ភ្នំពេញៈ លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន កាលពី​ថ្ងៃ​អង្គារ​បាន​អំពាវនាវ​ឲ្យ​ប្រជាកសិករ​ត្រូវ​បង្កើន​ការបង្កបង្កើនផល​ដើម្បី​ចាប់យក​ឱកាស​បង្កើន​ការផលិត ខណៈ​ដែល​តម្រូវការ​ក្នុងស្រុក​កំពុង​កើនឡើង​។

ការអំពាវនាវ​នេះ​បាន​ធ្វើឡើង​ក្នុងអំឡុង​សន្និសីទ​ព័ត៌មាន​ស្ដីពី​កូវីដ​១៩ ដែល​រៀបចំ​ឡើង​នៅ​វិមាន​សន្ដិភាព​កាលពី​ថ្ងៃ​អង្គារ ដោយ​លោក​លើកឡើង​ថា ទន្ទឹមនឹង​ផលប៉ះពាល់​ពី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ ដែល​ធ្វើឲ្យ​សេដ្ឋកិច្ច​ពិភពលោក និង​ក្នុង​តំបន់​រួមទាំង​ប្រទេស​កម្ពុជា​ផង​មានការ​ធ្លាក់ចុះ​ភាគច្រើន​ទៅលើ​វិស័យ​សេវា និង​ឧស្សាហកម្ម​នោះ ពេល​នេះ​ជា​ឱកាស​ដ៏ល្អ​សម្រាប់​វិស័យ​កសិកម្ម​ក្នុង​ការបង្កើន​ការផលិត​។

ការអំពាវនាវ​នេះ​ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​កាលពី​ចុងខែ​មីនា និង​ដើមខែ​មេសា​នេះ​បាន​ប្រកាស​ហាមឃាត់​ការនាំចេញ​ស្រូវ អង្ករស និង​ផលិតផល​នេសាទ ដើម្បី​ធានា​ដល់​ការផ្គត់ផ្គង់​នៅក្នុង​ស្រុក​នា​អំឡុង​ការរីករាលដាល​ជំងឺ​នេះ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​អំពាវនាវ​ឲ្យ​ប្រជាជន​ត្រូវ​បង្កើន​ការធ្វើ​កសិកម្ម បន្លែ និង​ដំណាំ​កសិកម្ម​ផ្សេងទៀត​រួមទាំង​ការចិញ្ចឹម​សត្វ និង​ត្រី​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​នៅក្នុង​ស្រុក​នា​អំឡុងពេល​ដ៏ពិបាក​នេះ​។ ខ្ញុំ​គិតថា ប្រជាជន​របស់​យើង​អាចមាន​លទ្ធភាព​ក្នុង​ការផលិត​វា​បាន​»​។

លោក​បន្តថា​៖ «​ពិត​ហើយ វិស័យ​ទេសចរណ៍ និង​កាត់ដេរ​កំពុង​រង​ផលប៉ះពាល់ ប៉ុន្តែ​វា​មិន​ប៉ះពាល់​លើ​វិស័យ​កសិកម្ម​ទេ​។ ផ្ទុយទៅវិញ វា​ជា​ឱកាស​ដ៏មាន​តម្លៃ​សម្រាប់​វិស័យ​កសិកម្ម ដើម្បី​បង្កើន​ការផលិត ដូច្នេះ​ទាមទារ​ឲ្យ​ប្រជាជន​យើង​ធ្វើ​កសិកម្ម និង​បង្កើន​ស្បៀងអាហារ បន្លែ និង​សាច់ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​»​។

លោក​ក៏បាន​ជំរុញ​ឲ្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ភាគី​ពាក់ព័ន្ធ​ត្រូវ​ដឹកនាំ និង​បណ្ដុះបណ្ដាល​ប្រជាជន​ឲ្យ​ធ្វើ​កសិកម្ម ចិញ្ចឹមសត្វ និង​ដាំ​បន្លែ​ដែល​មាន​តម្រូវការ​ទីផ្សារខ្ពស់​។

លោក​បាន​លើកឡើង​ថា​៖ «​យើង​ត្រូវតែ​ប្រែក្លាយ​ពេលវេលា​ដ៏ពិបាក​នេះ​ទៅជា​ឱកាស​ដើម្បី​លើកកម្ពស់​ផលិតភាព​ក្នុង​វិស័យ​កសិកម្ម​ដែល​មាន​ដំណើរការ​យឺតយ៉ាវ​ពីមុន​។ កាលពី​ពេល​កន្លងមក កំណើន​វិស័យ​សេវាកម្ម និង​ឧស្សាហកម្ម​បាន​កើនឡើង​ខ្ពស់បំផុត ប៉ុន្តែ​កសិកម្ម​មាន​ភាពយឺតយ៉ាវ​ខ្លាំង​បំផុត​។ នៅក្នុង​ពេលអនាគត​ដ៏ខ្លី វិស័យ​កសិកម្ម​នឹង​កើនឡើង​ខ្លាំង ដោយសារ​យើង​បាន​មើលឃើញ​ឱកាស​ចាប់ពី​ពេលនេះ​»​។

លោក ឃី កុសល អគ្គលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​កាលពីមុន​ថា នៅក្នុង​វិស័យ​កសិកម្ម​កម្ពុជា​ប្រព័ន្ធ​ទឹក​មាន​សារៈសំខាន់​ណាស់ ដូច្នេះ​ត្រូវការ​ការវិនិយោគ​កាន់តែ​ខ្ពស់​។

លោក​ថ្លែងថា​៖ «​បើ​នៅពេល​អនាគត​រដ្ឋាភិបាល​តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ពិចារណា​ការកែតម្រូវការ​វិនិយោគសាធារណៈ និង​ពង្រីក​វា​ទៅដល់​ធនធានទឹក កសិករ​នឹង​ទទួល​បាន​លទ្ធភាព​កាន់តែ​ច្រើន​ក្នុងការ​ទទួលបាន​ហិរញ្ញប្បទាន​»​។

យោងតាម​ក្រសួងកសិកម្ម​ប្រជាជន​កម្ពុជា​ប្រហែល ៧៨ ​ភាគរយ​រស់នៅ​ជនបទ និង​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម​ដែល​បង្កើត​ ១ ​ភាគ​ ៣ ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ (GDP) ​របស់​កម្ពុជា និង​ផ្ដល់​ការងារ​ ៤០ ​ភាគរយ​នៃ​កម្លាំង​ពលកម្ម​សរុប​៕ LA