ភ្នំពេញៈ ការរីករាលដាលជំងឺកូវីដ ១៩ ដែលអូសបន្លាយជាង ១ ឆ្នាំមកនេះបានជះឥទ្ធិពលជាអវិជ្ជមានស្ទើរគ្រប់វិស័យ ក្នុងនោះវិស័យអប់រំក៏រងផលរំខានធ្ងន់ធ្ងរផងដែរ។ តើម្ចាស់អាជីវកម្មក្នុងវិស័យនេះអាចបន្តដំណើរការរបស់ខ្លួនយ៉ាងដូចម្តេចក្នុងគ្រាដ៏លំបាកនេះ? តើការអូសបន្លាយពេលនៃជំងឺកូវីដ១៩ នឹងធ្វើឱ្យម្ចាស់អាជីវកម្មត្រូវបិទទ្វារទាំងអស់មែនទេ?
លោក លី វីរៈ ប្រធានក្រុមប្រឹក្សាអភិបាលសាលាអន្តរជាតិ វេសវីយូ កម្ពុជា កាលពីពេលថ្មីៗនេះបានផ្តល់បទសម្ភាសដល់លោក ម៉ៃ គុណមករា ប្រធានការីនិពន្ធព័ត៌មានសេដ្ឋកិច្ចនៃកាសែតភ្នំពេញប៉ុស្តិ៍ ស្តីពីស្ថានភាពអាជីវកម្មក្នុងវិស័យអប់រំអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩។
តើលោកធ្វើការវាយតម្លៃបែបណាពីស្ថានភាពអាជីវកម្មរបស់គ្រឹះស្ថានអប់រំឯកជនក្នុងអំឡុងពេលការរីករាលដាលជំងឺកូវីដ១៩ ដែលនៅតែអូសបន្លាយពេលជាង ១ ឆ្នាំមកនេះ?
នៅអំឡុងពាក់កណ្តាលខែមីនា ឆ្នាំ ២០២០ សាលារៀនរដ្ឋ និងឯកជនទាំងអស់ក្នុងប្រទេសកម្ពុជា ត្រូវបានប្តូរទៅធ្វើការ និងបង្រៀនតាមប្រព័ន្ធអនឡាញទាំងស្រុង។ នេះ គឺជាការផ្លាស់ប្តូរដ៏ធំសម្បើមរបស់យើងនៅក្នុងវិស័យអប់រំ ព្រោះអាណាព្យាបាលព្រមទាំងសិស្សានុសិស្សទូទៅពុំធ្លាប់ និងពិបាកទទួលយកយ៉ាងខ្លាំងនៅរយៈពេល ១ ឆមាសដំបូង។
ហេតុនេះទើបសាលារៀនឯកជនមួយចំនួនត្រូវបិទទ្វារជាបណ្តោះអាសន្ន ហើយមួយចំនួនទៀតត្រូវក្ស័យធន ដោយសារពួកគាត់គ្មានបច្ចេកវិទ្យា ធនធានមនុស្ស និងសម្ភារគ្រប់គ្រាន់សម្រាប់ផ្តល់ជូននូវគុណភាពអប់រំតាមប្រព័ន្ធអនឡាញឱ្យសមស្របនឹងតម្លៃសិក្សាដែលអាណាព្យាបាលត្រូវបង់។
សុភាសិតមួយជាភាសាអង់គ្លេសបានពោលថា «What doesn''t kill you, make you stronger» ដែលមានន័យថា «អ្នកដែលអាចឈរជើងបាននៅពេលលំបាក គឺជាអ្នកខ្លាំងពិតប្រាកដ» ជាពិសេសសម្រាប់សាលារៀនអន្តរជាតិ វេសវីយូ កម្ពុជា ដែលស្ថិតនៅក្នុងចំណោមសាលារៀនមុនគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលក្រសួងអប់រំ យុវជន និងកីឡាបានចេញលិខិតទទួលស្គាល់គុណភាពការបង្រៀន និងការរៀនតាមប្រព័ន្ធអនឡាញ។
ក្រោយមកយើងក៏ក្លាយជាសាលា ១ ក្នុងចំណោមសាលាធំៗចំនួន ២០ ប្រចាំប្រទេស ដែលរដ្ឋាភិបាលអនុញ្ញាតឱ្យបើកដំណើរការបង្រៀន និងរៀនដោយផ្ទាល់នៅក្នុងសាលានាដំណាក់កាលទី ១ តាំងតែពីពាក់កណ្តាលខែសីហា ឆ្នាំ ២០២០។ សមិទ្ធផលទាំងនេះបានមកពីកម្មវិធីសិក្សាទំនើបដែលយើងបានទិញកម្មសិទ្ធិបញ្ញាពីក្រុមហ៊ុនបោះពុម្ពផ្សាយល្បីៗលំដាប់ពិភពលោក មានដូចជា Pearson និង McGraw-Hill ដែលមានកម្មវិធីសិក្សាឱ្យសិស្សរៀននៅក្នុងថ្នាក់ដោយផ្ទាល់ បំពេញកិច្ចការដែលគ្រូដាក់ឱ្យព្រមទាំងធ្វើស្វ័យសិក្សាតាមអនឡាញផងដែរ តាំងពីមុនពេលជំងឺកូវីដ១៩ បានផ្ទុះឡើងមកម្ល៉េះ។
ខ្ញុំសង្កេតឃើញថា ទោះបីស្ថានភាពនៃវិបត្តិសុខភាពនេះមិនទាន់បានធូរស្រាល លោកនៅតែបន្តការវិនិយោគរបស់ខ្លួន។ តើហេតុអ្វីបានជាលោកសម្រេចធ្វើដូច្នេះ?
