​ខេត្តជាំងស៊ូៈ​ ខណៈ​មាន​ការ​រិះ​គន់​ចំ​ពោះ​លំ​ហូរ​ចូល​ជន​ជាតិ​ចិន​មក​ប្រ​ទេស​ កម្ពុជា ​ពិ​សេស​នៅ​​ខេត្ត​ព្រះ​សី​ហនុ​ អា​ជ្ញា​ធរ​ចិន​​​ បាន​បន្ត​​លើក​ទឹក​ចិត្ត​ ក្រុម​​វិ​និ​យោ​​គិន​ចិន​ឲ្យ​ផ្តោត​ការ​​​វិ​និ​យោគ​លើ​​ឧ​ស្សា​ហ​កម្ម​ផលិត​​​កម្ម​នៅ​ខេត្ត​​ព្រះ​សី​ហ​នុ​ ខណៈ​លោក​ប្រ​ធា​នា​ធិ​ប​តី​ ស៊ី ​ជីន​ភីង​ ចាត់​ទុក​ខេត្ត​នេះ​​ ថា​​ជា​ម៉ូ​ដែល​ (គំរូ)​ នៃ​កិច្ច​ស​ហ​ប្រ​តិ​បត្តិ​ ការ​​រវាង​​ប្រ​ទេស​​ទាំង​ ២ ​នេះ​។ ​នេះ​បើ​​​យោង​​តាម​លោក Huang Xiqiang អភិ​បាល​រង​ខេត្ត ​ជាំង​ស៊ូ​ ប្រ​ទេស​​ ចិន​​។​

លោក​ Huang ​Xiqiang ​បាន​​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌​មាន​​កម្ពុជា ​ដែល​កំ​ពុង​ធ្វើ​ទស្ស​ន​​កិច្ច​ខេត្ត​ភាគ​ខាង​ជើង​របស់​ប្រ​ទេ​ស​​ ចិន ​មួយ​នេះ​​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​មន្ដ្រី​​ខេត្ត​នេះ​តែង​ធ្វើ​ដំ​ណើរ​ទស្សន​កិច្ច​ទៅ​កម្ពុជា​ ១០ ​ដង​ក្នុង​​ ១ ​ឆ្នាំ ជា​ពិ​សេស​ដំ​ណើរ​ទស្ស​ន​កិច្ច​ទៅ​កាន់​ខេត្ត​ព្រះ​សី​ហនុ​។​

​លោក​ថ្លែង​ថា​៖ «​កម្ពុជា ​និង​ចិន​ គឺ​ជា​មិត្ត​ដ៏​ល្អ​ និង​ជា​​ប្រ​ទេស​ជិត​ខាង​ដ៏​ល្អ​។ ជាំង​ស៊ូ​ គឺ​ជា​ខេត្ត​​ ១ ​របស់​ប្រ​ទេស​ ចិន​ ដែល​​យើង​កំ​ពុង​ជំ​រុញ​​ឲ្យ​មាន​​កិច្ច​ស​ហ​ប្រ​តិ​​បត្តិ​ការ​បន្ថែម​ទៀត​ជា​មួយ​កម្ពុជា​»​។​

យោង​តាម​លោក ​Xiqiang ​តំ​បន់​សេដ្ឋ​កិច្ច​ពិ​សេស​​ក្រុង​ ព្រះ​​សី​ហ​នុ ​ដែល​ជា​ការ​​​វិ​និ​យោគ​​ដោយ​វិ​និ​យោ​គិន​ចិន​ មាន​ស​ហ​គ្រាស​ ១២៥​ ដោយ​បាន​​វិ​និ​យោគ​​ទឹក​ប្រាក់​ ៥​០០ ​លាន​ដុ​ល្លារ ​និង​បង្កើត​ការ​ងារ​ ២​១ ០០០ ​នាក់។

លោក​ប​ន្ថែម​ថា ​តំ​បន់​នេះ​គ្រោង​នឹង​បង្កើត​ការ​ងារ​ចន្លោះ​ពី ​៨០ ​០០០ ​នាក់​ទៅ​ដល់​ ១​០០ ០០​០ នាក់​បន្ថែម​ទៀត។​

