សេអ៊ួលៈ ការសន្យារបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ថានឹងបង្កើត «សេដ្ឋកិច្ចសង្គមនិយម» លើកម្មវិធីអាវុធនុយក្លេអ៊ែរដែលបានធ្វើឲ្យប្រទេសនេះក្រីក្រ និងឯកកោ អាចផ្ដល់ជាសញ្ញាកំណែទម្រង់សេដ្ឋកិច្ចតាមបែបប្រទេសចិនទោះបីជាមេដឹកនាំរូបនេះមិនដែលនិយាយដូច្នេះក៏ដោយ។ នេះបើតាមក្រុមអ្នកវិភាគ។
ស្របនឹងសេចក្ដីប្រកាសដែលថា កូរ៉េខាងជើងបានបញ្ចប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ខ្លួន និងលែងមានការសាកល្បងទៀតហើយនោះ លោក គីម បានប្រកាសថា «បន្ទាត់យុទ្ធសាស្ដ្រថ្មី» សម្រាប់គណបក្សពលករដែលកំពុងកាន់អំណាចមួយនេះនឹង «កសាងសេដ្ឋកិច្ចសង្គមនិយមមួយ»។
ពាក្យទាំងបីនេះ «បន្ទាត់យុទ្ធសាស្ដ្រថ្មី» ត្រូវបានលើកឡើង៥៦ ដងហើយនៅក្នុងសន្ទរកថារបស់លោក គីមដែលត្រូវបានរបាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន KCNA។ ប៉ុន្តែវាហាក់ដូចនៅលើផ្លូវដ៏វែងឆ្ងាយណាស់។
បន្ទាប់ពីសង្គ្រាមកូរ៉េ ប្រទេសកូរ៉េខាងជើងមានសម្បត្តិច្រើនជាងកូរ៉េខាងត្បូង ដែលទទួលអត្ថប្រយោជន៍ពីការសម្រេចចិត្តអាណានិគមជប៉ុន ដើម្បីផ្ដោតលើការធ្វើឧស្សាហូបនីយកម្មនៅទីនោះ ដោយសារតែប្រទេសនេះមានប្រភពធនធានរ៉ែ និងសក្ដានុពលថាមពលវារីអគ្គិសនីច្រើន។
ប៉ុន្តែស្ថានការនោះបានផ្លាស់ប្តូរ ដោយសារតែកូរ៉េខាងជើង ដែលយូរមកហើយត្រូវបានគេចាត់ទុកជាសេដ្ឋកិច្ច គ្រប់គ្រងដោយរដ្ឋភាគច្រើនលើពិភពលោក បានទទួលរងការឈឺចាប់ ដោយសារការគ្រប់គ្រងមិនត្រឹមត្រូវនៃសេដ្ឋកិច្ចជាច្រើនទសវត្សរ៍ ដែលបានធ្វើឲ្យកាន់តែអាក្រក់នៅពេលការដួលរលំរបបសហភាពសូវៀត ដែលបានបញ្ចប់ការគាំទ្រផ្នែកហិរញ្ញវត្ថុនៅពេលនោះ។
ប្រាក់ចំណូលជាមធ្យមមានតិចជាង១ភាគ ២០ នៃប្រាក់ចំណូលនៅប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំ២០១៦។ នេះបើយោងតាមស្ថិតិថ្មីបំផុត ដែលអាចរកបានពីទីក្រុងសេអ៊ូល។
ទីក្រុងព្យុងយ៉ាងខ្លួនឯងមិនចេញផ្សាយតួលេខនោះទេ សូម្បីតែកំណើនផលិតផលក្នុងស្រុកសរុប (GDP)។ ស្ថានការនេះកំពុងកែលម្អ ដោយសារតែទីក្រុងព្យុងយ៉ាង អនុញ្ញាតដោយស្ងៀមស្ងាត់ឲ្យទីផ្សារដើរតួនាទីដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចរបស់ខ្លួនស្ថិតក្រោមការដឹកនាំរបស់លោក គីម។
ធនាគារកូរ៉េ Bank of Korea ជាធនាគារកណ្ដាលរបស់កូរ៉េខាងត្បូងបង្ហាញថា ប្រទេសនេះបានកត់ត្រាកំណើនរហ័សបំផុតរបស់ខ្លួនក្នុងរយៈពេល១៧ ឆ្នាំកាលពីឆ្នាំ ២០១៦ ទោះបីជាកំណើននោះត្រូវបានគំរាមកំហែងដោយទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិថ្មីៗ ដែលបានដាក់លើវិស័យជាច្រើនដូចជាធ្យូងថ្ម ត្រី និងវាយនភ័ណ្ឌ ដោយសារកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនក៏ដោយ លោក Andrei Lankov នៅក្រុមហ៊ុន Korea Risk Group បានថ្លែងថា៖ «លោក គីម មានបំណងសម្រេចបានកម្មវិធីសេដ្ឋកិច្ចតាមបែបប្រទេសចិន ដែលលោកកំពុងអនុវត្តយ៉ាងមមាញឹក»។ លោកបន្តថា៖ «កំណែទម្រង់សេដ្ឋកិច្ច ដែលនឹងមិនត្រូវបានគេហៅថាកំណែទម្រង់នោះទេ»។
