ក្រោយពីកិច្ចចរចារវាងសេតវិមានសហរដ្ឋអាមេរិក និងគណបក្សប្រជាធិបតេយ្យលើគម្រោងកញ្ចប់ថវិកាទប់ទល់នឹងផលប៉ះពាល់នៃវីរុសកូរ៉ូណាបានបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀងណាមួយរួចមក ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្ដិស្ដីពីការផ្អាកយកពន្ធលើប្រាក់ខែរបស់កម្មករនិយោជិតសហរដ្ឋអាមេរិកកាលពីរសៀលថ្ងៃសៅរ៍កន្លងទៅ។
តាមរយៈបទបញ្ជាប្រតិបត្ដិនេះកម្មករនិយោជិតដែលមានចំណូលតិចជាង ១០០ ០០០ ដុល្លារអាមេរិកក្នុង ១ ឆ្នាំនឹងទទួលបានការលើកលែងពន្ធលើប្រាក់ខែចាប់ពីថ្ងៃទី ១ ខែកញ្ញា រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០។ វិធានការនេះនឹងជួយសម្រួលដល់តម្រូវការនៃការចាយវាយប្រចាំថ្ងៃរបស់កម្មករនិយោជិត ប៉ុន្តែវាក៏អាចបណ្ដាលឱ្យមានផលអវិជ្ជមានផងដែរនៅថ្ងៃអនាគត ទោះបីជាវាគ្រាន់តែជាវិធានការបណ្តោះអាសន្នក៏ដោយ។
ក្រៅពីការផ្អាកការកាត់ពន្ធលើប្រាក់ខែ វិនិយោគិនក៏កំពុងបន្ដតាមដានលើការចរចាអំពីជំហានបន្ទាប់នៃយន្ដការស្ដារសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។
ខណៈក្ដីសង្ឃឹមកំពុងមានការកើនឡើងទៅលើគម្រោងផ្ដល់ជំនួយដល់បណ្ដារដ្ឋរងផលប៉ះពាល់ធ្ងន់ធ្ងរពីការរីករាលដាលនៃវីរុសកូរ៉ូណាដែលបានជាប់គាំងក្នុងកិច្ចចរចារវាងសេតវិមានសហរដ្ឋអាមេរិក និងគណបក្សប្រជាធិបតេយ្យ ការអូសបន្លាយនៃការឈានដល់កិច្ចព្រមព្រៀងណាមួយបែបនេះនាំឱ្យប្រាក់ដុល្លារអាមេរិកមិនអាចស្ទុះឡើងខ្លាំងនោះទេ។ ដូច្នេះ តម្លៃមាសនឹងមិនធ្លាក់ចុះខ្លាំងជាងតម្លៃបច្ចុប្បន្នរបស់វាក្នុងរយៈពេលខ្លីខាងមុខនេះ។
តម្លៃមាសមានទំនោរធ្លាក់ចុះចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុនពីតម្លៃខ្ពស់ ២ ០៧២,៥០ មក ១ ៩០១ ដុល្លារអាមេរិកក្នុង ១ អោនស៍នៅថ្ងៃអង្គារនេះ។
ដោយផ្អែកទៅលើការវិភាគព័ត៌មាន និងបច្ចេកទេស វិនិយោគិនគួរពិចារណាលក់មាសក្នុងចន្លោះតម្លៃ ១ ៩២០ ទៅ ១ ៩៧២ ដុល្លារអាមេរិកក្នុង ១ អោនស៍នៅក្នុងសប្ដាហ៍នេះ ហើយកំណត់មុខងារបញ្ឈប់ការខាតបង់នៅ ១ ៩៨០ និងកំណត់ប្រាក់ចំណេញនៅ ១ ៨៧២ ទៅ ១ ៨២៥ និង ១ ៧៥០ ដុល្លារក្នុង ១ អោនស៍៕