ភ្នំពេញៈ ​វិនិយោគិន​ចិន​កំពុង​សម្លឹង​ឱកាស​លើ​គម្រោង​អភិវឌ្ឍន៍​នៅ​ច្រក​ព្រំដែន​ថ្ម​ដា​ ក្នុង​ខេត្ត​ពោធិ៍សាត់​ជាប់​ព្រំដែន​ថៃ ​ខណៈ​អាជ្ញាធរ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ​គម្រោង​បើក​ច្រក​ព្រំដែន​ថ្មី​នេះ​​នឹង​នាំ​ឲ្យ​មាន​សក្តានុពល​ពាណិជ្ជកម្ម​រវាង​កម្ពុជា ​និង​ថៃ​។

លោក​ ម៉ៅ ​ធនិន ​អភិបាល​ខេត្ត​​ពោធិ៍សាត់​ ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ម្សិលមិញ​ថា ​រដ្ឋាភិបាល​កម្ពុជា និង​​ថៃ ​បាន​​អនុម័ត​គម្រោង​បើក​ច្រក​ព្រំដែន​ថ្មី​នៅ​ថ្មដា​រួចរាល់​ហើយ ​ប៉ុន្តែ​លោក​ពុំទាន់​អាច​បញ្ជាក់​ថា​នឹង​បើក​​ពេល​ណា​នោះ​ទេ​​។

លោក​បន្ត​ថា ​ច្រក​ព្រំដែន​នឹង​ផ្តល់​​ប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​នាំចូល​កសិផល​កាន់​តែ​ច្រើន​ទៅ​ប្រទេស​ ​ថៃ​។​ លោក​ថ្លែង​ថា៖​ «ច្រក​​ថ្មដា​ជាប់​ព្រំដែន​​កម្ពុជា-​ថៃ មាន​សក្តានុពល​ណាស់​​ពាក់ព័ន្ធ​នឹង​ជីវភាព​រស់នៅ​​របស់​​​ប្រជា​ពលរដ្ឋ​ ​ពិសេស​ប្រជា​ពលរដ្ឋ​រស់នៅ​ខេត្ត​ពោធិ៍សាត់»​។​

លោក វី​មាន ​ស៊ីងផាន ​អនុប្រធាន​​សមាគម​ពាណិជ្ជកម្ម​ព្រំដែន​ថៃ-​កម្ពុជា ​នៅ​ខេត្ត​ត្រាត ​បាន​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​​ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ១​ កក្កដា ​ថា​ ក្រុម​វិនិយោគិន​ចិន​​គ្រោង​បោះទុន​ជាង ​៣២៥ ​លាន​​ដុល្លារ ​ដើម្បី​អភិវឌ្ឍ​ទីក្រុង​ថ្មី​​នៅ​ច្រក​ព្រំដែន​ថ្មដា ​ក្នុង​ស្រុក​​វាល​វែង ​ខេត្ត​ពោធិ៍សាត់​ជាប់​ព្រំ​ប្រទល់​ប្រទេស ​ថៃ។​

លោក​​បន្ត​ថា ​តាម​គម្រោង​នឹង​មាន​ការ​​សាងសង់​អគារ​ខុនដូ​ ​​សណ្ឋាគារ​ប្រណីត​លំដាប់​​ផ្កាយ ​៥ ភោជនីយដ្ឋាន ​កាស៊ីណូ ​និង​សេវាកម្ម​សាធារណៈ​​ផ្សេង​​ទៀត​ផង​ដែរ​។

ទោះ​បី​យ៉ាង​នេះ​ក្តី ​លោក ​ខូយ ​រីដា ​អភិបាល​រង​ខេត្ត​ពោធិ៍សាត់បាន​ឲ្យ​ដឹង​ថា​ លោក​មិន​បាន​ដឹក​​ពី​គម្រោង​វិនិយោគ​របស់​ចិន​​នៅ​​​តំបន់​នេះ​នៅ​ឡើយ​ទេ​ ​ខណៈ​បច្ចុប្បន្ន​ពុំទាន់​មាន​ការ​អភិវឌ្ឍ​​ហេដ្ឋា​រចនា​សម្ព័ន្ធ​អ្វី​ក្រៅ​តែ​ពី​ផ្លូវ​កៅស៊ូ​​។ ​​លោក​​បន្ត​ថា៖ ​«​ខ្ញុំ​ក៏​ទើប​តែ​ឮ​ព័ត៌មាន​នេះ​ពី​សារព័ត៌មាន​ថៃ​ដែរ​»។ ​