លោក​ Xiqiang ​បញ្ជាក់​ថា​៖ «​សម្រាប់​ក្រុង​ព្រះ​សី​ហ​នុ ​លោក​ប្រ​ធា​នា​ធិប​តី ​ស៊ី ​ជីន​ភីង​ ចាត់​ទុក​​វា​ជា​ម៉ូ​ដែល​​មួយ​នៃ​កិច្ច​ស​ហ​​ប្រ​តិ​បត្តិ​ការ​រវាង​ ចិន​ និង​កម្ពុជា​»​។​

ខេត្ត​ព្រះ​សី​ហ​នុ​ដែល​​បាន​ក្លាយ​​ជា​ទី​កន្លែង​សម្រាប់​ការ​​វិ​និ​យោគ​​របស់​ជន​ជាតិ​ចិន​បាន​មើ​ល​ឃើញ​កំ​ណើន​ដ៏​ធំ​ ក្នុង​ឧ​ស្សា​ហ​កម្ម​ផ​លិត​កម្ម ​​​ទេស​ចរណ៍​ និង​​ឧ​ស្សា​ហ​កម្ម​ល្បែ​ង​។​ ភូមិ​សាស្ដ្រ​របស់​ខេត្ត​នេះ​ បា​ន​​បង្ហាញ​ពី​យុទ្ធ​សាស្ដ្រ​ ​សម្រាប់​ការ​ជំ​រុញ​​ហេ​ដ្ឋា​រច​នា​ស​ម្ព័ន្ធ​ខ្សែ​ក្រ​វាត់ ​និង​ផ្លូវ​របស់​ទី​ក្រុង​ប៉េ​កាំង​នៅ​អា​ស៊ី​ផង​ដែរ​​។​

លោក​ ង៉ែត​ ជូ ​ទី​ប្រឹ​ក្សា​ជាន់​ខ្ពស់​នៅ​ក្រុម​ហ៊ុន​ Emerging Markets Consulting (EMC) បាន​សា​ទរ​ចំ​ពោះ​​បំ​ណង​ណា​មួយ​នៃ​ការ​វិ​និ​យោគ​​លើ​រោង​ចក្រ​​ផលិត​កម្ម​នៅ​ខេត្ត​ព្រះ​សី​ហ​នុ​​​ ព្រោះ​ការ​វិ​និ​យោគ​បែប​នេះ​នឹង​​ផ្តល់​​ផល​ប្រ​យោជន៍​ជា​ច្រើន​សម្រា​ប់​កម្ពុជា។ ​

លោក​បន្ត​ថា ​ការ​វិ​និ​យោគ​លើ​​រោង​ចក្រ​នឹង​​ជួយ​ឲ្យ​​​កម្ពុជា​​ទទួល​​បាន​ចំ​ណេះ​ដឹង​ថ្មី​ៗ និង​​​ប្រាក់​ចំ​ណូល​ឋិត​​ថេរ​ ដែល​​ខុស​​ពី​វិ​ស័យ​​​កា​ស៊ី​ណូ​ ដែល​​​ពេល​ខ្លះ​បាន​​​​បង្ក​ឲ្យ​មាន​បញ្ហា​ជា​ច្រើន​នៅ​ក្នុង​​សង្គម​។

លោក​ថ្លែង​ថា៖ «បើ​និ​យាយ​ពី​កា​ស៊ី​ណូ​ គឺ​មិន​សូវ​​ផ្តល់​ផល​ប្រ​យោជន៍​សេដ្ឋ​កិច្ច​ខ្ពស់​ដូច​ជា​វិ​ស័យ​ផលិត​​ទេ ព្រោះ​​ការ​វិ​និ​យោគ​លើ​រោង​ចក្រ​ អាច​ជួយ​ឲ្យ​កម្ពុជា​ទទួល​បាន​ផល​ចំ​ណេញ​​​ច្រើន​រាប់​តាំង​ពី​​វត្ថុ​ធាតុ​ដើម​ក្នុង​ស្រុក កម្លាំង​ពល​កម្ម​ជំ​នាញ ​និង​អាច​ជួយ​កាត់​បន្ថយ​ចំ​ណាក​ស្រុក​»។​

