ភ្នំពេញៈ ទោះបី​ប្រទេស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក និង​តំបន់​រួមទាំង​កម្ពុជា​កំពុង​ប្រយុទ្ធ​នឹង​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ វិស័យ​ហិរញ្ញវត្ថុ​នៅតែ​ដើរតួនាទី​ដ៏សំខាន់​ក្នុង​ការបញ្ចេញ​មូលនិធិ​កាន់តែច្រើន​ទៅក្នុង​សេដ្ឋកិច្ច ដើម្បី​ធ្វើឱ្យ​អាជីវកម្ម​នៅ​បន្តសកម្មភាព​ជា​ប្រក្រតី​។

ការរីករាលដាលនៃជំងឺ​កូវីដ​ ១៩ ក្នុង​សហគមន៍​ ជាពិសេសព្រឹត្តិការណ៍សហគមន៍ ២០ ​កុម្ភៈ ទោះបី​មិនទាន់​បញ្ចប់ក្តី ប៉ុន្តែ​វា​ស្ថិតក្រោម​ការគ្រប់គ្រង​ ហើយ​រដ្ឋាភិបាល​ក៏​ចាប់ផ្ដើម​បើក​ដំណើរការ​សេដ្ឋកិច្ច​ឡើងវិញ​ដោយ​ការប្រុងប្រយ័ត្ន តាមរយៈ​ការបង្កើនល្បឿននៃការ​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​ឱ្យបាន​ច្រើន​។

លោក ហេង កូយ​ ប្រធានចាត់ការទូទៅ ​នៃ​សមាគម​ធនាគារនៅ​កម្ពុជា​ (ABC) បានផ្ដល់​បទសម្ភាស​តាម​អនឡាញ​ជាមួយ​លោក ម៉ៃ គុណមករា ការីនិពន្ធ​ព័ត៌មាន​សេដ្ឋកិច្ច​នៅ​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍ ដោយពិភាក្សា​អំពី​តួនាទី​វិស័យ​ហិរញ្ញវត្ថុ​ក្នុងអំឡុងពេល​វិបត្តិ​សុខភាពពិភពលោក​នេះ​។

តើ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ (FIs) បាន​ជួយ​អ្វីខ្លះ​ដល់​អតិថិជន​ចាប់តាំងពី​ការបិទខ្ទប់​រហូតមក​ដល់​ពេល​នេះ​?

គិត​ត្រឹម​ចុងខែ​កុម្ភៈ ជំងឺ​កូវីដ ១៩ បានចាប់ផ្ដើម​រីករាលដាល​ក្នុងប្រទេស​កម្ពុជា និង​បាន​ប៉ះពាល់​ខ្លាំង​លើ​គ្រប់​ទិដ្ឋភាព​នៅក្នុង​ប្រទេស​កម្ពុជា​។ ស្ថានការណ៍​នេះ​បាន​បង្ក​ការពិបាក​ខ្លាំង ពិសេស​អ្នក​នៅក្នុង​តំបន់​បិទខ្ទប់​។ ពិត​ហើយ សេដ្ឋកិច្ចកម្ពុជា និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ព្រមទាំង​សមាជិក ABC ទាំងអស់​មិនមាន​ភាពស៊ាំ​ទៅនឹង​ផលប៉ះពាល់​ដ៏ខ្លាំង​ទាំង​នោះទេ​។ ធនាគារ និង MFI ទាំងអស់​បានផ្តល់ការអនុគ្រោះដល់ អតិថិជន របស់ខ្លួនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ ១៩ ដោយអនុញ្ញាតឲ្យ​អតិថិ​ជន​ធ្វើឥណទានរៀបចំឡើងវិញ ដែល មានទំហំទឹក​ប្រាក់ប្រមាណ ៤,៥ ​ពាន់​លាន​ដុល្លារគិតត្រឹមខែមីនា ឆ្នាំ ២០២១។

