ភ្នំពេញ៖ សមាគម​ភ័ស្តុភារកម្ម​កម្ពុជា ​(Cambodia Logistics Association) បាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ពី​ផល​ប៉ះពាល់​​​ធ្ងន់ធ្ងរ​ដល់​អាជីវកម្ម​នៅ​ក្នុង​​​វិស័យ​ឡូជីស្ទិក និង​ដឹក​ជញ្ជូន​ ដែល​កំពុង​​បង្ក​ឡើង​ដោយសារ​តែ​ការ​រាតត្បាត​​នៃ​ជំងឺ​កូវីដ ​១៩។ ​នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​សមាគម​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សៅរ៍​។​

សេចក្តី​ថ្លែង​ការណ៍​បាន​ឲ្យ​ដឹង​ថា ផ្តើម​ពី​ការ​បិទ​ការ​ផ្គត់ផ្គង់​​វត្ថុ​ធាតុ​ដើម​នាំចូល​ពី​ប្រទេស ​ចិន ​​បាន​ធ្វើ​ឲ្យ​វិស័យ​ដឹក​​ជញ្ជូន​បាត់​បង់​ការងារ​មួយ​ចំនួន​ធំ ខណៈ​វិស័យ​កាត់​ដេរ​ជា​ឧស្សាហកម្ម​ដ៏​ធំ​ជាង​គេ​របស់​កម្ពុជា​ដែល​បាន​ផ្តល់​ការងារ​សេវាកម្ម​ឡូជីស្ទីក និង​ដឹក​ជញ្ជូន​​រាប់​រយ​ក្រុមហ៊ុន​នៅ​កម្ពុជា​។

ក្រោយ​មក​ការ​ផ្អាក​ការ​នំាចេញ​​ទំនិញ​របស់​រោងចក្រ​កាត់ដេរ ស្បែក​ជើង​ និង​ផលិតផល​ធ្វើ​ដំណើរ​ទៅ​កាន់​ទីផ្សារ​អាមេរិក និង​អឺរ៉ុប​ បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​បាត់​បង់​សកម្មភាព​អាជីវកម្ម​ដឹក​ជញ្ជូន​កាន់​តែ​ធ្ងន់ធ្ងរ​​ឡើង​មួយ​កម្រិត​ទៀត​។​

សេចក្តី​ថ្លែងការណ៍​ថា មិន​យូរ​ប៉ុន្មាន​ វិស័យ​អាកាសចរណ៍​មួយ​ចំនួន​បាន​ផ្អាក​ការ​ហោះហើរ​ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​សេវា​ជើង​សា​លើ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​ទាំង​អស់​​បាត់បង់​អាជីវកម្ម​ និង​រង​ការ​ខាតបង់​ជា​ទម្ងន់​នៅ​ក្នុង​ការ​ធានា​ការ​ដឹក​ទំនិញ​​តាម​កិច្ច​សន្យា​ទៅ​កាន់​អតិថិជន​នៅ​ក្រៅ​ប្រទេស​ក្នុង​កាលៈ​ទេសៈ​ដែល​​តម្លៃ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​មាន​ការ​កើន​ឡើង​យ៉ាង​គំហុក​។

បន្ថែម​ពី​លើ​នេះ​ ដោយសារ​ការ​រាត​ត្បាត​ជំងឺកូ​វីដ ​១៩​ កាន់​តែ​ខ្លាំង​ឡើងៗ​​បាន​ធ្វើ​ឲ្យ​មាន​ការ​​រឹត​បន្តឹង​​ និង​បិទ​ច្រក​ព្រំដែន​​គោក​ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​បាត់បង់​ប្រាក់​ចំណូល​ ព្រម​ទាំង​​​​ត្រូវ​​ចំណាយ​លើ​ប្រាក់​ខែ​បុគ្គលិក​ការ​ប្រាក់​ធនាគារ​ ចំណាយ​ថ្លៃ​ជួល​ការិយាល័យ​ និង​ចំណាយ​ផ្សេងៗ​ទៀត​កាន់​តែ​មាន​បន្ទុក​យ៉ាង​ខ្លាំង​។

ទន្ទឹម​នឹង​នេះ អតិថិជន​ភាគ​ច្រើន​បាន​អូស​បន្លាយ​ពេល​ក្នុង​ការ​ទូទាត់​ថ្លៃ​សេវា​​មក​ឲ្យ​ក្រុមហ៊ុន​ជា​ហេតុ​បង្ក​ឲ្យ​មាន​ការ​កក​ស្ទះ​នៃ​លំហូរ​សាច់​ប្រាក់​ ដែល​ជា​កត្តា​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ភាគ​​ច្រើន​​គ្មាន​សាច់​ប្រាក់ ​ដើម្បី​បង់​សង​កម្ចី​ត្រឡប់​ទៅ​ធនាគារ​វិញ​។​

