ភ្នំពេញៈ គណៈប្រតិភូ​នៃ​គណៈកម្មាធិការ​អចិន្រៃ្តយ៍​សភា​ប្រជាជន​ខេត្ត​សានទុង ប្រទេស​ ចិន​ បាន​បង្ហាញពី​ការចាប់​អារម្មណ៍​ចំពោះ​ការចូល​មក​វិនិយោគ​លើ​វិស័យ​កសិកម្ម និង​រោងចក្រ​កែច្នៃ​ផលិតផល​កសិកម្ម​នៅក្នុង​ខេត្តក្រចេះ​។ នេះ​បើ​យោងតាម​អភិបាលខេត្ត​ក្រចេះ​។

លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ក្រុម​ប្រតិភូ និង​វិនិយោគិន​មកពី​ខេត្ត​សានទុង​បានបង្ហាញ​ពី​ការចាប់អារម្មណ៍​ខ្ពស់​លើ​ការវិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ស្រុក​ស្នួល​ដែល​បច្ចុប្បន្ន កំពុង​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការទាក់ទាញ​វិនិយោគិន​ឲ្យ​ទៅ​បណ្តាក់ទុន​នៅ​ទីនោះ​។

លោក​ថ្លែងថា​៖ «​ក្រុម​គណៈប្រតិភូ​ចិន​បាន​មក​ពិនិត្យមើល​ស្ថានភាព​ទីតាំង​ជាក់ស្តែង និង​ធ្វើការ​វាយតម្លៃ​ពី​សក្តានុពល​មួយចំនួន ខណៈ​ពួកគេ​បង្ហាញ​ពី​ការចាប់អារម្មណ៍​លើ​ការវិនិយោគ​លើ​រោងចក្រ​កែច្នៃ​ផលិតផល​កសិកម្ម​»​។

បើតាម​លោក វ៉ា ថន បច្ចុប្បន្ន​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្រុក​ស្នួល​មាន​រោងចក្រ​កែច្នៃ​ផលិតផល​កសិកម្ម​ចំនួន​ ៩ ដោយបាន​ផ្តល់​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​។

លោក វ៉ា ថន នឹង​ដឹកនាំ​គណៈប្រតិភូ និង​អ្នកវិនិយោគ​កម្ពុជា​ទៅ​ធ្វើ​បទបង្ហាញ និង​ផ្សព្វផ្សាយ​ពី​សក្តានុពល​ឱកាស​នៃ​ការវិនិយោគ​ក្នុង​ខេត្តក្រចេះ និង​គោលនយោបាយ​អនុគ្រោះ​ផ្សេងៗ​របស់​រដ្ឋាភិបាល​នៅ​ខេត្ត​សានទុង​វិញ​ផងដែរ​នៅ​ថ្ងៃ​សុក្រ ទី​ ២៧-៣០ ខែ​ធ្នូ​។

ទាក់ទង​នឹង​ការបិទ​ល្បែង​អនឡាញ​ទាំងអស់​នៅ​កម្ពុជា​នា​ដំណាច់ខែ​នេះ លោក វ៉ា ថន បាន​និយាយ​ថា​ការបិទ​ល្បែង​អនឡាញ​នឹង​ធ្វើឲ្យ​មាន​ការវិនិយោគ​ថ្មីៗ និង​ពិតប្រាកដ​របស់​ជនជាតិ​ចិន​នៅ​កម្ពុជា​កើនឡើង​។ លោក​បន្តថា មិន​មាន​ប្រទេស​ណា​ចង់បាន​ការវិនិយោគ​បែប​ល្បែង​អនឡាញ​ឡើយ ព្រោះ​វា​ជា​ប្រភេទ​នៃ​ការវិនិយោគ​ខ្យល់​។

លោក​អះអាង​ថា​៖ «​ការបិទ​ល្បែង​អនឡាញ​នឹង​ធ្វើឲ្យ​មាន​កំណើន​នៃ​ការវិនិយោគ​ពិតប្រាកដ​ពី​ប្រទេស​ចិន​នៅ​កម្ពុជា​ដែល​វា​នឹង​ចូលរួម​ចំណែក​ក្នុង​ការឲ្យ​មាន​កំណើន​សេដ្ឋកិច្ចជាតិ​»​។

បើតាម​លោក វ៉ា ថន ការអនុវត្ត​គោលនយោបាយ​ «​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​» របស់​រដ្ឋាភិបាល​ចិន​បាន​ធ្វើឲ្យ​អ្នក​វិនិយោគ​ចិន​កាន់តែ​ច្រើន​ចាប់​អារម្មណ៍​ក្នុងការ​ចូលមក​បណ្តាក់​ទុនវិនិយោគ​នៅ​កម្ពុជា​។

