ក្រុងបាងកកៈ វិនិយោគិនកូរ៉េខាងត្បូងចង់បង្កើនការវិនិយោគនៅប្រទេសថៃ បន្ទាប់ពីបានផ្តោតលើប្រទេសវៀតណាមអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។
វិនិយោគិនកូរ៉េខាងត្បូងបានចាប់អារម្មណ៍កាន់តែខ្លាំងឡើងចំពោះប្រទេសថៃ បន្ទាប់ពីលោកឧបនាយករដ្ឋមន្ត្រី Somkid Jatusripitak បានធ្វើដំណើរទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ ២០១៦។ នេះបើយោងតាមលោក Nathporn Chatusripitak អ្នកនាំពាក្យរបស់លោកឧបនាយករដ្ឋមន្ត្រី Somkid Jatusripitak។
លោក Nathporn លើកឡើងពីលោក Noh Kwangil ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ដែលកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះបានជួបប្រជុំជាមួយនឹងលោក Somkid និងលោក Kobsak Pootrakool មន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រី។
ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក Somkid លោកបានជំរុញឲ្យវិនិយោគិនកូរ៉េខាងត្បូងពិចារណាពីប្រទេសថៃ។ ដំណើរទស្សនកិច្ចនេះក៏បានបង្ហាញពីកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការកូរ៉េ-ថៃស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (Kotcom) ផងដែរ។
លោក Somkid បានប្រាប់តំណាងកូរ៉េខាងត្បូងថា ពួកគេគប្បីវិនិយោគក្នុងតំបន់ជំរុញសេដ្ឋកិច្ចពិសេសក្នុងច្រកសេដ្ឋកិច្ចភាគខាងកើត ដែលនឹងទទួលបានផលប្រយោជន៍ពីអ្នកជំនាញរបស់កូរ៉េខាងត្បូងផ្នែកបច្ចេកវិទ្យាទំនើប។
ឧបនាយករដ្ឋមន្ត្រីរូបនេះក៏បានជំរុញឲ្យប្រទេសកូរ៉េខាងត្បូង វិនិយោគផ្លូវរថភ្លើង Pink Line និង Yellow Line ផងដែរក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសាធារណៈឯកជន។
លោកបន្តថា ក្រុមហ៊ុនម៉ៅការសាងសង់របស់ប្រទេសកូរ៉េខាងត្បូងក៏អាចចូលរួមដេញថ្លៃយកកិច្ចសន្យាសាងសង់គម្រោងផ្លូវដែកល្បឿនលឿនរវាងទីក្រុងបាងកក និងខេត្តរ៉ាក់យ៉ង និងរវាងទីក្រុងបាងកក និងខេត្តហួហ៊ីនផងដែរ៕ BP