ទោះ​យ៉ាង​ណា​លោក ​ង៉ែត​ ជូ​ លើក​ឡើង​ថា ដើ​ម្បី​ឲ្យ​ការ​អភិ​វឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព​ រដ្ឋា​ភិ​បាល​កម្ពុជា​ក៏​ត្រូវ​មាន​​​យន្ត​ការ និង​លក្ខ​ខណ្ឌ​​មួយ​ចំ​នួន​​ដើ​ម្បី​​គ្រប់​គ្រង​ការ​វិ​និ​យោគ​ទាំង​អស់​នេះ​ដែរ ​ដូច​ជា​ការ​ប្រើ​ប្រាស់​​​វត្ថុ​​ធាតុ​ដើម​ និង​​​ធន​ធាន​មនុស្ស​ជា​ដើម​។​

ពា​ណិជ្ជ​កម្ម​ទ្វេ​ភា​គី​រវាង​ខេត្ត ​ជាំង​ស៊ូ​ និង​កម្ពុជា​ មាន​តម្លៃ​​ ១,២ ​ពាន់​លាន​ដុ​ល្លារ​កាល​ពី​ឆ្នាំ​មុន​ ស្មើ​នឹង​ ១ ​ភាគ​ ៥ ​​នៃ​ពា​ណិជ្ជ​កម្ម​របស់​ប្រ​ទេស​ ចិន ​ជា​មួយ​កម្ពុជា​ ហើយ​រំ​ពឹង​ថា នឹង​កើន​ឡើង​ ៣០ ​ភាគ​រយ​នៅ​ឆ្នាំ​នេះ​។ នេះ​បើ​យោង​តាម​​លោក Xiqiang។​

លោក Xiqiang ថ្លែង​ថា​៖ «​យើង​នឹង​ជំ​រុញ​ស​ហ​គ្រាស​​វិ​និ​យោគ​លើ​ការ​ផលិត​នៅ​កម្ពុជា ចាប់​ពី​ការ​ប្រើ​ប្រាស់​​កម្លាំង​ពល​កម្ម ​ដល់​ការ​ប្រើ​ប្រាស់​បច្ចេក​វិ​ទ្យា​»​។ លោក​បន្តថា​៖ «​កាល​ពី​អតីត​កាល​ វា​មាន​ច្រើន​លើ​ផលិត​​កម្ម​កាត់​ដេរ​ នៅ​ពេល​អនា​គត​ យើង​នឹង​ស​ហ​ប្រតិ​បត្តិ​ការ​​លើ​បច្ចេក​វិទ្យា​ ហើយ​នេះ​សម្រាប់​យុទ្ធ​សាស្ដ្រ​ឈ្នះ​ឈ្នះ​»​។​

សេដ្ឋ​កិច្ច​របស់​ខេត្ត​ជាំង​ស៊ូ មាន​ទំ​ហំ​ ១០,​៣៨ ​​ភាគ​រយ​នៃ​សេដ្ឋ​កិច្ច​របស់​ប្រ​ទេស​ ចិន ​ ជា​មួយ​នឹង​​​ផលិត​ផល​ក្នុង​ស្រុក​សរុប ​១,២ ​ពាន់​ពាន់​លាន​ដុ​ល្លារ​​កាល​ពី​ឆ្នាំ​មុន​។​

លោក ​យន្ត ​មីន​ ​អ​ភិ​បាល​ខេត្ត ​ព្រះ​សី​ហ​នុ​ ដែល​បាន​ទស្សន​កិច្ច​​ខេត្ត​ជាំង​ស៊ូ កាល​ពី​សប្ដាហ៍​មុន​​ដើ​ម្បី​ពង្រឹង​មិត្ត​ភាព​កម្រិត​ខេត្ត ​មិន​អាច​ទាក់ទ​ង​សុំ​ការ​អត្ថា​ធិ​ប្បាយ​​បាន​ទេ​កាល​ពី​ម្សិល​មិញ​។​