ក្រចេះ​គឺជា​ខេត្ត​ដែល​មាន​សក្តានុពល​ខ្ពស់​លើ​ការវិនិយោគ​លើ​ដំណាំ​កសិកម្ម ដូចជា កៅស៊ូ ដំឡូងមី និង​ស្វាយចន្ទី​ជាដើម​។

ទោះយ៉ាងណា​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ភាគី​ចិន​កាលពី​ចុង​សប្តាហ៍​កន្លងមក​ខេត្តក្រចេះ​មិនទាន់​ទទួល​បាន​ការបញ្ជាក់​ពី​ការវិនិយោគ​ណាមួយ​ពិតប្រាកដ​នៅឡើយ​ទេ​។

នៅពេល​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្តក្រចេះ​កាលពី​សប្តាហ៍​មុន​លោក​ យ៉ាង សឹង​ ប្រធាន​គណៈប្រតិភូ​បាន​លើកឡើងថា កិច្ចសហប្រតិបត្តិការ​ដ៏ល្អ​រវាង​ខេត្ត​សានទុង និង​ខេត្តក្រចេះ​ព្រម​ជាមួយ​នឹង​នយោបាយ «​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​» របស់​ប្រទេស​ចិន​បានធ្វើ​ឲ្យ​ទំនាក់ទំនង​សេដ្ឋកិច្ច វប្បធម៌ និង​សមិទ្ធផល​ថ្មីៗ​ជាច្រើន​បាន​លេច​ឡើង​ជា​បន្តបន្ទាប់​នៅក្នុង​ខេត្តក្រចេះ​។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការបើក​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកំពត​កាលពី​ថ្ងៃទី​ ២១ ធ្នូ បានបញ្ជាក់​សាជាថ្មី​ថា​ល្បែង​ស៊ីសង​តាម​ប្រព័ន្ធ​អនឡាញ​នឹង​មិនមាន​ទៀត​ទេ​ចាប់ពី​ឆ្នាំ ២០២០ តទៅ ពីព្រោះ​ល្បែង​តាម​អនឡាញ​មាន​ផលប្រយោជន៍​តិចតួច​ដល់​សេដ្ឋកិច្ចជាតិ ប៉ុន្តែ​វា​មាន​ហានិភ័យ​ធំ​ពាក់ព័ន្ធ​នឹង​ការលាង​លុយកខ្វក់ ក្រុម​ម៉ាហ្វីយ៉ា និង​ភេរវកម្ម​។

លោក​បន្តថា មាន​មនុស្ស​មួយចំនួន​មាន​ការព្រួយបារម្ភ​អំពី​បញ្ហា​បាត់​ហ្គេម​អនឡាញ ព្រោះ​វា​ក៏​នឹង​ធ្វើឲ្យ​បាត់បង់​វត្តមាន​ជនជាតិ​ចិន​នៅ​កម្ពុជា ប៉ុន្តែ​អ្នកខ្លះ​ក៏​នាំគ្នា​ព្រួយបារម្ភ​អំពី​វត្តមាន​ជនជាតិ​ចិន​នៅ​កម្ពុជា​ផងដែរ​។

លោក​លើក​ជា​សំណួរ​ថា​៖ «​តើ​អ្នក​ចង់បាន​អ្វី​ពិតប្រាកដ​? សម្រាប់​ខ្ញុំ ខ្ញុំ​សង្កេតឃើញ​ថា បើ​សេដ្ឋកិច្ច​កម្ពុជា​ពឹងពាក់​តែ​លើ (​ហ្គេម​) អនឡាញ​កម្ពុជា​នឹង​ក្លាយ​ទៅ​ជា​អ្នករងគ្រោះ​សម្រាប់​បញ្ហា​សន្ដិសុខ​ជាតិ​របស់ខ្លួន​។ យើង​ស្ថិតនៅ​ក្រោម​ការគំរាមកំហែង​នៃ​ក្រុម​ម៉ាហ្វីយ៉ា​ដែល​ជ្រៀត​ចូល​មក​ក្នុង​ប្រទេស​របស់​យើង ដើម្បី​ធ្វើ​សកម្មភាព យើង​ក៏​ស្ថិត​នៅក្នុង​ស្ថានភាព​ដែល​នឹង​ក្លាយទៅ​ជា​ប្រទេស​នៃ​គោលដៅ​នៃ​ការលាង​លុយកខ្វក់​តាមរយៈ​អនឡាញ​»៕LA