ក្រុងអូស្ទីនៈ លោក​ប្រធានាធិបតី​អាមេរិក Donald Trump កាលពី​ថ្ងៃអាទិត្យ​បាន​ស្វាគមន៍​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​បាន​ចុះហត្ថលេខា​នៅ​សប្តាហ៍​មុន​ជាមួយ​ប្រទេស​ ចិន​ ថា​បានធ្វើ​ឲ្យ​ប្រសើរឡើង​ខ្លាំង​ដល់​ទំនាក់ទំនង​ជាមួយ​ទីក្រុង​ប៉េកាំង ដោយ​និយាយ​ថា កិច្ចព្រមព្រៀង​នេះ «​ប្រសើរ​ខ្លាំង​» ជាង​ការរំពឹងទុក​។

កិច្ចព្រមព្រៀង «​ដំណាក់កាល​ទី​ ១» នេះ​គឺជា​ការផ្អាក​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ បន្ទាប់ពី​មាន​ភាពតានតឹង​អស់​រយៈពេល​ជិត​ ២ ​ឆ្នាំ​។ ប៉ុន្តែ​ដោយ​ពន្ធគយ​នៅតែ​ជា​ធរមាន​ចំពោះ​ទំនិញ​ជិត​ ២ ​ភាគ​ ៣ ​នៃ​ទំនិញ​នាំចូល​ពី​ប្រទេស ​ចិន​ ដែលមាន​តម្លៃ​ជិត ៥០០ ​ពាន់​លាន​ដុល្លារ​នោះ អ្នក​ប្រើប្រាស់​ និង​ក្រុមហ៊ុន​របស់​អាមេរិក​នឹង​នៅតែ​ជា​អ្នក​ចេញ​ថ្លៃ​ចំណាយ​នេះ​ដដែល​។

លោក ត្រាំ បាន​ថ្លែង​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ក្នុង​កម្មវិធី​ប្រមូលផ្តុំ​មួយ​ក្នុង​ទីក្រុង​អូស្ទីន រដ្ឋ​តិចសាស​ថា​៖ «​នេះ​គឺជា​ភាពជោគជ័យ​ដែល​មិនគួរ​ឲ្យ​ជឿ​សម្រាប់​ប្រទេស​ទាំងមូល​របស់​យើង​»​។ លោក​បាន​កំពុង​ថ្លែង​ទៅកាន់​សន្និបាត​មួយ​របស់​សហព័ន្ធ​ការិយាល័យ​កសិកម្ម​អាមេរិក (AFBF)​។

លោក​មានប្រសាសន៍​ថា​៖ «​ខ្ញុំ​គិតថា ប្រទេស​ចិន​នឹង​ធ្វើឲ្យ​បានល្អ​តាម​ដែល​អាច​ធ្វើបាន ដើម្បី​បង្ហាញថា​កិច្ចព្រមព្រៀង​ដែល​ត្រូវបាន​ចុះហត្ថលេខា​នេះ​គឺជា​កិច្ចព្រមព្រៀង​ល្អ​មួយ​។ វា​ជា​កិច្ចព្រមព្រៀង​ធំ​ជាង និង​ល្អ​ខ្លាំង​ជាង​អ្វីដែល​ខ្ញុំ​គិតថា​យើង​នឹង​ទទួលបាន​»​។

លោក ត្រាំ ក៏បាន​សរសើរ​ដល់​ជំពូក​ថ្មី​មួយ​ក្នុង​ទំនាក់ទំនង​ជាមួយ​ចិន ដោយ​ហៅ​ទំនាក់ទំនង​នេះ​ថា​ជា «​ទំនាក់ទំនង​ល្អ​បំផុត​ដែល​យើង​មិន​ធ្លាប់មាន​ជាមួយ​ចិន​អស់​ពេល​ជាច្រើន​ឆ្នាំ​មកនេះ​»​។

លោក​ប្រធានាធិបតី​បាន​ថ្លែងថា​៖ «​ឥឡូវនេះ ចិន​គោរព​យើង​។ [​ពេលមុន​] ពួកគេ​បាន​មិន​គោរព​យើង​ទេ​»​។

អាមេរិក​ និង​ចិន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម «​ដំណាក់កាល​ទី​ ១» នៅ​ថ្ងៃ​ពុធ​សប្តាហ៍​មុន ដែល​ផ្តល់​ភាព​ធូរស្រាល​ដល់​ទីផ្សារ​ភាគហ៊ុន បន្ទាប់ពី​ជម្លោះ​ពាណិជ្ជកម្ម​បានអូសបន្លាយ​ពេល​។

នៅក្នុង​កិច្ចព្រមព្រៀង​នេះ ប្រទេស​ ចិន​ បាន​សន្យាថា​នឹង​បង្កើន​ការទិញ​ទំនិញ​កសិកម្ម​អាមេរិក​ និង​ទំនិញ​ផ្សេងទៀត​រយៈពេល​ ២ ​ឆ្នាំ​៕ KC