ភ្នំពេញ: លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ (GDT) បាន​អះអាងថា ស្ថាប័ន​នេះ​នៅតែ​រក្សា​ជំហរ​អនុវត្ត​ពន្ធ​ចំណេញ​មូលធន​តាម​ការកំណត់​របស់​រដ្ឋាភិបាល​ចាប់ពី​ថ្ងៃទី​ ១ ខែ​ មករា ឆ្នាំ​ ២០២១ ​តទៅ ទោះបី​ជា​មាន​ការស្នើសុំ​ព្យួរ​ការអនុវត្ត​ក្តី​។

ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេសប៊ុក​របស់ GDT ស្តីពី​ពន្ធ​លើ​ចំណេញ​មូលធន កាលថ្ងៃ​ព្រហស្បតិ៍​លោក គង់ វិបុល បាន​លើកឡើង​ថា ការអនុវត្ត​ពន្ធ​នេះ​មិនមែន​ជា​ការសង្កត់ក​ប្រជាពលរដ្ឋ​នោះទេ ប៉ុន្តែ​ការអនុវត្ត​ពន្ធ​នេះ​គឺធ្វើឡើង​ក្នុង​គោលបំណង​ពង្រឹង​កាតព្វកិច្ច​បង់ពន្ធ​ដោយ​សមធម៌ ហើយ​ការអនុវត្ត​ពន្ធ​ជួយ​ជំរុញ​ឱ្យ​ក្រុមហ៊ុន​អចលនទ្រព្យ​មក​ចុះបញ្ជី​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ​។

លោក​និយាយថា​៖ «​យើង​យកពន្ធ​ចំពោះតែ​អ្នកលក់​ចំណេញ តែបើ​គាត់​លក់​ខាត​គាត់​អត់​ត្រូវ​បង់ពន្ធ​នេះ​ទេ​។ ពន្ធ​នេះ​បង្កើតឡើង​មិនមែន​សង្កត់ក​រាស្ត្រ​នោះទេ វា​ជា​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ ដោយ​យក​ទៅ​អភិវឌ្ឍ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម​»​។

លោក​បន្តថា​៖ «​ខ្ញុំ​គិតថា ការយក​ពន្ធ​ចំណេញ​មូលធន​នេះ​មាន​តម្លៃ​ទាប​ជាង អ្នកលក់​ផ្តល់​កម្រៃ​ជើងសា​ឱ្យ​ក្រុម​ភ្នាក់ងារ​អចលនទ្រព្យ​ទៀតផង បើតាម​ខ្ញុំ​ដឹង កម្រៃ​ជើងសា​ប្រហែល ៣ ​ភាគរយ ដូច្នេះ​ការលើកឡើង​នេះ​មិន​ឆ្លុះបញ្ចាំង​ការពិត​ទេ​»​។

លោក​បញ្ជាក់ថា ប្រសិន​បើ​គ្មាន​ការប្រែប្រួល​ទេនោះ ការអនុវត្ត​ពន្ធ​ចំណេញ​មូលធន​នឹង​ផ្តើម​អនុវត្តតាម​កាលបរិច្ឆេទ​កំណត់​ដោយ​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ជា​អ្នកអនុវត្ត​ច្បាប់ ដូច្នេះ​ច្បាប់​ដាក់ឱ្យ​ខ្ញុំ​អនុវត្ត​ពន្ធ​ចំណេញ​មូលធន​នៅ​ថ្ងៃទី​ ១ ខែ មករា ឆ្នាំ​ ២០២១ ខ្ញុំ​ត្រូវតែ​អនុវត្ត ប៉ុន្តែ​លើកលែង​តែ​មាន​ការកែប្រែ​នៃ​កាលបរិច្ឆេទ​ឱ្យ​ពន្យារ​ពី​រដ្ឋាភិបាល​»​។

លោក វ៉ាន់ ពុទ្ធិពល អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ក្នុង​កម្មវិធី​នោះ​ថា ការអនុវត្ត​ពន្ធ​នេះ​នឹងមិន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នោះទេ ដោយ​អ្នក​ដែល​បង់ពន្ធ​ច្រើន​ជាង​ ៩០ ​ភាគរយ​គឺ​អ្នករកស៊ី​លើ​វិស័យ​អចលនទ្រព្យ​។

ពន្ធ​ចំណេញ​មូលធននឹង​ត្រូវ​អនុវត្ត​ចំពោះ​ការលក់ ឬ​ផ្ទេរ ឬ​ក៏​បង្កើត​ឱ្យ​មាន​សិទ្ធិ​គ្រប់គ្រង​លើ​ទ្រព្យ ឬ​ចុះបញ្ជី​សម្រាប់​ការផ្ទេរ​កម្មសិទិ្ធ ឬ​សិទ្ធិ​កាន់កាប់​ទ្រព្យ​។ យោង​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃទី​ ១ ខែ មេសា ឆ្នាំ​ ២០២០​។

ការតម្រូវ​ឱ្យ​បង់ពន្ធ​ចំណេញ​មូលធន​គឺ​បាន​មកពី​ការលក់​នៃ​អចលនទ្រព្យ​មួយចំនួន​ដូចជា ដី អគារ ភាគហ៊ុន អាជ្ញាប័ណ្ណ ប៉ាតង់ សញ្ញា​បណ្ណ​បំណុល និង​រូបិយប័ណ្ណ​ក្នុង​អត្រា​ ២០ ​ភាគរយ​។

កាលពី​សប្តាហ៍​មុន សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​បាន​ដាក់​លិខិត​ ១ ​ច្បាប់​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដោយ​ស្នើសុំ​រដ្ឋាភិបាល​ពន្យារពេល​ការអនុវត្ត​ពន្ធ​លើ​ប្រាក់ចំណេញ​មូលធន​រហូតដល់​ស្ថានភាព​នៃ​ការរាតត្បាត​ជំងឺ​កូវីដ ​១៩ មាន​ភាព​ធូរស្រាល​៕ LA