសារ​តែ​ប្រទេស​ទាំងពីរ​នៅតែ​ជាប់គាំង​នៅក្នុង​ជម្លោះ​មួយ​ជុំវិញ​ពាណិជ្ជកម្ម និង​ភាពឃោរឃៅ​សម័យ​សង្គ្រាម​ជប៉ុន​។

កាលពី​ខែ​កញ្ញា​ការនាំចេញ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​បាន​ធ្លាក់ចុះ ៩៩ ​ភាគរយ ​ដែល​ជា​ការវាយប្រហារ​ដល់​ដល់​ក្រុមហ៊ុន​ស្រាបៀរ​ជប៉ុន​ដូចជា​ក្រុមហ៊ុន​ស្រាបៀរ Kirin ស្រាបៀរ Asahi និង​ស្រាបៀរ Sapporo ជាដើម​។

អ្នកនាំពាក្យ​ក្រុមហ៊ុន​ស្រាបៀរ Kirin Holdings បាន​បដិសេធ​អត្ថាធិប្បាយ ដោយ​លើកឡើង​ថា​៖ «​យើង​កំពុង​ឃ្លាំមើល​កាវិវឌ្ឍនានា​»​។

ការនាំចេញ​មី និង​ស្រាសាកេ (sa-ke) របស់​ជប៉ុន​ទៅ​ប្រទេស​កូរ៉េ​ខាងត្បូង ក៏បាន​ធ្លាក់ចុះ​ផងដែរ​។

ទំនាក់ទំនង​បាន​ចាប់ផ្ដើម​ធ្លាក់ចុះ​យ៉ាងខ្លាំង បន្ទាប់ពី​សេចក្ដី​សម្រេច​របស់​តុលាការ​ប្រទេស​កូរ៉េខាងត្បូង​ជា​បន្តបន្ទាប់​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​សងជំងឺចិត្ត​ដល់​ជនរងគ្រោះ​ពី​ការប្រើ​ពលកម្ម​ដោយ​បង្ខំ​ក្នុងសម័យ​សង្គ្រាម​។

ការបញ្ជា​នេះ​បាន​ធ្វើឲ្យ​ទីក្រុង​តូក្យូ​ខឹងសម្បា​ជាមួយ​នឹង​ការបញ្ជាក់​របស់​ប្រទេស​ជប៉ុន​ថា បញ្ហា​នេះ​ត្រូវបាន​ដោះស្រាយ​នៅក្នុង​សន្ធិសញ្ញា​ឆ្នាំ​ ១៩៦៥ ជា​ពេល​ដែល​មាន​ការធ្វើឲ្យ​ទំនាក់ទំនង​ការទូត​មាន​លក្ខណៈ​ធម្មតា​ឡើងវិញ​រវាង​ប្រទេស​ទាំង​ ២ ដែល​បានរួមបញ្ចូល​ទាំង​សំណង​ដ៏ច្រើន​។

ជម្លោះ​ជា​ប្រវត្ដិសាស្ដ្រ​នេះ​បាន​ផ្លាស់ប្តូរ​ទៅជា​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​មាន​សេដ្ឋកិច្ច​ទីផ្សារ​ទាំង​ ២ ​នេះ ដោយសារ​តែ​ប្រទេស​ជប៉ុន​បាន​លុបចោល​ប្រទេស​កូរ៉េ​ខាង​ត្បូង​ចេញពី​អ្វីដែល​ហៅថា «​បញ្ជីស​» ដែល​ប្រទេស​ស្ថិតក្នុង​បញ្ជី​នេះ​នឹង​ទទួល​បាន​នីតិវិធី​គ្រប់គ្រង​ការនាំចេញ​កាន់តែ​ល្អប្រសើរ​។

ប្រទេស​កូរ៉េខាងត្បូង​បាន​តបត​ជាមួយ​នឹង​ការរឹតបន្តឹង​ពាណិជ្ជកម្ម​ស្រដៀង​គ្នា និង​បាន​សម្រេចចិត្ត​បោះបង់​ចោល​កិច្ចព្រមព្រៀង​ចែករំលែក ព័ត៌មាន​ចារកម្ម ដែល​ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​ដល់​ក្រុមអ្នកវិភាគ​ដែល​បាន​គិតថា ទំនាក់ទំនង​ការពារជាតិ​នឹងមិន​រង​ផលប៉ះពាល់​ពី​ជម្លោះ​ការទូត​នេះ​។

ប៉ុន្តែ​កាលពី​សប្ដាហ៍​មុន​ប្រទេស​កូរ៉េខាងត្បូង​បាន​សម្រេច​ចិត្ត​លុបចោល​ការសម្រេចចិត្ត​បោះបង់ចោល​កិច្ចព្រមព្រៀង​យោធា​នេះ​វិញ ហើយ​ប្រទេស​ទាំង​ ២ ​បាន​យល់ព្រម​គ្នា​រៀបចំ​កិច្ចប្រជុំ​កំពូល​មួយ​នៅក្នុង​ប្រទេស​ចិន​នៅ​ខែក្រោយ​៕ LA