ក្រុងហូស្តុនៈ ជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិន ដែលកំពុងបន្តកើតមាន នឹងមានផលប៉ះពាល់អវិជ្ជមានដល់ឧស្សាហកម្ម និងការងារដែលពាក់ព័ន្ធនឹងថាមពលនៅសហរដ្ឋអាមេរិក។ នេះបើយោងតាមក្រុមអ្នកវិភាគ។
លោក Guan Linhua អគ្គនាយកក្រុមហ៊ុន Surge Energy America ដែលជាក្រុមហ៊ុនផលិត និងរុករកប្រេងដែលមានមូលដ្ឋាននៅរដ្ឋតិចសាស់ បានថ្លែងថា ក្រុមហ៊ុនប្រេង និងឧស្ម័នជាច្រើនរបស់អាមេរិក ប្រើប្រាស់បំពង់ និងឧបករណ៍ការពារបំពង់ប្រេងរបស់ប្រទេស ចិន «ដូច្នេះពន្ធនឹងបង្កើនការចំណាយរបស់ក្រុមហ៊ុនប្រេង និងឧស្ម័ននៅសហរដ្ឋអាមេរិក» ។
ក្នុងការកើនឡើងភាពតានតឹងពាណិជ្ជកម្ម ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី ១០ ខែ ឧសភា បានដំឡើងពន្ធបន្ថែមលើទំនិញនាំចូលពីចិនដែលមានតម្លៃ ២០០ ពាន់លានដុល្លារពី ១០ ភាគរយ ដល់ ២៥ ភាគរយ ហើយបានគំរាមដំឡើងពន្ធលើទំនិញនាំចូលពីចិនផ្សេងទៀត ។ ជាការឆ្លើយតប ប្រទេស ចិន បានដំឡើងពន្ធបន្ថែមលើទំនិញនាំចូលពីអាមេរិកជាច្រើនផងដែរ រួមទាំងឧស្ម័នធម្មជាតិកាលពីថ្ងៃទី ១ ខែ មិថុនា។
យោងតាមលោក Guan ការដំឡើងពន្ធនឹងឈានទៅរកការលុបចោលគម្រោងឧស្ម័នធម្មជាតិតម្លៃរាប់ពាន់លានដុល្លារមួយចំនួននៅរដ្ឋតិចសាស់ និងរដ្ឋ Louisiana ដែលបង្កឲ្យក្រុមហ៊ុនអាមេរិកស្ថិតក្នុងស្ថានភាពលំបាក។
តួលេខតាមដានកប៉ាល់ដឹកថាមពល បានបង្ហាញថា រហូតមកទល់ពេលនេះ មានតែកប៉ាល់ដឹកឧស្ម័នតែ ២ ប៉ុណ្ណោះ បានចាកចេញពីសហរដ្ឋអាមេរិកទៅប្រទេស ចិន បើធៀបនឹងចំនួន ១៤ កប៉ាល់នៅក្នុងរយៈពេល ៤ ខែដំបូងកាលពីឆ្នាំ ២០១៨។
ចាប់ពីខែ កុម្ភៈ ឆ្នាំ ២០១៦ ដល់ខែ កក្កដា ឆ្នាំ ២០១៨ ចិនគឺជាប្រទេសនាំចូលឧស្ម័នធម្មជាតិធំជាងគេរបស់អាមេរិក។ តែចិនមិនបានជាប់ចំណាត់ថ្នាក់ក្នុងចំណោមអតិថិជនធំទាំង ១៥ របស់អាមេរិកទេនៅឆ្នាំនេះ។
លោក Guan បានថ្លែងថា ក្រុមហ៊ុនថាមពលអាមេរិក នឹងត្រូវទិញផលិតផលនានាពីប្រទេសផ្សេងវិញ បើពួកគេមិនអាចទិញពីចិនបាន ខណៈដែលក្រុមហ៊ុនផលិតឧបករណ៍ប្រេង និងឧស្ម័នចិន និងក្រុមហ៊ុនផលិតសេវាក្នុងវិស័យនេះត្រូវស្វែងរកអតិថិជនថ្មីសម្រាប់ផលិតផលរបស់ពួកគេ ។
លោកបន្ថែមថា ការណ៍នេះនឹងមានផលប៉ះពាល់ធ្ងន់ធ្ងរលើភាគីទាំង ២ ក្នុងរយៈពេលវែង។
ទន្ទឹមនឹងនេះដែរ ជម្លោះពាណិជ្ជកម្មក៏នឹងជះឥទ្ធិពលទៅលើឧស្សាហកម្មផ្សេងទៀតរបស់អាមេរិកផងដែរ ដូចជាវិស័យដឹកជញ្ជូនជាដើម។
លោក Charles Knobloch អតីតប្រធានផ្នែករៀបចំសន្និសីទ Offshore Technology Conference ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំនៅទីក្រុងហូស្តុនថ្លែងថា តិចសាស់នឹងមើលឃើញការធ្លាក់ចុះបរិមាណនៅកំពង់ផែរបស់ខ្លួន។
ដោយសំដៅលើកំពង់ផែ Greater Port of Houston ដែលជាកំពង់ផែធំជាងគេនៅសហរដ្ឋអាមេរិក លោក Knobloch ថ្លែងថា៖ «អាចមានការធ្លាក់ចុះបរិមាណចរាចរណ៍ ដែលចូល និងចាកចេញពីកំពង់ផែ ។
យោងតាមទិន្នន័យផ្លូវការ កំពង់ផែនេះ បានបង្កើតប្រាក់ចំណូលសម្រាប់សេដ្ឋកិច្ចចំនួន ៨០១,៩ ពាន់លានដុល្លារ និងជាង ៣៨,១ ពាន់លានដុល្លារជាប្រាក់ចំណូលពន្ធ ព្រមទាំងបង្កើតឱកាសការងារបាន ៣,២ លានកន្លែង។
លោក Guan និងលោក Knobloch បារម្ភថា ជម្លោះពាណិជ្ជកម្មក៏អាចដាក់បន្ទុកធ្លាក់ចុះដល់តម្លៃប្រេងឆៅផងដែរ ខណៈដែលការថមថយកំណើនសេដ្ឋកិច្ចនឹងឈានទៅរកតម្រូវការប្រេងកាន់តែតិច ។
អ្នកវិភាគទាំង ២ បានអំពាវនាវឲ្យប្រទេសទាំង ២ ស្វែងរកដំណោះស្រាយតាមរយៈការសន្ទនា៕ People''s Daily/KC