
លោក ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ រូបថត ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ជាយូរមកហើយដែលវិស័យសូត្ររបស់កម្ពុជាស្ទើរតែផុតជីវិតរហូតមកដល់ពេលនេះ ដោយសារតែវាត្រូវបានគេទុកចោលមិនអភិវឌ្ឍ ហើយមានតែកសិករតិចតួចប៉ុណ្ណោះដែលបន្តកិច្ចការដាំដុះមកសម្រាប់សិប្បកម្មជាលក្ខណៈគ្រួសារ។ ជាលទ្ធផលកម្ពុជាបាននាំចូលសូត្រយ៉ាងហោចណាស់ ៤០០ តោនក្នុងមួយឆ្នាំដែលមានតម្លៃ ៣០ លានដុល្លារ។
ដោយមើលឃើញពីហានិភ័យចំពោះវិស័យនេះគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍ផលិតកម្មសូត្រត្រូវបានបង្កើតឡើងដោយមណ្ឌលស្រាវជ្រាវសូត្រកម្ពុជានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។ គម្រោងនេះត្រូវបានផ្តួចផ្តើមគំនិតដោយលោកបណ្ឌិត ម៉ី កល្យាណក្រោយក្លាយជាប្រធានក្រុមប្រឹក្សាភិបាល RUPP។
អ្នកយកព័ត៌មានភ្នំពេញប៉ុស្តិ៍ លោក ហ៊ គីមសាយ បានជួបជាមួយលោក ម៉ី កល្យាណ ដើម្បីស្វែងយល់ពីតួនាទីគម្រោងនេះក្នុងការកែលម្អខ្សែចង្វាក់ផលិតកម្មសូត្រកម្ពុជា។
តើស្ថានភាពផលិតកម្មសូត្រនៅកម្ពុជានាពេលបច្ចុប្បន្ននេះយ៉ាងដូចម្តេចដែរ?
សព្វថ្ងៃនេះយើងមានផលិតផលសម្រេចធ្វើពីសូត្រ តែយើងមិនមានខ្សែចង្វាក់ផលិតកម្មពេញលេញទេ។ កិច្ចការភាគច្រើនគ្រាន់តែត្បាញ និងជ្រលក់ពណ៌។ យើងមានកសិករចិញ្ចឹមដង្កូវនាង និងដាំមន តែយើងធ្វើតាមទម្លាប់ពីដូនតាយើង ដោយមិនមានមជ្ឈមណ្ឌលស្រាវជ្រាវ បន្សុទ្ធពូជ តាមបច្ចេកទេសត្រឹមត្រូវទេ ដែលធ្វើឲ្យសរសៃសូត្រមិនមានគុណភាពល្អ ឬមានផលិតភាពទាប។ ឧទាហរណ៍ថា យើងចិញ្ចឹមដង្កូវនាង ១០០ អត្រាស្លាប់មានរហូតដល់ទៅ ៨០ ភាគរយទៅហើយ។
តើការផ្តួចផ្តើមបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវសូត្រនេះឡើងនៅ RUPP មានគោលបំណងអ្វី ហើយមានសារៈសំខាន់យ៉ាងដូចម្តេច?
គោលបំណងរបស់យើងដែលរួមមានសាស្ត្រាចារ្យ និងនិស្សិត គឺចង់ឲ្យមានផលិតផលសម្រេចដែលធ្វើចេញពីសូត្រនៅកម្ពុជា។ យើងចង់បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវប្រកបដោយវិជ្ជាជីវៈសម្រាប់កសិករក្នុងវិស័យសូត្រនេះ ដោយសាកលវិទ្យាល័យនឹងក្លាយជាទីតាំងសម្រាប់ការស្រាវជ្រាវ ផ្គត់ផ្គង់ដង្កូវនាងដែលមានពូជល្អ សុខភាពល្អ អាចផលិតសរសៃសូត្រដែលមានផលិតភាពខ្ពស់។ យើងជាអ្នកសម្របសម្រួលកិច្ចការផ្សេងៗនៅសហគមន៍កសិករ។ ឧទាហរណ៍ក្នុងករណីដង្កូវមានជំងឺ ក្រុមការងាររបស់សាកលវិទ្យាល័យនឹងជួយសិក្សា និងស្វែងរកដំណោះស្រាយ។
អ្វីជាភាពពិសេសនៃគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍សូត្រចេញពី RUPP នេះ?
ខ្ញុំគិតថាយើងមានធនធានមនុស្សគ្រប់គ្រាន់ សម្រាប់ការងារក្នុងខ្សែចង្វាក់ផលិតកម្មសូត្រនេះ។ ចេញពីសាកលវិទ្យាល័យ យើងមានការចូលរួមពីមហាវិទ្យាល័យវិស្វកម្មដែលជាអ្នករចនាប្លង់មជ្ឈមណ្ឌលសូត្រ ប្លង់មន្ទីរពិសោធន៍ដែលស្របតាមស្តង់ដារ។ យើងមានការចូលរួមពីមហាវិទ្យាល័យជីវវិទ្យាដែលមានបច្ចេកទេសក្នុងការចិញ្ចឹមសម្រិតសម្រាំងជ្រើសរើសពូជ និងបន្សុទ្ធពូជដង្កូវនាង និងដើមមន។ យើងទទួលការចូលរួមពីខាងវិស្វកម្មជីវសាស្ត្រដែលមានជំនាញសិក្សាផលិតផលនានាដែលអាចចម្រាញ់ចេញពីប្រូតេអ៊ីនរបស់ដង្កូវនាង ដូចជាសាប៊ូ និងផលិតផលកែសម្រស់ផ្សេងៗមួយចំនួនទៀត។
យើងមានមហាវិទ្យាល័យអភិវឌ្ឍន៍សហគមន៍ ដែលផ្សារភ្ជាប់ពីមជ្ឈមណ្ឌលទៅសហគមន៍ដែលជាកសិករចិញ្ចឹមដង្កូវនាង និងដាំមន។ យើងមានក្រុមទីផ្សារដែលភ្ជាប់សហគមន៍ដែលផលិតបានសូត្រហើយទៅកាន់ទីផ្សារ។ អ៊ីចឹងយើងមើលខ្សែចង្វាក់ផលិតកម្មទាំងអស់ហ្នឹង ដែលយើងគិតថាជារឿងត្រូវធ្វើ និងធ្វើឲ្យបានដាច់ខាត។
តើផលិតកម្មសូត្រដែលពេញលេញមានអត្ថប្រយោជន៍ដូចម្តេចខ្លះដល់សេដ្ឋកិច្ច?
វាជាចំណូលបន្ថែមសម្រាប់កសិករ។ តាមការសិក្សា កសិករអាចរកប្រាក់ចំណូលពីការចិញ្ចឹមដង្កូវនាង និងដាំសូត្រនេះបើប្រៀបធៀបនឹងដំណាំស្រូវ។ ក្នុងមួយហិកតា ការដាំមន និងដង្កូវនាង កសិករអាចធ្វើបានយ៉ាងតិច ៥ ដងក្នុងមួយឆ្នាំអាចទទួលបានចំណូលប្រហែល ៥ ០០០ ដុល្លារក្នុងមួយឆ្នាំ។ សូត្រ មិនមែនគ្រាន់តែផ្តល់អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច តែក៏ជាការជួយលើកតម្កើងដល់វប្បធម៌។ ជួយលើកកម្ពស់សមភាពយេនឌ័រ និងរួមចំណែកកាត់បន្ថយភាពក្រីក្រ។ សម្បុកដង្កូវនាង មិនមែនសម្រាប់តែសរសៃសូត្រទេ តែអាចកែច្នៃផលិតផលផ្សេងៗផងដែរ។ ដើមមនក៏អាចធ្វើជាតែ ដំណាប់ និងផលិតផលកែច្នៃផ្សេងៗ។
តើគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍សូត្រដូចជាការសាងសង់មណ្ឌលស្រាវជ្រាវ និងការបង្កើតសហគមន៍អ្នកចិញ្ចឹមដង្កូវនាងមានការវិវឌ្ឍយ៉ាងណា?
យើងចាប់ផ្តើមសាងសង់មជ្ឈមណ្ឌលពិសោធន៍មួយហើយដោយថ្មីៗនេះយើងទទួលបានជំនួយពីជប៉ុនដែលមានតម្លៃជាទឹកប្រាក់ ៩០ ៨៣៤ ដុល្លារ។
ទឹកប្រាក់ដែលនៅសេសសល់ជាការចំណាយរបស់ RUPP។ យើងមានការដាំដើមមនលើផ្ទៃដី ១១ ហិកតានៅខេត្តកំពង់ស្ពឺ និងមានរោងសម្រាប់ចិញ្ចឹមដង្កូវនាងដែលទើបចាប់ផ្តើមដំណើរការ។ យើងនឹងមានសរសៃសូត្រដំបូងចេញពីគម្រោងនេះពីខេត្តកំពង់ស្ពឺអំឡុងខែមិថុនា ឬ កក្កដាខាងមុខ។ យើងនឹងព្យាយាមពង្រីកទៅខេត្តគោលដៅផ្សេងៗទៀត។
លោករំពឹងថាពេលណាដែលកម្ពុជាអាចមានលទ្ធភាពធ្វើឲ្យមានចង្វាក់ផលិតកម្មសូត្រពេញលេញដោយខ្លួនឯង?
យើងត្រូវការសរសៃសូត្រប្រមាណ ៤០០ តោនក្នុងមួយឆ្នាំដូច្នេះយើងត្រូវការចម្ការមនយ៉ាងហោចណាស់ ៥ ០០០ ហិកតា។ អ៊ីចឹងមានន័យថា យើងត្រូវរង់ចាំរហូតដល់កសិករចាប់អារម្មណ៍ច្រើន ហើយមានផ្ទៃដីដាំដុះមនសម្រាប់ចិញ្ចឹមដង្កូវនាងដល់យ៉ាងហោចណាស់ ៥ ពាន់ហិកតាសិន។ អ្វីដែលយើងដឹងគឺថា ប្រទេសផលិតសូត្រដូចជា ជប៉ុន កូរ៉េ គេលែងធ្វើយូរដែរហើយ។
ប្រទេសចិន និង ថៃ ជាដើមក៏លែងធ្វើសូត្រដែរ ហើយងាកទៅរកផលិតកម្មផ្សេងដែលចំណេញច្រើនជាងដោយសារថ្លៃពលកម្មកាន់តែខ្ពស់។ វាជាឱកាសសម្រាប់ខ្មែរយើង ដែលត្រូវធ្វើឧស្សាហកម្មនេះឲ្យបាន ព្រោះយើងនៅមានថ្លៃផលិតកម្មទាប៕