ភ្នំពេញៈ លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន កាលពី​ថ្ងៃ​ចន្ទ​បាន​អះអាង​ចំពោះ​ក្រុម​វិនិយោគិន​អាមេរិក​ថា ទោះបី​ជា​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ដែល​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ក៏ដោយ ក៏​រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់វិធានការ​យ៉ាង​សកម្ម ដើម្បី​រក្សា​សកម្មភាព​អាជីវកម្ម​ឲ្យ​ដំណើរការ​ទៅមុខ​ដោយ​ធានាថា កម្ពុជា​គឺជា​ទីតាំង​ដ៏ទាក់ទាញ​សម្រាប់​វិនិយោគិន​អាមេរិក​។

ថ្លែង​ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​នឹង​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋ​អាមេរិក-​អាស៊ាន​ តាម​ប្រព័ន្ធ​វីដេអូ លោកនាយក​រដ្ឋមន្ដ្រី​បាន​ឲ្យ​ដឹងថា អស់​រយៈពេល​ជាង​ ៩ ​ខែ​មកហើយ ពិភពលោក​បាននិង​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ ដែល​បាន​បង្ក​ជា​វិបត្តិ​ដ៏ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន​ពីមុន​មកលើ​សង្គម និង​សេដ្ឋកិច្ច​។ សម្រាប់​កម្ពុជា រាជរដ្ឋាភិបាល​បាន​គ្រប់គ្រង​សភាពការណ៍​កូវីដ​១៩ ប្រកប​ដោយ​ប្រសិទ្ធភាព​ដោយ​មកដល់​ពេល​នេះ​កម្ពុជា​មិនមាន​ការឆ្លង​ជា​សហគមន៍ ហើយ​ក៏​មិន​បាន​ឈាន​ដល់​ការបិទ​ជា​តំបន់ ឬ​ប្រទេស​ទាំងមូល​នោះទេ​។

លោក​បាន​ឲ្យ​ដឹងថា ជាការពិត​ជំងឺ​កូវីដ ​១៩ បាន​នាំមក​នូវ​បញ្ហា​ប្រឈម​ដ៏ស្រួចស្រាល់​មួយ​ចំនួន ជាអាទិ៍​នៅក្នុង​វិស័យ​វាយនភណ្ឌ វិស័យ​ទេសចរណ៍ វិស័យ​អាកាសចរណ៍ និង​វិស័យ​សេវា​ខ្លះទៀត​។ ស្ថិត​ក្នុង​ស្ថានការណ៍​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​វិធានការ​ចំនួន​ ៥ ​ជុំ​រួចមក​ហើយ​ទាំង​វិធានការ​ជួយ​ដល់​វិស័យសេដ្ឋកិច្ច និង​វិស័យ​សង្គមកិច្ច​សំដៅ​ជួយ​ថែរក្សា​លំនឹង​ពាណិជ្ជកម្ម និង​អាជីវកម្ម​ក៏ដូចជា​ធានា​លំនឹង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដែល​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ផងដែរ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ជឿជាក់​ថា ធុរកិច្ច​អាមេរិក​មួយចំនួន​ដែល​មាន​វត្តមាន​នៅ​កម្ពុជា​ក៏​ទទួល​នូវ​ផលប្រយោជន៍​ពី​វិធានការ​ទាំងនេះ​»​។

