ភ្នំពេញៈ តម្លៃសន្ទស្សន៍ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីការចុះបញ្ជីរបស់ធនាគារអេស៊ីលីដា Acleda Bank (ABC) នៅផ្សារហ៊ុននេះកាលពីថ្ងៃចន្ទ។
យោងតាមការបិទការជួញដូរប្រចាំថ្ងៃរបស់ CSX តម្លៃសន្ទស្សន៍បានកើនឡើង ៧,២៥ ភាគរយ មានចំនួន ៧៩៣,៥៩ ពិន្ទុ កាលពីថ្ងៃព្រហស្បតិ៍ ជាមួយទំហំជួញដូរចំនួន ២៨០ ៧៩១ និងតម្លៃជួញដូរជាង ១,២៩ លានដុល្លារ។
លោក Jong Weon Ha អនុប្រធាន CSX បានទទួលស្គាល់ថា ការជួញដូរជាង ១,២៧ លានដុល្លារអាមេរិកកាលពីថ្ងៃពុធ គឺជាតួលេខដ៏ខ្ពស់បំផុតមួយរហូតមកដល់ពេលនេះ។ ការជួញដូរជាង ៩០ ភាគរយកាលពីថ្ងៃពុធនោះ គឺជាការជួញដូររបស់ធនាគារអេស៊ីលីដា ដែលបង្ហាញថាការចុះបញ្ជីរបស់អេស៊ីលីដាបានទាក់ទាញការចាប់អារម្មណ៍ខ្លាំងបំផុតពីសាធារណជន និងប្រតិបត្តិការជួញដូរស្ទើរតែរៀងរាល់នាទី។
លោកថ្លែងថា៖ «ក្នុងរយៈពេល ២-៣ ថ្ងៃដំបូង បន្ទាប់ពីការចុះបញ្ជីរបស់អេស៊ីលីដា មានការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងទីផ្សាររបស់យើង។ យើងមើលឃើញការកើនឡើងចំនួនការបញ្ជាទិញចូលក្នុងទីផ្សារនេះ ជាពិសេសសម្រាប់ភាគហ៊ុនអេស៊ីលីដា។ តម្លៃរបស់ធនាគារអេស៊ីលីដាបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីថ្ងៃជួញដូរដំបូងដែលបានកើនឡើង ៣៣ ភាគរយ ធៀបនឹងតម្លៃ IPO»។
លោកឲ្យដឹងថា មានចំណាប់អារម្មណ៍កាន់តែខ្លាំងឡើងៗពីសាធារណជនលើទីផ្សារ ហើយតម្លៃសន្ទស្សន៍ CSX ក៏មានការកើនឡើងយ៉ាងខ្លាំងផងដែរ ក្នុងអំឡុងពេល ២-៣ ថ្ងៃនេះ ដោយសារតែសមាមាត្រមូលធននីយកម្មទីផ្សារអេស៊ីលីដានៅក្នុងសន្ទស្សន៍នេះ។
លោកលើកឡើងថា៖ «ធនាគារ អេស៊ីលីដារួមចំណែកជិត ១,៨ ពាន់លានដុល្លារដល់មូលធននីយកម្មទីផ្សាររបស់ CSX ដែលធ្វើឲ្យវាក្លាយជាក្រុមហ៊ុនចុះបញ្ជីឈានមុខគេដោយមូលធននីយកម្មទីផ្សារ។ យើងរំពឹងថា នឹងមានការជួញដូរកាន់តែច្រើនឡើងៗ។ ដូចដែលខ្ញុំតែងតែលើកមកនិយាយអ៊ីចឹង គ្រឹះស្ថានហិរញ្ញវត្ថុត្រូវបានចាត់ទុកជាបេក្ខជនដ៏សមរម្យបំផុតក្នុងការឡើងផ្សារហ៊ុនជាមួយសម្ទុះថ្មីនេះ យើងជឿជាក់យ៉ាងខ្លាំងថា វានឹងទាក់ទាញក្រុមហ៊ុនមានសក្ដានុពលកាន់តែច្រើន ពិចារណាការចុះបញ្ជីនៅលើផ្សារហ៊ុនរបស់យើង»។
យោងតាមព្រឹត្តិបត្រស្ថិតិជួញដូរមូលបត្ររបស់គណៈកម្មការមូលបត្រកម្ពុជា (SECC) តម្លៃសន្ទស្សន៍ CSX បានធ្លាក់ចុះ ២២ ភាគរយនៅត្រីមាសទី ១ ឆ្នាំនេះមកនៅត្រឹម ៥៩០,៦៣ ពិន្ទុ ធៀបនឹង ៧៦១,៧៣ ពិន្ទុកាលពីចុងត្រីមាសទី ៤ ឆ្នាំមុន៕LA