នៅប្រទេសជិតខាងចិន និងនៅជិតប្រទេសវៀតណាម លោក គីម មានឧទាហរណ៍ពីររបស់គណបក្សកុំម្មុយនីស្ដ ដែលបានរើសយកមូលធននិយមដោយមិនមានការគំរាមកំហែងការគ្រប់គ្រងប្រទេសមានគណបក្សតែមួយនោះទេ ទោះបីជាការពង្រឹងតួនាទីរបស់ពួកគេដោយការបង្កើនភាពមានបានក៏ដោយ។
«កំណែទម្រង់ និងការបើកចំហ» របស់លោក តេង ស៊ាវភីង កាលពីទសវត្សរ៍ ១៩៨០ ដែលបានចាប់ផ្ដើមកំណើនសេដ្ឋកិច្ចរយៈពេលវែងជាច្រើនទសវត្សរ៍ ដែលបានជំរុញប្រទេសចិនចេញពីសេដ្ឋកិច្ចដែលមានល្បឿនយឺត ទៅជាសេដ្ឋកិច្ចឈានមុខគេទី២របស់ពិភពលោក និងជាកត្តាជំរុញដ៏សំខាន់មួយនៃសេដ្ឋកិច្ចពិភពលោក។
ទីក្រុងប៉េកាំងហៅកំណែទម្រង់នេះថា ជា «សង្គមនិយមមានលក្ខណៈចិន» ហើយមន្ដ្រីជាច្រើនបានជំរុញឲ្យទីក្រុងព្យុងយ៉ាងអនុវត្តតាមគំរូរបស់ខ្លួន។
ស្ថិតក្រោមអ្វីដែលទីក្រុងព្យុងយ៉ាងហៅថា ប្រព័ន្ធគ្រប់គ្រងប្រកបដោយការទទួលខុសត្រូវរួមសង្គមនិយម ក្រុមអ្នកគ្រប់គ្រងរោងចក្របានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា នៅពេលពួកគេពេញចិត្តកូតាដែលបម្រុងទុកដល់ពួកគេដោយរដ្ឋ ពួកគេមានសេរីភាពក្នុងការទិញ និងលក់ពីក្រុមហ៊ុនផ្គត់ផ្គង់ ទៅអតិថិជនរបស់ពួកគេក្នុងតម្លៃដែលបានចរចា។
សហគ្រាសរដ្ឋ (SOE) អាចបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធ នៅក្នុងវិស័យផ្សេងទៀតនៃអាជីវកម្ម ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Koryo បានធ្វើពិពិធកម្មនៅក្នុងវិស័យជាច្រើន ដូចជាតាក់ស៊ី និងភេសជ្ជៈគ្មានជាតិស្រវឹង។
ក្រុមហ៊ុនបុត្រសម្ព័ន្ធអនុញ្ញាតឲ្យសហគ្រិនឯករាជ្យប្រកបដោយប្រសិទ្ធភាព ក្នុងការបង្កើតប្រតិបត្តិការស្ថិតក្រោមការគ្រប់គ្រងរបស់ SOE ។
កសិកម្មក៏ត្រូវបានកែទម្រង់ផងដែរ ជាមួយសមាជិកកសិដ្ឋានសហករណ៍ ដែលបង្កបង្កើនផលលើដីឡូតិ៍ផ្ទាល់របស់ពួកគេជិត ១០០ ម៉ែត្រការ៉េ ការបង្កើនការផលិតដែលត្រូវបានលក់ក្រៅប្រព័ន្ធ ទីផ្សារ ត្រូវបានរកឃើញនៅក្នុងគ្រប់ទីក្រុងកូរ៉េខាងជើង។
លោក Lankov បានព្យាករថានឹងការវិនិយោគកាន់តែច្រើនលើកំណែទម្រង់ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម ដែលរួមមានស្វ័យភាពសម្រាប់ SOE និងសិទ្ធិកាន់តែធំសម្រាប់អ្នកគ្រប់គ្រងក្នុងការរក្សាប្រាក់ចំណេញ ស្របជាមួយនឹងការអភិវឌ្ឍកសិកម្មបន្ថែម «ការធ្វើឯកជនភាវូបនីយកម្មលើដីជាពិសេស»។
លោកប្រាប់ AFP ថា លោក គីម «សង្ឃឹមថា លោកនឹងសម្រេចបានកំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាព ការកែលម្អលើកកម្ពស់កម្រិតជីវភាព»។ លោកបន្តថា៖ «ពួកគេមិនគិតពីរបៀបរស់នៅនោះទេ ពួកគេគិតតែចំនួនកាឡូរីតែប៉ុណ្ណោះ»៕ AFP/LA