លោក​បាន​ឲ្យ​ដឹងថា ទន្ទឹម​នឹង​នេះ​ទោះបី​ជា​មាន​បញ្ហា​ជំងឺ​កូវីដ​កំពុង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ក៏ដោយ ក៏​កំណើន​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ​ក្នុង​រយៈពេល​ ៨ ​ខែ​ឆ្នាំ​ ២០២០ ​នេះ​បាន​កើនឡើង​ប្រមាណ​ ១៧ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ក៏​សូម​ឆ្លៀត​យក​ឱកាស​នេះ​ជម្រាបជូន​សមាជិក​គណៈប្រតិភូ​ទាំងអស់​ថា ទោះបី​ជា​ជំងឺ​រាតត្បាត​កូវីដ ១៩ បាននិង​កំពុង​បង្ក​ការលំបាក​ជាច្រើន​ដល់​កិច្ចដំណើរការ​នៃ​ជីវិត​សង្គម និង​សេដ្ឋកិច្ច ក៏ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា​មិន​បន្ថយ​ល្បឿន​នឹង​ការងារ​កំណែទម្រង់​នៅក្នុង​គ្រប់​វិស័យ​របស់ខ្លួន​នោះទេ​។ ដើម្បី​ទាក់ទាញ​វិនិយោគិន​បន្ថែម ជាពិសេស​នៅពេល​ជំងឺ​កូវីដ​ ១៩ មាន​ភាពធូរស្រាល កម្ពុជា​កំពុង​រៀបចំ​កែលម្អ​ច្បាប់​វិនិយោគ និង​ប្រព័ន្ធ​លើក​ទឹកចិត្ត​ថ្មី​ដែល​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​មាន​ភាពទាក់ទាញ​សម្រាប់​ឧស្សាហកម្ម​ប្រភេទ​អេឡិចត្រូនិក បង្គុំ កសិឧស្សាហកម្ម គ្រឿងបន្លាស់ ឧស្សាហកម្ម​គាំទ្រ និង​ឧស្សាហកម្ម​ផ្សេងទៀត​»​។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ក្នុងអំឡុង​វេទិកា​ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ដើម​ខែ​កញ្ញា​ថា ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​កម្ពុជា និង​អាមេរិក​កំពុង​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ ២ ​ទសវត្សរ៍​ចុងក្រោយ​នេះ ខណៈ​ដែល​ពាណិជ្ជកម្ម​​ទ្វេភាគី​មាន​ចំនួន​ ៨៥០ ​លាន​ដុល្លារ​។ កាលពី​ឆ្នាំមុន វា​បាន​កើនឡើង​ដល់​ ៥,៩ ​ពាន់​លាន​ដុល្លារ កើនឡើង​ ៧ ​ដង​។

លោក​បាន​បន្តថា អាមេរិក​គឺជា​ទិសដៅ​នាំចេញ​ឈានមុខ​គេ​របស់​កម្ពុជា ដោយ​កម្ពុជា​នាំចេញ​មាន​តម្លៃ​ ៥,៤ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​។

លោក​លើកឡើង​ថា​៖ «​ការនាំចេញ​របស់​កម្ពុជា​ក៏​ផ្ដល់​អត្ថប្រយោជន៍​ដល់​អតិថិជន​អាមេរិក​តាមរយៈ​ការផ្ដល់​ជម្រើស​ផងដែរ​។ នៅពេល​នេះ​មាន​ផលិតផល​កម្ពុជា​កាន់តែ​ច្រើន​នៅក្នុង​ហាង​លក់​នៅ​អាមេរិក​កាន់តែ​ច្រើនជាង​មុន​។ ផលិតផល​ទាំងនេះ​មិន​ត្រឹមតែ​ជា​សម្លៀកបំពាក់ និង​ស្បែកជើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផលិតផល​កសិកម្ម​ដែល​ទទួល​បាន​ពាន​រង្វាន់​ដូចជា​ម្រេច​កំពត និង​អង្ករ​កម្ពុជា​ផងដែរ​។ លើសពី​នេះ​ទៅ​ទៀត​អ្នក​អាច​ឃើញ​ទំនិញ​ធ្វើដំណើរ​ដែល​ផលិត​នៅ​កម្ពុជា​កាន់តែ​ច្រើនឡើងៗ​នៅ​អាមេរិក​ផងដែរ​»​។

ការនាំចេញ​ទំនិញ​ធ្វើដំណើរ​ស្ថិតក្រោម​កម្មវិធី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (GSP) បាន​កើនឡើង​ពី​ ៥០ ​លាន​ដុល្លារ​ ក្នុង​ឆ្នាំ​ ២០១៦ ដល់​ជិត​ ១ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន​៕ LA

វីដេអូ៖