លោក​ សន​ សៀប ​នា​យក​ប្រ​តិ​បត្តិ​ក្រុម​ហ៊ុន​អ​ច​ល​ន​ទ្រព្យ ​ឃី​ រៀល​អីុ​ស្ទេត បាន​ឲ្យ​ដឹង​ថា ខណៈ​លំ​ហូរ​ចូល​របស់​វិ​និ​យោ​គិន​ចិន​​បាន​ធ្វើ​ឲ្យ​តម្លៃ​អ​ច​ល​ន​ទ្រព្យ​នៅ​ខេត្ត​ព្រះ​សី​​ហ​នុ​​កើ​ន​ឡើង​ខ្លាំង ​​ការ​មាន​ការ​វិ​និ​យោគ​​ច្រើន​​លើ​រោង​ចក្រ​ផលិត​​នឹង​​​ជួយ​បង្កើត​ការ​ងារ​ថ្មី​ៗ​បន្ថែម​​ និង​​​ធ្វើ​ឲ្យ​ប្រ​ជា​ជន​​ទទួល​បាន​បទ​ពិ​សោធ​ និង​​​ចំ​ណេះ​ដឹង​​ថ្មី​ៗ​ពី​ការ​រីក​ចម្រើន​​នៃ​បច្ចេក​វិ​ទ្យា​ថ្មី​ៗ។​

លោក​​​ថ្លែង​ថា​៖ «វា​នឹង​​​ជួយ​ប្រែ​ក្លាយ​​ប្រ​ទេស​​ កម្ពុជា ​ពី​ប្រ​ទេស​កសិ​កម្ម​​ឲ្យ​ក្លាយ​ទៅ​ជា​ប្រ​ទេស​ឧ​ស្សា​ហ​កម្ម​​ ហើយ​វា​នឹង​ជួយ​លើក​ស្ទួយ​មុខ​មាត់​កម្ពុជា​លើ​ឆាក​អន្តរ​ជាតិ​ទៀត​ផង​»​។

តួ​លេខ​បាន​ពី​ខេត្ត​ជាំង​ស៊ូ​ បា​ន​បង្ហាញ​ថា គ្រាន់​តែ​ភ្ញៀវ​ទេស​ចរ​​មក​ពី​ខេត្ត​នេះ​បាន​មក​ទស្សនា​កម្ពុជា​កាល​ពី​ឆ្នាំ​ ២០១៦​ មាន​ចំ​នួន ​២​០០ ០០០ ​នាក់​។ កំ​ណើន​ភ្ញៀវ​ទេស​ចរ​នេះ បាន​នាំ​ឲ្យ​មាន​ជើង​ហោះ​ហើ​រ​ត្រង់​រវាង​ខេត្ត​​ជាំង​ស៊ូ​ និង​ព្រ​លា​ន​​យន្ត​ហោះ​អន្ត​រ​ជាតិ​​កម្ពុជា។

តួ​លេខ​បាន​ពី​ក្រ​សួង​ម​ហា​ផ្ទៃ ​បាន​បង្ហាញ​ថា​ គិត​ត្រឹម​ឆ្នាំ​នេះ ​មាន​ជន​ជាតិ​ចិន​ ២១០ ០០០​ នាក់​រស់​នៅ​​ក្នុង​​ប្រ​ទេស​ កម្ពុជា ​ធៀប​នឹង​ជាង ១០០ ​០០០ ​នាក់​​​ពី​ឆ្នាំ​មុន​។ ក្នុង​ចំ​ណោម​នេះ​ជា​ង ៧៨ ០០០​នាក់​កំ​ពុង​រស់​នៅ​​ក្នុ​ង​ខេត្ត​ ព្រះ​សី​ហ​នុ​៕LA