ភ្នំពេញ: ទីក្រុង​ភ្នំពេញ​អាច​ទទួលបាន​គម្រោង​វិនិយោគ​សាងសង់​ស្ថានីយ​ចំណត​រថយន្ត​ធុន​ធំ​ដ៏ទំនើប​លើកដំបូង​នៅ​ជាយក្រុង ខណៈ​ក្រុម​វិនិយោគិន​មកពី​ប្រទេស​ចិន​បង្ហាញ​ចំណាប់អារម្មណ៍​បោះទុន​វិនិយោគ​ ១៦០ ​លាន​ដុល្លារ​។

ក្នុង​ជំនួប​ជាមួយ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​កាលពី​ថ្ងៃ​អង្គារ​តំណាង​ក្រុមហ៊ុន​នេះ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ China Good Cars Holding Ltd បង្ហាញ​ផែនការ​បោះទុន​ ១៦០ ​លាន​ដុល្លារ វិនិយោគ​លើ​គម្រោង​សាងសង់​ស្ថានីយ​ចំណត​យានយន្ត​ធុន​ធំ​ដ៏ទំនើប​។

ទាំង​ភាគី​រដ្ឋាភិបាល និង ផ្នែក​ឯកជន​ក្នុង​វិស័យ​ដឹកជញ្ជូន​បាន​ស្វាគមន៍​ចំពោះ​ផែនការ​វិនិយោគ​នេះ​។

បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​ក្រសួង​បាន​ផ្សាយ​ថា រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​បាន​គាំទ្រ​គម្រោង​នេះ និង​បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុន​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​សិក្សា​លើ​លក្ខណៈ​បច្ចេកទេស​ឲ្យ​ល្អិតល្អន់​ហើយ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​នេះ​ត្រូវដាក់​ពាក្យស្នើសុំ​វិនិយោគ​នៅ​ច្រក​ចេញចូល​តែមួយ​នៃ​ក្រម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា​ (CLA) ​បាន​ឲ្យ​ដឹងថា ការវិនិយោគ​លើ​ចំណត​ទំនើប​នឹង​ជួយ​សម្រួលការ​ដឹកជញ្ជូន​កាន់តែ​ល្អប្រសើរ ព្រោះ​វិស័យ​ដឹកជញ្ជូន​កំពុង​ប្រឈម​ការខ្វះ​ចំណតរថយន្ត​ដឹកទំនិញ​ធំៗ​យ៉ាងខ្លាំង​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​គាំទ្រ​គម្រោង​វិនិយោគ​នេះ ព្រោះ​វា​ចាំបាច់​សម្រាប់​ម្ចាស់​រថយន្ត​ដឹកទំនិញ​ធុន​ធំ​មាន​ចំណត​ត្រឹមត្រូវ​»​។

កម្ពុជា​មាន​រថយន្ត​ចុះបញ្ជី​សរុប ៦៤០ ១៨៣ ដោយ​កើន ១៣ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០១៩៕