សេចក្តី​ថ្លែង​ការណ៍​បន្ត​ថា៖ «បើ​ងាក​ទៅ​មើល​ការងារ​ពាក់ព័ន្ធ​​ក្រសួង​ស្ថាប័ន​របស់​រដ្ឋាភិបាល​វិញ​ ការ​ចាយ​វាយ​កម្រៃ​ក្នុង​ការងារ​រត់​ការ​ជើងសា​ដើម្បី​​​បំពេញ​​បែប​បទ​បញ្ចេញ​ទំនិញ​គ្មាន​ការ​បន្ធូរបន្ថយ​សោះ​​ឡើយ»​។ រីឯ​​ការ​ចុះ​ធ្វើ​សវនកម្ម​គ្រប់​ប្រភេទ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ ​កាន់​តែ​ក្លាយ​​ជា​បន្ទុក​ធ្ងន់ធ្ងរ​សម្រាប់​​វិស័យ​ឡូជីស្ទីក ក៏​ដូច​ជា​វិស័យ​ផ្សេង​ទៀត ដែល​​ធ្វើ​ម្ចាស់​អាជីវកម្ម​ទាំង​អស់​ខ្លាច​ជាង​ជំងឺ​កូវីដ ​១៩ ទៅ​ទៀត។

ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា លោក ស៊ិន ចន្ធី​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា វិស័យ​ដឹក​ជញ្ជូន​បាន​និង​បន្ត​ទទួល​រង​ផល​​​ប៉ះ​ពាល់​ជា​បន្ត​បន្ទាប់​គួរ​ឲ្យ​ព្រួយ​បារម្ភ​បំផុត​។

លោក​ថ្លែង​ថា៖ «យើង​ស្នើ​សុំ​ការ​សហការ​គ្នា​ទៅ​វិញ​ទៅ​មក ​ដើម្បី​ហែល​ឆ្លង​កាត់​គ្រាអាសន្ន​នេះ​ទាំង​អស់​គ្នា​»​។

លោក ផាន់ ផល្លា អនុ​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ដែល​ជា​សមាជិក​​​នៃ​​ក្រុម​ការងារ​ចំពោះ​​កិច្ច​រៀបចំ​ និង​គ្រប់គ្រង​ការ​ផ្គត់ផ្គង់​ និង​ថ្លៃ​ទំនិញ​យុទ្ធសាស្រ្ត​ក្នុង​អំឡុង​​ពេល​​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ​១៩​​ ​​កាល​ពី​ថ្ងៃ​អាទិត្យ ​ភ្នំពេញ​ប៉ុស្តិ៍ មិន​អាច​ទាក់ទង​បាន​ទេ​។​

លោក ឃុន សារឿន ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ដឹក​ជញ្ជូន SHA Transport Express Co., Ltd បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​​លោក​កំពុង​​ប្រឈម​នឹង​​បាត់បង់​ប្រាក់​ចំណូល ​ព្រោះ​​សកម្មភាព​ដឹក​ជញ្ជូន​​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​មិន​ធ្លាប់​មាន។

លោក​ថ្លែង​ថា៖ «​យើង​កំពុង​ជួប​បញ្ហា​នេះ​ខ្លាំង យើង​ចង់​ស្នើសុំ​ឲ្យ​ខាង​ពន្ធដារ​កុំ​ឲ្យ​ចុះ​អូឌីដ ហើយ​សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​ដល់​​វិស័យ​ឡូជីស្ទីក និង​ដឹក​ជញ្ជូន ​ដើម្បី​និរន្តរភាព​អាជីវកម្ម»​។​

កាល​ពី​ដើម​ខែ​មេសា រដ្ឋាភិបាល​បាន​ចេញ​ចំណាត់​ការ​បន្ថែម​ជួយ​ស្រោចស្រង់​សេដ្ឋកិច្ច​ដែល​រង​ផល​ប៉ះ​ពាល់​ដោយសារ​ជំងឺ​កូវីដ ១៩​ ដោយ​រដ្ឋ​បាន​សម្រេច​លើក​លែង​ការ​បង់​ពន្ធ​អប្បបរមា​ក្នុង​រយៈពេល​ ៣ ​ខែ​ដល់​វិស័យ​អាកាសចរណ៍​ និង​​លើកលែង​ការ​បង់​ពន្ធ​ប្រចាំ​ខែ​គ្រប់​ប្រភេទ​សម្រាប់​ប្រតិបត្តិករ​ក្នុង​វិស័យ​ទេសចរណ៍​៕​ LA