ក្រុងប៊ែរឡាំងៈ លោកស្រី អធិការបតី​អាល្លឺម៉ង់ Angela Merkel កាលពី​ថ្ងៃ​ពុធ​បាន​រំឭក​ថា ប្រទេស​ចិន​មិន​ត្រូវ​ភ្ជាប់​ការវិនិយោគ​របស់​ខ្លួន​ក្នុង​តំបន់​បាល់កង់ (Balkan) ដែល​ស្ថិត​នៅ​ភាគ​អាគ្នេយ៍​នៃ​តំបន់​អឺរ៉ុប​ទៅ​នឹង​ការ​ទាមទារ​ផ្នែក​នយោបាយ​នោះ​ឡើយ​។

លោកស្រី Merkel បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​មួយ​ជាមួយ​លោក Zoran Zaev នាយក​រដ្ឋមន្ត្រី​ម៉ាសេដ្វាន​ថា​៖ «​ខ្ញុំ​ពុំ​មាន​ការ​ជំទាស់​អ្វី​ទៅ​នឹង​ហេតុផល​ដែល​ប្រទេស​ចិន​ចង់​ធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​នោះ​ទេ​»​។

លោកស្រី​បន្ត​ថា​៖ «​យើង​ប្តេជ្ញាចិត្ត​អនុវត្ត​ពាណិជ្ជកម្ម​សេរី​»​។ តែ​លោកស្រី​បញ្ជាក់​ថា​៖ «​ពាណិជ្ជកម្ម​នោះ​ត្រូវ​មាន​ទៅ​មក ហើយ​ការ​បើក​ចំហ​នោះ​នឹង​មិន​ត្រូវ​ធ្វើ​ឡើង​តែ​ពី​ភាគី​ម្ខាង​នោះ​ទេ តែ​ត្រូវ​ធ្វើ​ឡើង​ដោយ​គ្រប់ភាគី​ទាំងអស់​»​។

លោកស្រី​បាន​ថ្លែង​ទៀត​ថា​៖ «​សំណួរ​គឺ​ថា តើ​ទំនាក់ទំនង​សេដ្ឋកិច្ច​ត្រូវ​ភ្ជាប់​ទៅ​នឹង​បញ្ហា​នយោបាយ​ដែរ​ឬ​ទេ​?» ដោយ​លោកស្រី​បញ្ជាក់​ថា ហេតុផល​នេះ «​នឹង​មិន​ស្ថិត​ក្នុង​ស្មារតី​នៃ​ពាណិជ្ជកម្ម​សេរី​ឡើយ​»​។

ប្រទេស​ចិន​បាន​វិនិយោគ​ច្រើន​ក្នុង​កិច្ច​ផ្តួចផ្តើម «​ផ្លូវ​សូត្រ​ថ្មី​» ដ៏ធំ​មួយ​សម្រាប់​ការ​តភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវគោក​រវាង​តំបន់​អាស៊ី និង​អឺរ៉ុប​ដោយ​បាន​ជំរុញ​ឲ្យ​តំបន់​អឺរ៉ុប​ព្រួយបារម្ភ​អំពី​ឥទ្ធិពល​នយោបាយ​ដែល​កំពុង​កើនឡើង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។

ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប ព្រួយបារម្ភ​ថា​ក្រុម​ប្រទេស​ក្នុង​តំបន់​បាល់កង់ ដែល​រួម​មាន​ទាំង​រូម៉ានី ស៊ែប៊ី ដែរ​នោះ ដែល​ទទួល​ប្រយោជន៍​ពី​ការ​វិនិយោគ​ចិន មាន​និន្នាការ​កាន់តែ​ខ្លាំង ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ចិន​ក្នុង​សហភាព​អឺរ៉ុប ជាពិសេស​បញ្ហា​សិទ្ធិ​មនុស្ស និង​ពាណិជ្ជកម្ម​៕ BP