យើង​ក៏​សង្កេតឃើញ​ថា រដ្ឋាភិបាល​កំពុង​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ ដើម្បី​គាំទ្រ​ដល់​វិស័យ​ទាំងអស់ និង​បន្ធូរបន្ថយ​ភាពតានតឹង​លើ​ប្រជាជន ព្រមទាំង​គ្រឹះស្ថាន​របស់​យើង​ផងដែរ​។

ក្នុងបរិការណ៍នៃការឆ្លងរាលដាលនៃ ជំងឺកូវីដ ១៩ នេះ សមាជិក ABC ក៏បាន​បង្ហាញ​សាមគ្គីភាព​គ្នា​យ៉ាងខ្លាំង គឺ​មិន​ត្រឹមតែ​ការចែករំលែក​ផែនការ​សកម្មភាព និង​ការគាំទ្រ​ទៅដល់​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បរិច្ចាគទាំង​ហិរញ្ញវត្ថុ​មួយចំនួន ព្រមទាំង​ស្បៀងអាហារ​ដើម្បី​គាំទ្រ​រដ្ឋាភិបាល​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ ១៩​។

លើសពីនេះ​ទៀត ABC និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) ដោយទទួលបានការអនុញ្ញាតពី រាជរដ្ឋាភិបាលកម្ពុជា សមាគមទាំងពីរ បាន​ចូលរួមគាំទ្រ​យ៉ាងសកម្ម​ក្នុង​ការជួយ​សម្រួលដល់​កម្មវិធី​ចាក់​វ៉ាក់សាំង​សម្រាប់​បុគ្គលិកជួរមុខ​ទាំងអស់​របស់​គ្រឹះស្ថានធនាគារនិង​ហិរញ្ញវត្ថុ​។

ការណ៍​នេះ​នឹង​ជួយ​ធានា​ឱ្យ​ប្រាកដថា គ្រឹះស្ថានធនាគារនិង​ហិរញ្ញវត្ថុ​យើង​អាច​ប្រតិបត្តិការ និង​ផ្ដល់​សេវាកម្ម​របស់ខ្លួន​ដល់​អតិថិជន និង​សេដ្ឋកិច្ច​ជាធម្មតា​។ ពិត​ហើយ​ការណ៍​នេះ​ក៏​នឹង​ធានា​ឱ្យ​ប្រាកដថា អតិថិជន​មាន​សុវត្ថិភាព​រាល់ពេល​មកទទួលសេវាកម្មធនាគារនៅតាមសាខា​ដោយផ្ទាល់នឹងមិនមានហានិភ័យឆ្លងជំងឺកូវីដ ១៩ ។

តើ​វិធានការ​ណាខ្លះ​ដែល​ឧស្សាហកម្ម​នេះ​អនុវត្ត ​ដើម្បី​ជួយ​សម្រាល​បន្ទុក​អតិថិជន ក្នុង​អំឡុង​វិបត្តិ​សុខភាព​នេះ​?

កាលពី​ថ្ងៃទី​ ៧ ដល់​ថ្ងៃទី​ ១១ ​ខែ​មេសា ABC និង CMA បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​រួមមួយ​ ដើម្បី​គាំទ្រ​បន្ថែម​ដល់​រាជរដ្ឋាភិបាល និង​អតិថិជន ដែល​រង​ផលប៉ះពាល់​ ដោយសារ​ជំងឺ​កូវីដ​ ១៩ មានដូចជា ទី​១. សម្រាប់​អតិថិជន​ដែលមានវិជ្ជមាន​ជំងឺ​កូវីដ ​១៩ នឹងត្រូវ​លើកលែង​ការបង់​ការប្រាក់​រយៈពេល​ ២ ​ខែ លើកលែង​ការផាកពិន័យ​ទាំងអស់ ផ្ដល់​ការរៀបចំ​ឥណទាន​ឡើងវិញ​ដោយ​ស្វ័យប្រវត្តិ (​បើ​អតិថិជន​យល់ព្រម​) ដែល​រួមទាំង​ការផ្អាក​ការសង​អត្រា​ការប្រាក់ និង​ប្រាក់​ដើម​រយៈពេល​ ៣ ​ខែ​។

