
ទិដ្ឋភាពក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់សម្រាប់នាំចេញទៅបរទេស។ ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ វិនិយោគិនចិនសម្លឹងមើលឱកាសវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងយ៉ាងហោចណាស់ ២០ រោងចក្រនៅក្នុងខេត្តកំពង់ស្ពឺ ស្របពេលដែលខេត្តនេះមានសក្តានុពលលើកម្លាំងពលកម្ម និងទីតាំងភូមិសាស្ត្រ។ នេះបើតាមលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បន្ទាប់ពីមានជំនួបជាមួយវិនិយោគិនចិនក្នុងពេលថ្មីៗនេះ។
លោក វ៉ី សំណាង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃម្សិលមិញថា ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ទាំងក្នុងតំបន់ និងសកលលោកនឹងរួមចំណែកបង្កើនទំនុកចិត្តវិនិយោគិនឱ្យដំណើរការគម្រោងអាជីវកម្មរបស់ខ្លួន។
អភិបាលខេត្តរូបនេះក៏បានបង្ហាញក្តីសង្ឃឹមថា ខេត្តកំពង់ស្ពឺនឹងទទួលស្វាគមន៍រោងចក្រថ្មីយ៉ាងហោចណាស់ ២០ ដែលវិនិយោគដោយក្រុមវិនិយោគិនចិន ហើយរោងចក្រនេះអាចចាប់ផ្តើមដំណើរការចង្វាក់ផលិតកម្មនៅពេលស្ថានភាពកូវីដ ១៩ ស្ងប់ស្ងាត់។
លោកថ្លែងទៀតថា៖ «ដោយសារការរីករាលដាលជំងឺកូវីដ ១៩ ធ្ងន់ធ្ងរធ្វើឱ្យអ្នកវិនិយោគចូលមកប្រទេស យើងអត់បានបន្តកិច្ចការ ហើយកិច្ចការនេះរអាក់រអួល តែយើងនឹងខិតខំជំរុញកិច្ចការនេះបន្ថែមទៀត»។
អភិបាលខេត្តរូបនេះបានពន្យល់ថា មានកត្តាមួយចំនួនដែលបណ្តាលឱ្យខេត្តកំពង់ស្ពឺមានប្រៀបក្នុងការទទួលបានឱកាសវិនិយោគច្រើនពីបណ្តាវិនិយោគិនបរទេស គឺកត្តាទីតាំងភូមិសាស្ត្រដែលស្ថិតនៅចន្លោះរាជធានីភ្នំពេញ និងខេត្តព្រះសីហនុដែលមានកំពង់ផែសមុទ្រ ងាយស្រួលក្នុងការដឹកជញ្ជូនទំនិញនាំចេញទៅទីផ្សារអន្តរជាតិ។ កត្តាផ្សេងពីនោះមានហេដ្ឋារចនាសម្ព័ន្ធល្អ និងកម្លាំងពលកម្មមានសក្តានុពល។
លោក វី សំណាង បានឱ្យដឹងថា នៅពេលដែលរោងចក្រទាំង ២០ នោះត្រូវបានដំណើរការ ពួកគេនឹងមានតម្រូវការកម្លាំងពលកម្មប្រហែល ៥ ម៉ឺននាក់ ដើម្បីបំពេញការងារនៅទីនោះ។
ប្រឈមនឹងសក្តានុពលទាក់ទាញរោងចក្រ សហគ្រាសថ្មីៗចូលទៅកាន់មូលដ្ឋានរបស់ខ្លួន ខេត្តកំពង់ស្ពឺក៏កំពុងខ្វះកម្លាំងពលកម្ម។ នេះបើតាមការអះអាងរបស់លោក សំណាង។
លោកបញ្ជាក់៖ «ប៉ុន្តែសព្វថ្ងៃ យើងកំពុងមានបញ្ហាប្រឈមនឹងកង្វះកម្លាំងពលកម្មប្រមាណ ៧ ០០០ នាក់ ក្នុងវិស័យឧស្សាហកម្មកាត់ដេរសម្រាប់ខេត្តយើង»។
គិតមកដល់ពេលនេះខេត្តកំពង់ស្ពឺមានរោងចក្រ សហគ្រាសសរុប ៧ ៥០០ រោងចក្រ កំពុងប្រតិបត្តិការក្នុងនោះរោងចក្រ សហគ្រាសធំៗចំនួន ៣៣៥ រោងចក្រ។ សព្វថ្ងៃ រោងចក្រសម្លៀកបំពាក់ចំនួន ១៥៣ ដែលក្នុងនោះ រោងចក្រ ៤៣ បានផលិតសម្រាប់នាំចេញទៅកាន់ទីផ្សារអាមេរិក និងក្រៅពីនោះ ផលិតសម្រាប់ការនាំចេញទៅទិសដៅផ្សេងទៀត។ នេះបើតាមលោកអភិបាលខេត្ត។
កាលពីខែមករាលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា រោងចក្រសហគ្រាសចំនួន ១២៩ ត្រូវបានបិទទ្វារក្នុងឆ្នាំ ២០២០ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ ១៩ នៅក្នុងប្រទេស និងនៅលើសកលលោកបានធ្វើឱ្យកម្មករនិយោជិតចំនួន ៧១ ២០២ នាក់ (ស្រី ៥៧ ៧៩៤ នាក់) រងផលប៉ះពាល់។
លោក ហេង សួរ បញ្ជាក់ទៀតថា ទន្ទឹមនឹងការបិទរោងចក្រ ១២៩ នេះក៏មានរោងចក្រកាត់ដេរថ្មីចំនួន ១១២ រោងចក្របានបើកដំណើរការផងដែរ ដែលរោងចក្រថ្មីទាំងនេះបានបង្កើតការងារដល់កម្មករនិយោជិតចំនួន ២៣ ២០៨ នាក់ (ស្រី ១៧ ៦៣៨ នាក់)។
ការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅកម្ពុជាក្នុងឆ្នាំ ២០១៩ មានតម្លៃជាង ៣ ៥០០ លានដុល្លារ កើនឡើងជិត ១២ ភាគរយបើធៀបនឹងឆ្នាំ ២០១៨ ដែលចំនួនជិតពាក់កណ្តាលបានមកពីការបណ្តាក់ទុនរបស់វិនិយោគិនចិន។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា (NBC)។
យោងតាម NBC ក្នុងឆ្នាំ ២០១៩ លំហូរទុនវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជាមានតម្លៃសរុប ៣ ៥៨៨ លានដុល្លារ មានកំណើន ១១,៧ ភាគរយពីចំនួន ៣ ២១២ លានដុល្លារ កាលពីឆ្នាំ ២០១៨ ដោយទុនវិនិយោគមកពីចិនមាន ៤៣ ភាគរយ កូរ៉េខាងត្បូង ១១ ភាគរយ វៀតណាម ៧ ភាគរយ សិង្ហបុរី ៦ ភាគរយ ជប៉ុន ៦ ភាគរយ និង ២៧ ភាគរយពីប្រទេសផ្សេងៗ៕LA