ភ្នំពេញៈ ការប្រមូល​ចំណូល​ពន្ធដារ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២០ ត្រូវបាន​រំពឹងថា​នឹង​សម្រេច​បាន​លទ្ធផល​កាន់តែ​ល្អប្រសើរ និង​មាន​តម្លាភាព នៅពេល​ដែល​មន្ត្រី​ពន្ធដារ​យល់ដឹង​​កាន់តែ​ច្បាស់​ពី​ច្បាប់​ប្រឆាំង​នឹង​អំពើពុករលួយ និង​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ពេញលេញ​។ នេះ​បើ​យោង​តាម​​អគ្គនាយកដ្ឋាន​ពន្ធដារ​។

ថ្លែង​ក្នុង​បាឋកថា ស្តីអំពី «​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើ​ពុករលួយ​» ជូន​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​នៅ​សណ្ឋាគារ​សូហ្វីតែល​កាលពី​ម្សិលមិញ​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​និយាយថា ការពង្រឹង​ប្រព័ន្ធ​ច្បាប់ និង​ប្រព័ន្ធ​បច្ចេកវិទ្យា គឺជា​ផ្នែក​ដ៏​សំខាន់​ដើម្បី​ជំរុញ​ឲ្យ​ចំណូល​ពន្ធដារ​នៅ​កម្ពុជា​កើនឡើង ពិសេស​វា​នឹង​កាន់តែ​ប្រសើរ​នៅពេល​ដែល​ប្រព័ន្ធ​បច្ចេកវិទ្យា​ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត​ពេញលេញ​នៅ​ឆ្នាំ ២០២០ ​ខាងមុខ​។

លោក​ថ្លែង​ថា​៖ «​ការយល់ដឹង​ពី​ច្បាប់​ប្រឆាំង​នឹង​​អំពើ​ពុករលួយ​គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​មន្ត្រី​ពន្ធដារ​។ សព្វ​ថ្ងៃនេះ​យើង​កំពុង​ខិតខំ​ធ្វើការ​កែទម្រង់​ផ្នែក​ពន្ធដារ​ទៅលើ​កត្តា​ជាច្រើន ពិសេស​ការពង្រឹង​អភិបាលកិច្ច​ល្អ តម្លាភាព​ក្នុងការ​បង់ពន្ធ និង​ឲ្យ​ការប្រកួតប្រជែង​ធ្វើ​ដោយ​ស្មើភាព​ដែរ​»​។

លោក​បន្ត​ថា​៖ «​តាមរយៈ​ការពង្រឹង​ច្បាប់​ពន្ធដារ ក្រមសីលធម៌ អភិក្រម និង​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ ខ្ញុំ​មាន​ជំនឿ​ថា​នឹង​ធ្វើឲ្យ​មន្ត្រី​ពន្ធដារ​មាន​ស្មារតី​កាន់តែ​ខ្ពស់​ក្នុង​ការទទួល​ខុសត្រូវ​»​។

តាម​លោក គង់ វិបុល អំពើ​ពុករលួយ​ក្នុង​វិស័យ​ពន្ធដារ​គឺជា​បញ្ហា​ប្រឈម​មួយ​ដែល​ធ្វើឲ្យ​ការប្រមូល​ពន្ធដារ​ជួប​បញ្ហា​ដោយ​កន្លងមក​មាន​មន្ត្រី​ពន្ធដារ​មួយ​ចំនួន​បាន​ធ្វើការ​ចរចា​ក្រៅ​ផ្លូវការ​ជាមួយ​អ្នក​ជាប់ពន្ធ និង​ធ្វើ​ការងារ​ដោយ​មិន​ឆ្លងកាត់ ឬ​កត់ត្រា​ទៅក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា ដែល​ទង្វើ​នេះ​បានធ្វើ​ឲ្យ​មានការ​លំបាក​នៅពេល​ធ្វើ​សវនកម្ម​។

លោក​ថ្លែង​ថា​៖ «​មាន​អ្នកខ្លះ​ខ្ចីដៃ​ពន្ធដារ ធ្វើ​លិខិត​ក្លែងក្លាយ​ដោយ​បន្លំ​ជា​មន្ត្រី​ពន្ធដារ​ទៅ​ធ្វើ​សវនកម្ម ហើយ​ហៅ​មក​ចរចា​ទើបបាន​រួចខ្លួន​។ តែ​ឥឡូវនេះ​អត់​ទេ រាល់​លិខិត​ធ្វើ​បេសកកម្ម​នឹង​មាន​លិខិត​ជូន​ដំណឹង​គឺ​ចេញពី​ប្រព័ន្ធ​ដែល​អ្នក​ជាប់ពន្ធ ឬ​សហគ្រាស​អាច​ទាញយក​កម្មវិធី (App) ពី​អគ្គនាយកដ្ឋាន​ពន្ធដារ ហើយ​ចម្លង QR code ដោយ​ពិនិត្យមើល​លិខិត​បេសកកម្ម​ហ្នឹង​។ មាន​ន័យ​ថា (​ដឹង​) ក្លែងក្លាយ ឬ​មិន​ក្លែងក្លាយ​ហើយ​»​។

