ភ្នំពេញៈ ការវិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៩ មានតម្លៃ​ជាង ៣ ៥០០​ លាន​ដុល្លារ​កើនឡើង​ជិត ១២​ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែល​ចំនួន​ជិត​ពាក់កណ្តាល​បាន​មកពី​ការបណ្តាក់ទុន​របស់​វិនិយោគិន​ចិន​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC)​។

«​របាយការណ៍​វឌ្ឍនភាព​ម៉ាក្រូសេដ្ឋកិច្ច និង​វិស័យ​ធនាគារ​ ២០១៩ និង​ទស្សនវិស័យ​ឆ្នាំ​ ២០២០» របស់​ធនាគារជាតិ​នៃ​កម្ពុជា​ដែល​ចេញ​ផ្សាយ​កាលពី​ចុង​សប្តាហ៍​មុន​បង្ហាញថា​ក្នុង​ឆ្នាំ​ ២០១៩ លំហូរ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​មក​កម្ពុជា​មាន​តម្លៃ​សរុប ៣ ៥៨៨ លាន​ដុល្លារ​ក្នុង​នោះ​វិស័យ​ហិរញ្ញវត្ថុ​មាន​តម្លៃ ២ ៣៨៥ លាន​ដុល្លារ និង​វិស័យ​មិនមែន​ហិរញ្ញវត្ថុ មាន ១ ២០៣ ​លាន​ដុល្លារ​។ តម្លៃ ៣ ៥៨៨​លាន​ដុល្លារ នេះ​គឺ​កើនឡើង ១១,៧ ​ភាគរយ​ពី​ចំនួន ៣ ២១២ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៨​។

ទិន្នន័យ​ឲ្យ​ដឹង​ទៀតថា​ក្នុង​ចំនួន​ទាំងអស់​គឺ​មាន​មកពី​ចិន ៤៣ ​ភាគរយ កូរ៉េ​ខាងត្បូង ១១ ​ភាគរយ វៀតណាម ៧ ​ភាគរយ សិង្ហបុរី ៦ ​ភាគរយ ជប៉ុន ៦ ​ភាគរយ និង​ប្រទេស​ផ្សេងៗ​ទៀត ២៧ ​ភាគរយ​។

សម្រាប់​ឆ្នាំ​ ២០២០ នេះ FDI រំពឹង​ថា​នឹង​បន្ត​កើនឡើង ១០ ​ភាគរយ​ដោយ​នឹងមាន​តម្លៃ​សរុប ៣ ៩៥១ ​លាន​ដុល្លារ​កំណើន ១០ ​ភាគរយ​។ នេះ​បើ​យោងតាម​ការ​ព្យាករ​របស់ NBC​។

ជាមួយ​គ្នា​នេះ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​ ២០២០ នេះ​ត្រូវ​រំពឹងថា​នឹង​សម្រេច​បាន​ក្នុង​រង្វង់ ៧ ​ភាគរយ​ដោយ​មាន​អត្រា​អតិផរណា​ប្រមាណ ២,៣ ​ភាគរយ​។ របាយការណ៍​បាន​សរសេរថា «​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក៏​នឹងត្រូវ​គាំទ្រ​ដោយ​លំហូរ​វិនិយោគ​ផ្ទាល់​បរទេស​ដែល​រំពឹងថា បន្ត​មាន​កំណើន​រឹងមាំ​ជាមួយ​នឹង​ការបង្កើន​ការវិនិយោគ​នៃ​ប្រទេស​ក្នុង​តំបន់​ដែល​អំណោយផល​ដោយ​សក្តានុពល​នៃ​សេដ្ឋកិច្ចកម្ពុជា និង​ការ​បង្វែរ​ទិសដៅ​វិនិយោគ​មក​តំបន់​អាស៊ី រួមមាន​កម្ពុជា​ផងដែរ​។

លោក​ ម៉ី កល្យាណ ​ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តមក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍ កាលពី​ថ្ងៃអាទិត្យ​ថា ការវិនិយោគ​ផ្ទាល់​ពី​បរទេស​គឺមាន​ភាពចាំបាច់​ណាស់​សម្រាប់​កំណើន​សេដ្ឋកិច្ចជាតិ ព្រោះ​តាមរយៈ FDI វា​ផ្តល់នូវ​ផលវិជ្ជមាន​ជាច្រើន​ដូចជា លំហូរ​ទុនវិនិយោគ​មក​កម្ពុជា ការបង្កើត​ការងារ​ថ្មីៗ និង​ឱកាស​បង្កើន​សមត្ថភាព​នាំចេញ​ផលិតផល​ក្នុងស្រុក​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។

