
ទិដ្ឋភាពនៃបណ្តាញចែកចាយអគ្គិសនីក្នុងរាជធានីភ្នំពេញ។ ហេង ជីវ័ន
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា នៅឆ្នាំ ២០២០ កម្ពុជានឹងមិនប្រឈមកង្វះការផ្គត់ផ្គង់ភ្លើងអគ្គិសនីទៀតទេ ខណៈកម្ពុជាបានត្រៀមម៉ាស៊ីនភ្លើងធំៗចំនួន ២ ដែលមានអានុភាពផលិតថាមពលសរុប ៤០០ មេហ្គាវ៉ាត់ សម្រាប់ដោះស្រាយបញ្ហាដែលអាចកើតមានឡើងដោយបញ្ហាណាមួយ។
ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលបានអនុម័តរួចហើយនូវការបញ្ជាទិញម៉ាស៊ីនភ្លើងចំនួន ២ ពីប្រទេស អាល្លឺម៉ង់ និងហ្វាំងឡង់ ដោយម៉ាស៊ីននីមួយៗមានកម្លាំង ២០០ មេហ្គាវ៉ាត់ ដើម្បីត្រៀមផ្គត់ផ្គង់ក្នុងរាជធានីភ្នំពេញ។ លោកបន្តថា ក្រៅពីការត្រៀមនៅរាជធានីភ្នំពេញ នៅតាមបណ្តាខេត្តក៏មានការដំឡើងម៉ាស៊ីនជាច្រើនទៀតផងដែរ។
លោកថ្លែងថា៖ «ការខ្វះខាតទឹកដែលនាំឲ្យប៉ះពាល់ដល់ការផលិតថាមពលអគ្គិសនីក្នុងឆ្នាំនេះ បានក្លាយជាបទពិសោធដ៏ធំសម្រាប់កម្ពុជាក្នុងការដោះស្រាយបញ្ហាប្រឈម។ នៅឆ្នាំក្រោយ កម្ពុជាគ្មានហេតុផលដាច់អគ្គិសនីទៀតទេ ដោយកម្ពុជាបានត្រៀមម៉ាស៊ីនភ្លើងផ្តល់ថាមពលរហូតដល់ ៤០០ មេហ្គាវ៉ាត់ ទុកបម្រុងនៅពេលការផលិតថាមពលអគ្គិសនីជួបបញ្ហា»។
កង្វះខាតទឹកសម្រាប់ដំណើរការតួប៊ីន នារដូវប្រាំងចាប់ពីខែមីនា ដល់ពាក់កណ្តាលខែឧសភា ឆ្នាំ ២០១៩ នេះបានធ្វើឲ្យកម្ពុជាត្រូវជួបប្រទះ ការខ្វះខាតអគ្គិសនីប្រើប្រាស់នៅទូទាំងប្រទេស ដោយបានតម្រូវឲ្យមានការកាត់ផ្តាច់ចរន្តអគ្គិសនីតាមពេលវេលា និងតាមតំបន់។
លោក ហ៊ុន សែន បានបញ្ជាក់ថា៖ «នៅឆ្នាំក្រោយនឹងមិនមានបញ្ហាបែបនេះកើតឡើងទៀតទេ បើវារីអគ្គិសនីមិនដើរ ក៏ម៉ាស៊ីន [ភ្លើង] ដើរដោយហ្គាស និងដើរដោយប្រេងនៅតែដំណើរការដែរ»។
លោកនាយករដ្ឋមន្ត្រី កន្លងមកក៏បានប្រកាសពីការនាំចូលកប៉ាល់ថាមពលពីប្រទេស តួកគី ដើម្បីបំពេញតម្រូវការដែលកំពុងខ្វះខាតផងដែរ ប៉ុន្តែក្រោយមកបានលុបចោលវិញ។
លោក ទី ថានី អនុប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា កាលពីម្សិលមិញបានប្រាប់ថា កម្ពុជាពិតជាបានបញ្ជាទិញម៉ាស៊ីនភ្លើងដែលប្រើប្រេងឥន្ធនៈចំនួន ២ គ្រឿង យកមកបម្រុងទុកសម្រាប់ប្រើប្រាស់នៅពេលដែលមានកង្វះខាតខ្លាំងដូចឆ្នាំនេះ។ ទោះយ៉ាងណាលោកមិនដឹងច្បាស់ថា ការបញ្ជាទិញនេះបានឈានដល់ដំណាក់កាលណានោះទេ។
លោកបានថ្លែងថា៖ «យើងសង្ឃឹមថា នឹងមិនមានបញ្ហាកង្វះអគ្គិសនីទៀតទៅចុះ តែយ៉ាងណាក៏យើងមិនអាចដឹងជាមុនដែរ»។
ខណៈរដ្ឋាភិបាលកំពុងមានផែនការបញ្ចុះតម្លៃអគ្គិសនីនោះ លោក ថានី បានអះអាងថា ម៉ាស៊ីននេះគឺសម្រាប់ជាការត្រៀមបម្រុងតែប៉ុណ្ណោះ ព្រោះម៉ាស៊ីននេះជាប្រភេទម៉ាស៊ីនដែលដំណើរការដោយប្រេងឥន្ធនៈ ដែលត្រូវការចំណាយថ្លៃខ្ពស់លើការផលិត។
