ភ្នំពេញៈ ក្រុមវិនិយោគិនចិនមួយក្រុមកំពុងតែសម្លឹងមើលឱកាសវិនិយោគក្នុងខេត្តកំពតលើវិស័យសក្តានុពលមួយចំនួនដូចជា ទេសចរណ៍ ឧស្សាហកម្ម និងកសិកម្ម ខណៈអ្នកប្រកបអាជីវកម្មក្នុងស្រុកបានសាទរចំពោះវត្តមានវិនិយោគចិនថ្មីនេះ។
លោក ជាវ តាយ អភិបាលខេត្តកំពតកាលពីថ្ងៃម្សិលមិញបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កាលពីថ្ងៃអង្គារលោកបានជួបពិភាក្សាជាមួយក្រុមវិនិយោគិនចិនតំណាងឲ្យក្រុមហ៊ុនចំនួន ២០ ដែលមកសិក្សាស្វែងយល់លើបរិយាកាសវិនិយោគក្នុងខេត្តកំពតដែលជាខេត្តជាប់មាត់សមុទ្រ និងនៅជិតខេត្តព្រះសីហនុដែលទទួលបានការវិនិយោគច្រើនក្នុងពេលកន្លងមក។
លោក ជាវ តាយ អះអាងថាខេត្តកំពតទទួលបានការវិនិយោគច្រើនមកហើយទាំងឧស្សាហកម្មធុនធ្ងន់ដូចជាការវិនិយោគលើរោងចក្រផលិតស៊ីម៉ងត៍ វារីអគ្គិសនី និងធុនស្រាល ដូចជា ការវិនិយោគលើកសិដ្ឋានដាំចេកអំបូងនៅស្រុកឈូក និងវិស័យទេសចរណ៍ជាដើម។
លោកថ្លែងថា៖ «ខេត្តកំពតមានសក្តានុពលវិនិយោគច្រើនរួមមានវិស័យទេសចរណ៍ ឧស្សាហកម្ម និងកសិកម្ម។ [ខ្ញុំ] សូមស្នើឲ្យវិនិយោគិនចិនមកធ្វើការវិនិយោគនៅខេត្តនេះ ដើម្បីជំរុញការអភិវឌ្ឍឲ្យកាន់តែរីកចម្រើនបន្ថែមទៀត»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានសាទរចំពោះព័ត៌មាននេះ ដោយអះអាងថាកម្ពុជាកំពុងទទួលផលប្រយោជន៍ពីសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក។ លើសពីនោះការចរចាពាណិជ្ជកម្មសេរីជាមួយប្រទេសចិនក៏នឹងនាំផលប្រយោជន៍ដល់ភាគីទាំង ២ ដែលអ្នកវិនិយោគមិនអាចមើលរំលងបាន។
លោកថ្លែងថា៖ «ចាប់តាំងពីរដ្ឋាភិបាលសម្រេចបិទល្បែងអនឡាញមកវិនិយោគិនចិនថ្មីៗជាច្រើនកំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ហើយការគាំទ្រគោលនយោបាយផ្លូវ ១ ខ្សែក្រវាត់ ១ របស់រដ្ឋាភិបាលក៏បានទាក់ទាញវិនិយោគិនចិន និងវិនិយោគិនបរទេសជាច្រើនមកកម្ពុជា»។
តាមការគ្រោងទុកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងមហាយក្សចិនគ្រោងនឹងត្រូវចុះហត្ថលេខានៅចុងឆ្នាំនេះ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានឲ្យដឹងថា ការមកសិក្សាស្វែងយល់ពីឱកាសវិនិយោគរបស់ក្រុមវិនិយោគិនចិននេះបង្ហាញឲ្យឃើញថា ពួកគេមើលឃើញពីសក្តានុពលនៅក្នុងខេត្តកំពតដែលជាខេត្តផ្តោតសំខាន់លើវិស័យទេសចរណ៍ផងដែរ។
លោកស្រីកត់សម្គាល់ថា កម្ពុជាមានគុណសម្បត្តិខ្ពស់ក្នុងការទាក់ទាញភ្ញៀវទេសចរច្រើនមកពីប្រទេសចិននាពេលអនាគត ទោះបីជាវិស័យនេះកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩ ក៏ដោយ។
លោកស្រីថ្លែងថា៖ «វាជាសញ្ញាល្អចំពោះវិស័យទេសចរណ៍នៅកម្ពុជា ដែលពួកគាត់មើលពីផលចំណេញពីវិស័យនេះបន្ទាប់ពីស្ថានភាពកូវីដ១៩ មានភាពប្រសើរឡើងវិញ។ យើងអាចនឹងទាក់ទាញវិនិយោគិនបរទេសបានកាន់តែច្រើនថែមទៀត»។
ទិន្នន័យវិនិយោគបរទេសដែលធ្លាប់ចេញផ្សាយដោយក្រសួងពាណិជ្ជកម្ម បានបង្ហាញចិនជាប្រភពការវិនិយោគផ្ទាល់បរទេសនាំមុខគេនៅកម្ពុជាក្នុងពេលប៉ុន្មានឆ្នាំជាប់ៗគ្នានេះ ដែលភាគច្រើនជាការវិនិយោគលើវិស័យកាត់ដេរ សំណង់ ទេសចរណ៍ និងថាមពលអគ្គិសនី។ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា លំហូរវិនិយោគរបស់ចិនមកកម្ពុជានៅឆ្នាំ ២០១៨ មានប្រមាណ ៣ ៥៩៤ លានដុល្លារ។
យោងតាមលោក ជាវ តាយ កាលពីឆ្នាំ ២០១៩ រដ្ឋបាលខេត្តកំពតនេះរួមទាំងរដ្ឋបាលក្រុង និងស្រុកបានចេញលិខិតអនុញ្ញាតលើគម្រោងសាងសង់សំណង់ចំនួន ២៣៨ គម្រោងដែលមានទុនវិនិយោគសរុបជាង ៣,១៣ លានដុល្លារ។
ក្នុងរយៈពេល ៥ ឆ្នាំជាប់គ្នាពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៧ ប្រទេសចិនគឺជាវិនិយោគិនផ្ទាល់ពីបរទេសឈានមុខគេរបស់ប្រទេសកម្ពុជាជាមួយនឹងទុនវិនិយោគចំនួន ៥,៣ ពាន់លានដុល្លារ ឬប្រហែល ១ ពាន់លានដុល្លារប្រចាំឆ្នាំ។ នេះបើតាមតួលេខបានពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
យោងតាមការរកឃើញដែលបានធ្វើឡើងកាលពីឆ្នាំ ២០១៦ ដោយធនាគារជាតិនៃកម្ពុជា (NBC) និងវិទ្យាស្ថានជាតិស្ថិតិ (NIS) នៅចន្លោះឆ្នាំ ១៩៩៤ និងឆ្នាំ ២០១៤ ចិន គឺជាវិនិយោគិនធំជាងគេនៅកម្ពុជាដែលមានរហូតដល់ ៤៤ ភាគរយនៃការវិនិយោគផ្ទាល់បរទេស ( FDI) មានតម្លៃ ១៩,២ ពាន់លានដុល្លារ។
ទិន្នន័យបង្ហាញថា ការវិនិយោគសរុបនៅកម្ពុជាបានកើនឡើងជិត ២ ដងដល់ចំនួន ៦,២ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៧ ដោយកើនឡើងពី ៣,៦ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៦៕