លោក ​ច័ន្ទ ​សុផល ​នាយក​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ​បាន​ឲ្យ​ដឹង​ថា ​អភិវឌ្ឍន៍​ច្រក​ព្រំដែន​ថ្មី​នឹង​ផ្តល់​ភាព​ងាយ​​ស្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​​រវាង​កម្ពុជា​ និង​ថៃ​ ខណៈ​វា​ក៏​នឹង​ទាក់ទាញ​វិនិយោគិន​បរទេស​ មិន​គ្រាន់​តែ​វិនិយោគិន​ចិន​នោះ​ទេ​។ លោក​បន្ត​ថា៖ ​«​ការ​​វិនិយោគ​ឲ្យ​មាន​ការងារ​ធ្វើ ឲ្យ​​មាន​ធុរកិច្ច ​និង​ពាណិជ្ជកម្ម ​ព្រោះ​ជា​ទូទៅ​ខ្មែរ​យើង​ទទួល​បាន​ការ​វិនិយោគ​ពី​បរទេស​ច្រើន​ពិសេស​ចិន​»។​

ទោះ​បី​យ៉ាង​នេះ​ក្តី​លោក​បន្ត​ថា ​ផល​អវិជ្ជមាន​នឹង​កើត​ឡើង​ប្រសិន​បើ​ការ​គ្រប់គ្រង​របស់​រដ្ឋ​មាន​ភាព​ចន្លោះ​ប្រហោង​នៅ​តំបន់​ព្រំដែន​។ ​លោក​ថា៖ ​«រឿង​​ចិន​វិនិយោគ​ជា​រឿង​ទូទៅ ​ប៉ុន្តែ​ផល​អវិជ្ជមាន​​អាច​បង្ក​ភាព​ងាយ​ស្រួល​ដល់​អំពើ​ខុស​ច្បាប់ នៅ​ពេល​បើក​ច្រក​ទូលាយ​ពេក ​ដូចជា​ការ​នាំ​គ្រឿង​ញៀន ​នាំ​ឈើ ​​ការ​នាំ​ទំនិញ​​ខុស​ច្បាប់​ជា​ដើម​»​​​។

អាជីវកម្ម​ជាង ​៩០ ​ភាគរយ ​នៅ​​ក្រុង​ព្រះ​សីហនុ​នាពេល​បច្ចុប្បន្ន​ត្រូវ​បាន​គ្រប់គ្រង​ដោយ​​ជនជាតិ​ចិន រាប់​ចាប់​តាំង​​ពី​សណ្ឋាគារ ​កាស៊ីណូ ​ភោជនីយដ្ឋាន ​រហូត​ដល់​ហាង​ម៉ាស្សា។​ នេះ​បើ​យោង​តាម​របាយការណ៍​​របស់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​។

លោក ​ស៊ាង ថៃ​ អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម ​បាន​ឲ្យ​ដឹង​ថា ​ការ​បើក​ច្រក​ព្រំដែន​ផ្លូវការ នឹង​​ទប់ស្កាត់​ទំនិញ​ខុស​ច្បាប់​ ឬ​គេច​ពន្ធ​។ លោក​បញ្ជាក់​​ថា​៖ «កាល​ណា​យើង​បើក​ច្រក​ព្រំដែន​ជា​ផ្លូវ​ការ​យើង​មាន​អាជ្ញាធរ​ទាំង​សង​ខាង​ត្រួត​ពិនិត្យ​ អ៊ីចឹង​វា​ជួយ​ទប់ស្កាត់​ការ​រត់​ពន្ធ​វិញ​ទេ​»។

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស ​កម្ពុជា​ និង​ថៃ បាន​កើន​ឡើង​ដល់​ជាង ​៧ ​ពាន់​លាន​ដុល្លារ​ នៅ​ត្រឹម​ដំណាច់​​ខែ ​តុលា​ ឆ្នាំ ​២០១៨​ ខណៈ​ដែល​ប្រមុខ​រដ្ឋាភិបាល​គ្រោង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​ដល់ ​១៥ ​​ពាន់​លាន​ដុល្លារ ​នៅ​ឆ្នាំ ​២០២០​។​ នេះ​បើតាម​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា៕LA