លោក​បាន​ថ្លែងថា​៖ «​ប្រទេស​កម្ពុជា​ទទួលបាន​កំណើន FDI ជា​បន្តបន្ទាប់​នាពេលនេះ គឺ​ដោយសារ​កម្ពុជា​មាន​បរិយាកាស និង​ច្បាប់​វិនិយោគ​ល្អប្រសើរ វិនិយោគិន​មាន​ទំនុកចិត្ត និង​ការទទួល​បាន​ប្រាក់ចំណេញ​ពី​ការវិនិយោគ​នៅ​កម្ពុជា​មាន​ភាពសមរម្យ​»​។

ទោះយ៉ាងណា​លោក​បញ្ជាក់ថា កម្ពុជា​ក៏ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ទាក់ទង​នឹង​ភាព​លើសលប់​របស់​វិនិយោគិន​មកពី​តំបន់ ឬ​ប្រទេស​ណាមួយ​ផងដែរ​។ ការ​មាន​វិនិយោគ​គិន​ចម្រុះ​សាសន៍​ច្រើន​គឺជា​ការល្អ​សម្រាប់​សេដ្ឋកិច្ចជាតិ​។ លោក​ថ្លែងថា​៖ «​ដើម្បី​ការពារ​ហានិភ័យ យើង​មិនគួរ​ឲ្យ​ប្រទេស​ណាមួយ​មាន​ចំនួន​លើសលប់​នោះ​ទេ គឺ​គួរ​មាន​ភាពប្រហាក់ប្រហែល​គ្នា​ជា​ការល្អ​»​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ឲ្យ​ដឹងថា កម្ពុជា​ជា​ប្រទេស​ដែលមាន​សក្តានុពល​លើ​គ្រប់​វិស័យ​សម្រាប់​ការវិនិយោគ ខណៈ​ច្បាប់​វិនិយោគ​របស់​ប្រទេស​ក៏មាន​ភាពអនុគ្រោះ​ច្រើន​ដែរ​។ លោក​បន្តថា ដោយសារ​កម្ពុជា​ជា​ប្រទេស​ស្ថិតក្នុង​គម្រោង «​ខ្សែក្រវាត់​ ១ និង​ផ្លូវ​ ១» របស់​ប្រទេស​ចិន ហេតុនេះ​កម្ពុជា​នឹង​ទទួល​បាន​ការវិនិយោគ​ផ្ទាល់​ពី​បរទេស ពិសេស​ពី​ប្រទេស​ចិន​កាន់តែ​ច្រើន​បន្ថែមទៀត​នៅពេល​ខាងមុខ​។ លោក​ថ្លែងថា​៖ «​ខណៈ​កម្ពុជា និង​ចិន​អាច​នឹង​សម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយគ្នា​ក្នុងពេល​ឆាប់ៗ​នេះ ខ្ញុំ​រំពឹងថា កម្ពុជា​នឹង​ទទួលបាន​កំណើន FDI បន្ថែមទៀត​»​។

លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ឲ្យ​ដឹងថា ឆ្នាំ​ ២០១៩ អាច​និយាយថា ជា​ឆ្នាំ​ដែល​វិស័យ​អចលនទ្រព្យ និង​សំណង់​នៅ​កម្ពុជា​មាន​សម្ទុះ​រីកចម្រើន​ខ្លាំង​តាមរយៈ​ការចូល​មក​វិនិយោគ​ផ្ទាល់​ក្នុង​ចំនួន​ដ៏ច្រើន​​ពី​សំណាក់​វិនិយោគិន​ចិន​។ លោក​ថ្លែងថា​៖ «​លំហូរ​ទុនវិនិយោគ​បរទេស​នៅ​កម្ពុជា​នឹង​បន្ត​កើនឡើង​ខ្ពស់​បន្ថែមទៀត​ក្នុង​ឆ្នាំ​ ២០២០ នេះ​»​។

បើតាម​លោក សុខនីម សំណង់​ធំៗ​ដែល​កំពុង​មាន​វត្តមាន និង​កំពុង​សាងសង់​នៅ​កម្ពុជា​ពេលនេះ​គឺ​ភាគច្រើន​ជាការ​វិនិយោគ​ផ្ទាល់​របស់​បរទេស​៕LA