ទោះបីយើងអាចរក្សាបាននូវចំនួនសិស្សចាស់ក៏ដោយ ក៏សាលាទទួលរងនូវផលប៉ះពាល់អវិជ្ជមានពីជំងឺកូវីដ-១៩នេះផងដែរ ដោយសារសកម្មភាពដែលមានអត្ថប្រយោជន៍សំខាន់ៗមួយចំនួនរបស់យើងត្រូវបានផ្អាកដូចជា ការបញ្ជូនសិស្សានុសិស្សទៅធ្វើដំណើរកម្សាន្ត និងទស្សនកិច្ចសិក្សានៅក្រៅប្រទេស កម្មវិធីកីឡា និងតន្ត្រីដ៏សម្បូរបែប ការជួបជុំគ្រួសារនៅក្នុងសកម្មភាពរៃអង្គាសថវិកាសប្បុរសធម៌ប្រចាំឆ្នាំ ជាពិសេសទៅទៀតនោះគឺការផ្តល់ជូននូវការថែទាំយ៉ាងកក់ក្តៅពីសំណាក់គ្រូបន្ទុកថ្នាក់ និងគ្រូជំនួយការជូនដល់សិស្សានុសិស្សរបស់យើងក៏ត្រូវបានផ្អាកផងដែរ។
ម្យ៉ាងវិញទៀតអាណាព្យាបាលមួយចំនួនធំក៏មិនចង់ស្វែងរកសាលាថ្មីឱ្យបុត្រធីតាខ្លួនក្នុងអំឡុងពេលនេះដែរ។ កត្តាដែលបានរៀបរាប់ខាងលើនេះហើយ ធ្វើឱ្យការចុះឈ្មោះសិស្សថ្មីរបស់យើងបានធ្លាក់ចុះ។
ទោះជាយ៉ាងណាក៏ការសាងសង់អគារសិក្សាថ្មីនៅជាប់នឹងទីតាំងបច្ចុប្បន្ន គឺនៅតែដំណើរការតាមការគ្រោងទុក ដែលនឹងបញ្ចប់ត្រឹមចុងខែសីហាខាងមុខ ដើម្បីបំពេញលក្ខខណ្ឌក្នុងការត្រៀមខ្លួនចូលជាសមាជិករបស់ស្ថាប័នកំពូលក្នុងការវាយតម្លៃគុណភាពអប់រំអន្តរជាតិចំនួន ២ ដែល ១ មានមូលដ្ឋាននៅសហភាពអឺរ៉ុប (Council of International Schools) ហៅកាត់ CIS និង ១ ទៀតមានមូលដ្ឋាននៅអាមេរិក ហៅកាត់ថា ACS WASC។
យើងដឹងហើយថា ការបន្តរីករាលដាលនៃជំងឺកូវីដ១៩នេះ មិនត្រឹមតែប៉ះពាល់ដល់សុខុមាលភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែវាប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។ តើលោកធ្វើការផ្លាស់ប្តូរនូវរបត់នៃអាជីវកម្មយ៉ាងដូចម្តេចដើម្បីរក្សានិរន្តរភាព? សម្រាប់ការបង់ថ្លៃសាលា តើលោកបានជួយសម្រួលបានកម្រិតណាដែរ ដោយសារប្រាក់ចំណូលពួកគាត់ក៏ធ្លាក់ចុះជាងមុន?