របាយការណ៍ស្តីពីវឌ្ឍនភាពថាមពលអគ្គិសនី ដែលទើបចេញផ្សាយដោយធនាគារពិភពលោក កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា កម្ពុជាត្រូវបានចាត់ជាប្រទេសមានកំណើនគួរឲ្យកត់សម្គាល់ទាក់ទងទៅនឹងចំនួនប្រជាជនដែលមានលទ្ធភាពតភ្ជាប់បណ្តាញអគ្គិសនី ហើយស្ថិតនៅក្នុងចំណោមប្រទេស ៤ រួមមាន អាហ្វហ្គានីស្ថាន បង់ក្លាដែស និងកេនយ៉ា ដែលមានអត្រាកំណើនលឿនប្រចាំឆ្នាំ គិតចាប់ពីឆ្នាំ ២០១០ មក។
ធនាគារនេះបានឲ្យដឹងក្នុងរបាយការណ៍ស្តីពីវឌ្ឍនភាពថាមពល ឆ្នាំ ២០១៩ ថា កាលពីចុងឆ្នាំ ២០១៧ សេវាអគ្គិសនីកម្ពុជាបានគ្របដណ្តប់ដល់ ៨៩,១ ភាគរយ។
របាយការណ៍នេះបង្ហាញថា ក្នុងចំណោមលទ្ធភាពទទួលបានអគ្គិសនីប្រើប្រាស់ទាំងអស់នៅក្នុងតំបន់ជនបទរបស់ប្រទេសកម្ពុជា មាន ៦៧ ភាគរយ គឺតាមរយៈបណ្ដាញអគ្គិសនីជាតិ និង ៣១ ភាគរយ តាមរយៈការផ្គត់ផ្គង់អគ្គិសនីដោយមិនពឹងទៅលើបណ្ដាញជាតិ។ នៅតំបន់ទីក្រុង មាន ៩៧ ភាគរយតាមរយៈបណ្ដាញអគ្គិសនីជាតិ ខណៈមានត្រឹម ៣ ភាគរយប៉ុណ្ណោះ គឺជាការផ្គត់ផ្គង់អគ្គិសនីដោយមិនពឹងលើបណ្ដាញជាតិ។
របាយការណ៍ប្រចាំឆ្នាំ ២០១៨ របស់អាជ្ញាធរអគ្គិសនីកម្ពុជា (EAC) បានឲ្យដឹងថា កម្ពុជាគ្រោងនឹងបង្កើនការផ្គត់ផ្គង់ថាមពលអគ្គិសនីឲ្យដល់ ២ ៨៧០ មេហ្គាវ៉ាត់ នៅក្នុងឆ្នាំ ២០១៩ ដោយកើនឡើងពី ២ ៦៥០ មេហ្គាវ៉ាត់ ក្នុងឆ្នាំ ២០១៨។
លោក តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានឲ្យដឹងថា បញ្ហាកង្វះខាតអគ្គិសនីនាពេលកន្លងមកបានធ្វើឲ្យសហគ្រាសធុនតូច និងមធ្យម (SME) នៅកម្ពុជាជួបប្រទះនឹងបញ្ហាផ្នែកផលិតកម្មជាច្រើន។ លោកបន្តថា ប្រសិនបើកង្វះខាតនេះមានការអូសបន្លាយទៅដល់ឆ្នាំក្រោយនោះ វាអាចនឹងជះឥទ្ធិពលមិនល្អដល់អាជីវកម្មប្រចាំថ្ងៃ និងធ្វើឲ្យអ្នកវិនិយោគមានការស្ទាក់ស្ទើរក្នុងការបណ្តាក់ទុន។
លោកប្រាប់ថា៖ «ខ្ញុំសង្ឃឹមថា ឆ្នាំក្រោយយើងនឹងមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់។ ជាមួយគ្នានេះដែរប្រសិនបើនៅខ្វះ យើងក៏គួរតែមានព័ត៌មានគ្រប់គ្រាន់ជាមុនផងដែរ ដើម្បីងាយស្រួលត្រៀមខ្លួនពីចម្ងាយ»។
រោងចក្រថាមពលសូឡាដែលមានកម្លាំង ៦០ មេហ្គាវ៉ាត់ នៅខេត្តកំពង់ស្ពឺត្រូវបានគេរំពឹងថា នឹងដំណើរការពេញលេញនៅខែក្រោយ។
លោកវ៊ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា គិតត្រឹមដើមខែមិថុនា នេះ ក្រុមហ៊ុន Schnei Tec Co., Ltd ដែលវិនិយោគលើគម្រោងសាងសង់ស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ទំហំ ៦០ មេហ្គាវ៉ាត់ ក្នុងខេត្តកំពង់ស្ពឺ បានបើកដំណើរការថាមពលរបស់ខ្លួនទៅក្នុងបណ្តាញជាតិចំនួន ៤០ មេហ្គាវ៉ាត់ រួចហើយ ចំណែក ២០ មេហ្គាវ៉ាត់ចុងក្រោយ អាចនឹងរួចរាល់ក្នុងខែកក្កដា ខាងមុខ។
ទោះបីយ៉ាងនេះក្តី លោក សំណាង អះអាងថា ៖ «ដោយសារការបោះទុនវិនិយោគនៅកម្ពុជានាពេលបច្ចុប្បន្នកំពុងមានកំណើនយ៉ាងគំហុកហួសពីការព្យាករនោះ ដូច្នេះការផ្គត់ផ្គង់អគ្គិសនីនៅទូទាំងប្រទេស អាចនឹងមិនទាន់ដោះស្រាយបានទាំងស្រុងភ្លាមៗទេ»៕ LA