លោក វិបុល លើក​ឡើង​ថា​ការមិន​គោរព​ច្បាប់ និង​គេចវេះ​មិន​បង់ពន្ធ មិន​ត្រឹមតែ​ធ្វើ​​ឲ្យ​ប៉ះពាល់​ដល់​ចំណូល​ជាតិ និង​សេដ្ឋកិច្ចជាតិ​ទាំងមូល​នោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​ធ្វើឲ្យ​មាន​បាត់​តម្លាភាព​ក្នុង​ការបង់ពន្ធ​ទៀតផង​។

លោក​បាន​បញ្ជាក់​បន្ថែម​ថា​៖ «​ទាំងនេះ​គឺជា​យុទ្ធសាស្ត្រ​ស្នូល​របស់​អគ្គនាយកដ្ឋាន​ដែល​បាន​កែទម្រង់ ដើម្បី​ធ្វើឲ្យ​វិស័យ​ពន្ធដារ​មាន​សុក្រឹតភាព និង​គ្មាន​អំពើ​ពុករលួយ ខណៈ​ការប្រមូល​ពន្ធ​មិន​ល្អ​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការប្រើប្រាស់​ថវិកា​របស់​រដ្ឋ​»​។

នៅក្នុង​រយៈពេល ៦ ​ខែ ឆ្នាំ​ ២០១៩ ចំណូល​ពន្ធអាករ​គ្រប់​ប្រភេទ​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​បាន​មាន​ជាង ១,៥ ​ពាន់​លាន​ដុល្លារ កើនឡើង​ចំនួន ៣២៤ ​លាន​ដុល្លារ​ពី​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៨​។

លោក ព្រាប កុល នាយកប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា មិន​ហ៊ាន​វាយតម្លៃ​ចំពោះ​ការអះអាង​របស់​លោក គង់ វិបុល ក្នុង​ការលុបបំបាត់​អំពើ​ពុករលួយ​ក្នុង​វិស័យ​ពន្ធដារ​នេះ​ទេ ដោយ​លោក​គ្រាន់តែ​និយាយ​ថា ប្រសិនបើ​កម្ពុជា​អាច​ធ្វើ​បាន​មែន​នោះ វា​ជា​រឿង​អច្ឆរិយៈ ខណៈ​នៅលើ​ពិភពលោក​មិនទាន់​មាន​ប្រទេស​ណាមួយ​អាច​លុបបំបាត់​អំពើ​ពុករលួយ​ក្នុង​វិស័យ​ពន្ធដារ​នេះ​បាន​ទាំងស្រុង​ទេ​។

លោក​អះអាង​ថា​៖ «​គ្រាន់តែ​យើង​ទទួល​ស្គាល់​ថា​គាត់​ប្រមូល​ពន្ធដារ​បាន​ច្រើនជាង​មុន ព្រោះ​រៀងរាល់​ឆ្នាំ​ការប្រមូល​ពន្ធដារ​របស់​គាត់​បាន​កើន​ពី​ ១៨ ទៅ ២០ ​ភាគរយ​។ អ៊ីចឹង​ការកើនឡើង​នេះ​គឺជា​ការរីកចម្រើន​កើតចេញ​ពី​ការធ្វើ​កំណែទម្រង់​»​។

យ៉ាងណា​លោក ព្រាប កុល បាន​ផ្តល់​ជា​អនុសាសន៍​ថា បើ​ចង់​លុបបំបាត់​អំពើ​ពុករលួយ អាជ្ញាធរ​ត្រូវ​ធានា​ចំពោះ​ការប្រកាស​ពន្ធ​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ និង​ពិតប្រាកដ និង​ត្រូវ​មាន​អ្វី​មក​វាស់វែង ដោយ​ពួកគេ​ទាំងនោះ​ភាគច្រើន​ជាម​ន្ត្រី​មាន​ងារ​ធំ និង​មាន​ខ្នង​ក្រាស់ ចំណែក​ការធានា​ចំពោះ​ការប្រកាស​ទ្រព្យសម្បត្តិ​ក៏​ជា​រឿង​សំខាន់​ផង​ដែរ​ក្នុង​ការ​លុបបំបាត់​អំពើ​ពុករលួយ​ក្នុង​វិស័យ​ពន្ធដារ​នៅ​ប្រទេស​កម្ពុជា​។

នៅក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ចុងក្រោយ​នេះ​អគ្គនាយកដ្ឋាន​​ពន្ធដារ​សម្រេច​បាន​កំណើន​ចំណូល​ពន្ធ​ក្នុង​រង្វង់ ២០ ​ភាគរយ​ក្នុង​ ១ ​ឆ្នាំ​ក្នុង​នោះ​ឆ្នាំ​ ២០១៤ ប្រមូល​ចំណូល​បាន ១,០៦ ​ពាន់​លាន​ដុល្លារ ឆ្នាំ​ ២០១៥ បាន​ជាង ១,៣ ពាន់​លាន​ដុល្លារ ឆ្នាំ​ ២០១៦ បាន​ជាង ១,៥ ពាន់​លាន​ដុល្លារ ឆ្នាំ​ ២០១៧ បាន​ជាង ១,៩៧ ពាន់​លាន​ដុល្លារ និង​ឆ្នាំ​ ២០១៨ បាន​ជាង ២,១៩ ​ពាន់​លាន​ដុល្លារ​៕LA