ក្រុង​វ៉ាស៊ីនតោនៈ លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ បាន​​ឲ្យ​ដឹង​​កាល​ពី​ថ្ងៃ​ចន្ទ​ថា លោក​រំពឹង​ថា​នឹង​អាច​សម្រេច​បាន​​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ជា​មួយ​ប្រទេស ចិន​ ដែល​កំពុង​រង​​ផល​ប៉ះពាល់​ដោយ​សារ​ការ​ដក​ហូត​ពន្ធ​នាំចូល​របស់​អាមេរិក​។​

លោក​ ត្រាំ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​សេត​វិមាន​ថា​៖ «​យើង​កំពុង​ធ្វើ​បាន​យ៉ាង​ល្អ​ប្រសើរ​ជា​មួយ​ប្រទេស ចិន។ ពួក​គេ​​កំពុង​មាន​ពេល​វេលា​ដ៏​ពិបាក​មួយ​ជា​មួយ​នឹង​សេដ្ឋកិច្ច​របស់​ពួក​គេ ដោយ​សារ​តែ​ពន្ធ​នាំចូល​»។​

លោក​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​គិត​ថា យើង​នឹង​អាច​សម្រេច​​បាន​​កិច្ច​ព្រមព្រៀង​មួយ​ជា​មួយ​ប្រទេស ចិន​»។​

មន្ដ្រី​របស់​អាមេរិក​បាន​ធ្វើ​ដំណើរ​​ទៅ​កាន់​​​ទីក្រុង​ប៉េកាំង​កាល​ពី​សប្ដាហ៍​មុន ដើម្បី​​ចរចា​​​បញ្ចប់​ការ​ប្រឈម​មុខ​ដាក់​គ្នា​​ផ្នែក​ពាណិជ្ជកម្ម​​ដែល​កើត​មាន​កាន់​ខ្លាំង​ឡើង​ៗ ដែល​បាន​បណ្ដាល​ឲ្យ​​មាន​ការ​ដក​ហូត​ពន្ធ​នាំចូល​​ក្នុង​ទឹក​ប្រាក់​​​ជាង ៣៥០ ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​។​

មន្ដ្រី​របស់​ប្រទេស ចិន ​បាន​ឲ្យ​ដឹង​ថា ជុំ​ចរចា​បន្ទាប់​នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ចន្លោះ​ពី​ថ្ងៃ​ទី​ ៣០ ដល់​ថ្ងៃទី​ ៣១ ខែ​មករា​។​

លោក ត្រាំ និង​លោក ស៊ី ជីនភីង ​មេ​ដឹកនាំ​របស់​ប្រទេស​ ចិន បាន​យល់​ព្រម​​កាល​ពី​ថ្ងៃ​ទី​ ១ ខែ​ធ្នូ ដើម្បី​បញ្ឈប់​ជម្លោះ​ពាណិជ្ជកម្ម​​រយៈ​ពេល​​ ៣ ខែ​​។​

លោក ត្រាំ ថ្លែង​ថា​៖ «​ខ្ញុំ​អាច​​ប្រាប់​អ្នក​ថា យើង​នឹង​ទទួល​បាន​​អ្វី​ៗ ដែល​មុន​ពេល​ដែល​ខ្ញុំ​បាន​​ក្លាយ​ជា​ប្រធានាធិបតី អ្នក​នឹង​​មិន​មាន​ឱកាស​ក្នុង​ ការ​ទទួល​បាន​នោះ​ទេ​»​។​

ខណៈ​ដែល​លោក ត្រាំ បាន​ដាក់​​សម្ពាធ​ឲ្យ​ទីក្រុង​ប៉េកាំង​​​បង្កើន​​ការ​នាំចូល​ទំនិញ​អាមេរិក​​នោះ អតិរេក​ពាណិជ្ជកម្ម​របស់​ប្រទេស ចិន ​​ជា​មួយ​អាមេរិក បាន​​កើន​ឡើង​ខ្ពស់​បំផុត​កាល​ពី​ឆ្នាំ​មុន ដល់​ចំនួន ៣២៣,៣ ​ពាន់​​លាន​ដុល្លារ កើន​ឡើង ១១ ​ភាគរយ​​ក្នុង​ឆ្នាំ ២០១៧។ នេះ​​បើ​យោង​តាម​ទិន្នន័យ​គយ​របស់​ប្រទេស ចិន ​​​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​។​

ប៉ុន្តែ​នៅ​ក្នុង​សញ្ញា​មួយ​ដែល​ថា វិធានការ​ពិន័យ​របស់​សេត​វិមាន កំពុង​ធ្វើ​ឲ្យ​មាន​​ផល​ប៉ះ​ពាល់​នោះ ​ការ​នាំចេញ​របស់​​ប្រទេស​ ចិន ទៅ​អាមេរិក​បាន​ធ្លាក់​ចុះ​កាល​ពី​ខែ​មុន​។​

ការ​នាំចេញ​សរុប​របស់​ប្រទេស​​​ ចិន ​​បាន​ធ្លាក់ចុះ ៤,៤ ​ភាគរយ​កាល​ពី​ខែ​ធ្នូ ធៀប​ទៅ​នឹង​ឆ្នាំ​ ២០១៧ ខណៈ​ពេល​ដែល​ការ​នាំចូល​​​បាន​ធ្លាក់ចុះ​ចំនួន​ ៧,៦ ភាគរយ​ ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​​ឃើញ​ពី​តម្រូវ​ការ​យឺត​យ៉ាវ​នៅ​ក្នុង​ស្រុក ព្រម​ទាំង​នៅ​ក្រៅ​ប្រទេស​៕​ AFP/LA