ក្រុងវ៉ាស៊ីនតោនៈ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារបានព្រមានទីក្រុងប៉េកាំងកុំឲ្យអូសបន្លាយពេលក្នុងការចរចាពាណិជ្ជកម្ម ដោយសង្ឃឹមថានឹងទទួលបានកិច្ចព្រមព្រៀងប្រសើរជាងនេះ ប្រសិនបើលោកមិនឈ្នះឆ្នោតធ្វើជាប្រធានាធិបតីអាមេរិកនៅអាណត្តិទី ២ ក្នុងការបោះឆ្នោតនៅឆ្នាំក្រោយ។
ការចរចាគ្រោងនឹងបន្តធ្វើឡើងវិញនៅខែនេះ បន្ទាប់ពីមានការធ្លាក់ចុះខ្លាំងនៃសង្គ្រាមពាណិជ្ជកម្មរយៈពេលមួយនេះកាលពីខែសីហា។
ការដកហូតពន្ធគយរបស់អាមេរិកទៅលើទំនិញនាំចូលពីចិនបានកើនឡើងនៅចុងសប្តាហ៍មុន។
លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Twitter ថា៖ «យើងកំពុងធ្វើការងារបានយ៉ាងល្អក្នុងការចរចារបស់យើងជាមួយប្រទេសចិន»។ លោកអះអាងថាសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះរបស់ប្រទេសចិនមិនអាចទ្រាំទ្រមិនស្វែងរកដំណោះស្រាយបានយូរទេ។
លោកថ្លែងថា៖ «ខណៈដែលខ្ញុំប្រាកដថា ពួកគេនឹងចង់ដោះស្រាយបញ្ហាជាមួយរដ្ឋាភិបាលអាមេរិកថ្មី... រយៈពេល ១៦ ខែជាងទៀត គឺជាពេលដ៏វែងមួយដែលត្រូវរងការឈឺចាប់ចំពោះការងារ និងក្រុមហ៊ុន»។
លោកបន្តថា៖ «ហើយនៅពេលនោះខ្ញុំគិតថា តើអ្វីនឹងកើតឡើងចំពោះប្រទេសចិននៅពេលខ្ញុំឈ្នះឆ្នោត? នោះគឺកិច្ចព្រមព្រៀងនឹងកាន់តែតានតឹងខ្លាំងជាងនេះ!»។
ទន្ទឹមនឹងនេះដែរ ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍កាលពីថ្ងៃអង្គារថា ព្រឹទ្ធសមាជិកលោក Senators Steve និងលោក David Perdue បានជួបឧបនាយករដ្ឋមន្ត្រីចិនលោក Liu He ដែលជាមេដឹកនាំក្រុមការងារចរចាពាណិជ្ជកម្មជាមួយអាមេរិកនៅក្នុងទីក្រុងប៉េកាំងដំណឹងនេះកើតមានឡើងបន្ទាប់ពីមានការលើកឡើងថា កិច្ចប្រឹងប្រែងដើម្បីធ្វើឲ្យការចរចាពាណិជ្ជកម្មងាកមករកការចរចាវិញអាចមិនមានភាពច្បាស់លាស់។
ក្រុមមន្ត្រីអាមេរិក និងចិនកំពុងមានភាពលំបាកក្នុងការរៀបចំពេលវេលាមួយដើម្បីជួបគ្នាពិភាក្សាគ្នា បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានច្រានចោលការទាមទាររបស់ទីក្រុងប៉េកាំងឲ្យផ្អាកការដំឡើងពន្ធគយជុំចុងក្រោយបំផុតកាលពីចុងសប្តាហ៍មុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕ KC