
វិស័យដឹកជញ្ជូនកម្ពុជា កំពុងរងផលប៉ះពាល់បន្ថែមពីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលកំពុងរីករាលដាលក្នុងប្រទេសកម្ពុជា។ ហេង ជីវ័ន
ភ្នំពេញៈ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កំពុងតែជះឥទ្ធិពលអវិជ្ជមានបន្ថែមទៀតដល់ក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទិកនៅកម្ពុជា ខណៈវិស័យនេះទទួលរងផលប៉ះពាល់រួចហើយពីវិបត្តិសុខភាពមួយនេះ។
អ្នកក្នុងវិស័យនេះបានប៉ាន់ប្រមាណថា សកម្មភាពដឹកជញ្ជូនបានធ្លាក់ចុះប្រហែល ២០ ភាគរយ បើធៀបនឹងសកម្មភាពដឹកជញ្ជូននៅមុនព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា (CLA) លោក ស៊ិន ចន្ធី ដែលមានសមាជិកប្រមាណ ១០០ ក្រុមហ៊ុនបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ចាប់តាំងពីមានព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ សកម្មភាពជួលរថយន្តដឹកទំនិញ និងឡូជីស្ទិកយ៉ាងហោចណាស់ធ្លាក់ ២០ ភាគរយ ធៀបនឹងពេលមុនព្រឹត្តិការណ៍នេះ។
លោក ចន្ធី បានឱ្យដឹងទៀតថា ជារួមកិច្ចការទូទៅក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទិកដូចជា ការរៀបបែបបទប្រគល់ទំនិញ ការដឹកជញ្ជូន ការនាំចេញ-នាំចូល សុទ្ធតែបានធ្លាក់ចុះជាបន្តបន្ទាប់តាំងពីមានព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
លោក ចន្ធី បានរំឭកថា ការពីមុនព្រឹត្តិការណ៍នេះចាប់ពីចុងឆ្នាំ ២០២០ ដល់ដើមឆ្នាំ ២០២១ សកម្មភាពដឹកជញ្ជូនទំនិញ និងឡូជីស្ទិកហាក់មានការងើបឡើងវិញបន្តិច ប៉ុន្តែថមថយទៅវិញចាប់ពីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
លោកថ្លែងថា៖ «យើងឃើញថាមកដល់ពេលនេះក៏នៅតែថយចុះ ដោយហេតុថា តម្រូវការថមថយជាលំដាប់ ដូច្នេះសកម្មភាពដឹកជញ្ជូនក៏មាន ការធ្លាក់ចុះដែរ។ យើងមានការព្រួយបារម្ភខ្លាំង ព្រោះប្រសិនបើសភាពការណ៍នេះនៅមានបន្តរហូតដល់ពាក់កណ្តាលឆ្នាំនេះ ឬលើសពីនេះនឹងប៉ះពាល់ដល់ចំណូលរបស់ក្រុមហ៊ុនកាន់ខ្លាំង»។
លោកបន្ថែមទៀតថា៖ «នេះជាបន្ទុកបន្ថែមទៀត បន្ទាប់ពីតម្លៃដឹកជញ្ជូនតាមកប៉ាល់នៅតែតម្លៃកើនឡើង បញ្ហាកង្វះសម្បកកុងតឺន័រ និងពិបាកកក់កប៉ាល់ដឹកទំនិញជាដើម»។
លោក ឃុត សារឿន ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនដឹកជញ្ជូន SHA Transport Express Co., Ltd បានប្រាប់ថា តាំងពីផ្ទុះជំងឺកូវីដក្នុងសហគមន៍ សកម្មភាពឡូជីស្ទិកពិតជាមានការថយចុះគួរឱ្យកត់សម្គាល់នាពេលនេះ។
លោក សារឿន និយាយថា៖ «ការធ្លាក់ចុះនេះដោយសាររថយន្តជាច្រើនគ្រឿងត្រូវបានចតទុកចោលនៅកំពងផែផ្សេងៗ ព្រោះគ្មានអ្វីដឹក។ យើងនឹងរៀបចំកិច្ចប្រជុំតាមអនឡាញជាមួយបងប្អូនតំណាងមកពីវិស័យឡូជីស្ទិក ដើម្បីសិក្សាពីផលប៉ះពាល់ និងសំណូមពររបស់ពួកគេចង់ដាក់ជូនរាជរដ្ឋាភិបាលជួយ»។
បើតាមលោក ស៊ិន ចន្ធី តម្លៃដឹកជញ្ជូនពីភ្នំពេញទៅកំពង់ផែស្វយ័តក្រុងព្រះសីហនុស្ថិតនៅចន្លោះពី ២៥០-២៨០ ដុល្លារសម្រាប់កុងតឺន័រ ៤០ ហ្វីត។
លោកបញ្ជាក់ថា៖ «ខ្ញុំនៅតែសង្ឃឹមថា ស្ថានភាពនេះនឹងល្អវិញនៅពេលឆាប់ៗ»៕ LA
វីដេអូ៖