បើលោកអ្នកតាមដានសកម្មភាពរបស់យើងខ្ញុំនៅលើគេហទំព័រហ្វេសប៊ុករបស់សាលាអន្តរជាតិ វេសវីយូ កម្ពុជា លោកអ្នកនឹងឃើញថា ចាប់ពីពាក់កណ្តាលខែមីនា ឆ្នាំ ២០២០ មក សកម្មភាពរបស់យើងខ្ញុំនៅតែរស់រវើកពុំមានថមថយឡើយ។ យើងអាចបន្តប្រតិបត្តិការបែបនេះទៅបានដោយសារតែគុណភាពដែលយើងផ្តល់ជូនដូចដែលបានរៀបរាប់ខាងលើ បូកផ្សំនឹងការមិនផ្តោតទៅលើប្រាក់ចំណេញជាចម្បង។
យើងបានរួមចំណែកជួយសម្រាលបន្ទុកនៃការចំណាយរបស់មាតាបិតាក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩ ដោយបានបញ្ចុះតម្លៃសិក្សាតាមប្រព័ន្ធអនឡាញសម្រាប់ឆ្នាំ ២០២០ និង ២០២១ ហើយបន្តអភិវឌ្ឍកម្មវិធីសិក្សាឱ្យកាន់តែសម្បូរបែបទោះបីនៅតែបន្តរៀនតាមប្រព័ន្ធអនឡាញ ឬត្រូវត្រឡប់មករៀនផ្ទាល់នៅសាលាទាំងដែលសាលាត្រូវមានការចំណាយបន្ថែមក៏ដោយ។ ក្រៅពីនេះ សាលាក៏បានសម្រួលក្នុងការបង់ថ្លៃសិក្សាជាដំណាក់កាលសម្រាប់អាណាព្យាបាលដែលបានធ្វើការស្នើសុំផងដែរ។
ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងអប់រំនៅតែបន្តអំពាវនាវដល់គ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជនបន្តការផ្តល់ការសិក្សាពីចម្ងាយតាមអនឡាញ។ តើលោកអាចធ្វើការវាយតម្លៃប្រសិទ្ធភាពនៃការសិក្សាដោយផ្ទាល់ និងពីចម្ងាយដែរឬទេ?
ការសិក្សាបែប E-Learning មានច្រើនបែប ច្រើនសណ្ឋាន ដូច្នេះខ្ញុំសុំមិនធ្វើការប្រៀបធៀបនូវវិធីរៀនតាមប្រព័ន្ធអនឡាញ ឬក៏ E-Learning របស់សាលាមួយចំនួនដោយគាត់បានថតការបង្រៀនរួចយកទៅបង្ហោះអនឡាញ និងដាក់ចូល mobile app របស់សាលាគាត់។
ខ្ញុំសុំផ្តោតទៅលើគម្លាតរវាងការសិក្សានៅសាលាផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញរបស់សាលារៀនដែលមានធនធានមនុស្សប្រកបដោយវិជ្ជាជីវៈច្បាស់លាស់ កម្មវិធីសិក្សា និងបច្ចេកវិទ្យាគ្រប់គ្រាន់ ព្រមទាំងមានម៉ោងបង្រៀនផ្ទាល់រវាងគ្រូ និងសិស្សច្រើនដូចពេលរៀននៅសាលាតែប៉ុណ្ណោះ។
គម្លាតតូច ឬធំអាស្រ័យទៅលើគ្រូត្រូវមានវិធីសាស្ត្របង្រៀនតាមប្រព័ន្ធអនឡាញដែលទាក់ទាញមានបច្ចេកវិទ្យាគាំទ្រដ៏សម្បូរបែប បូកផ្សំទៅនឹងការតាមដានយ៉ាងដិតដល់ទៅលើកិច្ចការដែលសិស្សសម្រេចបាន ព្រមទាំងមានបុគ្គលិក ក៏ដូចជាអាណាព្យាបាលជួយជំរុញ និងលើកទឹកចិត្តសិស្សានុសិស្សច្រើនជាងមុន។
រីឯសិស្សវិញត្រូវមានភាពអត់ធ្មត់ មានការទទួលខុសត្រូវខ្ពស់ ចេះផ្ចង់អារម្មណ៍ឱ្យបានល្អជាងមុន និងមានកន្លែងសិក្សាស្ងប់ស្ងាត់។ លក្ខណសម្បត្តិដែលសិស្សអាចអភិវឌ្ឍខ្លួនទាំងអស់នេះនឹងជួយពួកគាត់ឱ្យទទួលបានផ្លែផ្កាយ៉ាងសមប្រកបនៅក្នុងកម្រិតមហាវិទ្យាល័យ និងជីវិតការងារនាថ្ងៃអនាគត។
ជាមួយបទពិសោធថ្មីនៃកូវីដ១៩ តើលោកមានផែនការយុទ្ធសាស្ត្របែបណាសម្រាប់រយៈពេលវែង?
យុទ្ធសាស្ត្រដែលយើងផ្តោតទៅលើគុណភាពអប់រំសម្រាប់សិស្ស និងការទំនាក់ទំនងជាមួយអាណាព្យាបាល ដោយមិនផ្តោតលើប្រាក់ចំណេញជាចម្បងដូចដែលបានរៀបរាប់ខាងលើនេះបានហុចផ្លែផ្កាឱ្យយើងឃើញថាសិស្សានុសិស្សអាចសម្របខ្លួនបានយ៉ាងល្អជាមួយការសិក្សាតាមប្រព័ន្ធអនឡាញ ហើយចំណេះដឹងរបស់ពួកគាត់នៅតែមានការរីកចម្រើន។
រីឯអាណាព្យាបាលនៅតែបន្តគាំទ្រប្រតិបត្តិការរបស់យើងដដែល ដូច្នេះទោះជំងឺរាតត្បាតនេះបន្តអូសបន្លាយពេលទៅមុខ ក៏យើងជឿយ៉ាងមុតមាំថា នឹងឆ្លងផុតដោយជោគជ័យ៕ LA