អតិថិជន​ទាំងអស់ ដែល​ធ្វើ​រោគវិនិច្ឆ័យ​មាន​ឆ្លង​ជំងឺ​កូវីដ ១៩ នឹង​បង្ហាញ​តេស្ដ​វិជ្ជមាន​ដែល​ចេញ​ដោយ​អាជ្ញាធរ​ពាក់ព័ន្ធ ទី​២. ​សម្រាប់​អតិថិជន​កំពុងស្ថិត​ក្រោម​ការធ្វើ​ចត្តាឡីស័ក​ទទួល​បាន​ការរៀបចំ​ឥណទាន​ឡើងវិញ​ដោយ​ស្វ័យប្រវត្តិ (​បើ​អតិថិជន​យល់ព្រម​) ដែល​រួមទាំង​ការផ្អាក​ទាំង​ការសង​ប្រាក់ការ និង​ប្រាក់​ដើម​រយៈពេល ៣ ​ខែ ហើយ​រាល់​ការផាកពិន័យ​ទាំងអស់​ត្រូវបាន​លើកលែង​។ ទី​៣. FIs ត្រូវ​បន្ត​ផ្ដល់ និង​ជួយ​សម្រួល​ការរៀបចំ​ឥណទាន​ឡើងវិញ​ទាន់ពេលវេលា​សម្រាប់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ដោយ​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩​។

ទី​៤. FIs ត្រូវបាន​ផ្ដល់​ការរៀបចំ​ឥណទាន​ឡើងវិញ ឬ​ការខ្ចីប្រាក់​បន្ថែម​ជាបន្ទាន់​ជាមួយ​នឹង​ការបន្ធូរបន្ថយ​ពេលវេលា និង​លក្ខខណ្ឌ រួម​ជាមួយ​នឹង​អត្រា​ការប្រាក់​កាន់តែ​ទាប ដើម្បី​គាំទ្រ និង​ស្ដារ​អាជីវកម្ម​លក្ខណៈ​គ្រួសារ​ឡើងវិញ​ក្នុង​អំឡុងពេល និង​ក្រោយពេល​វិបត្តិ​ជំងឺ​កូវីដ​ ១៩​។ ទី៥.FIsត្រូវ​ត្រៀម​ការរៀបចំ​ឥណទាន​ឡើងវិញ និង​លើកលែង​រាល់​ការផាកពិន័យ​ទាំងអស់​សម្រាប់​ម្ចាស់ផ្ទះ​លើកដំបូង និង​ទី​៦. FIs ត្រូវ​ផ្ដល់​ភាពអនុគ្រោះ​ដល់​អតិថិជន ដែល​បាន​ស្លាប់​ ដោយសារ​ជំងឺ​កូវីដ​ ១៩​។

បច្ចុប្បន្ន​ការផ្ទុះ​រីករាលដាល​នៃ​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ កំពុងស្ថិត​ក្រោម​ការគ្រប់គ្រង​បាន ខណៈ​រដ្ឋាភិបាល​ក៏ចាប់ផ្ដើម​បើក​សេដ្ឋកិច្ច​ឡើងវិញ​ដែរ តើ​លោក​មាន​ផែនការ​ផ្តួចផ្ដើម​អ្វីខ្លះ​ដែរ ក្នុង​ការបញ្ចេញ​ប្រាក់កម្ចី​បន្ថែមទៀត ដើម្បី​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​?

ធនាគារ​ភាគច្រើន​បាន​បម្រុង​ទុក​សន្ទនីយភាព​ដើម្បី​បង្កើន​ការផ្ដល់​កម្ចី និង​ផ្ដល់​ចំពោះ​ការស្នើសុំ​កម្ចី​ថ្មី​។ ធនាគារ​ភាគច្រើន​មាន​អត្រា​អាច​សងបំណុល​ជាង​ ២ ​ដង​អប្បបរមា​នៃ​បទប្បញ្ញត្តិ​។ អត្រា​អាច​សងបំណុល​បានបង្ហាញ​ពី​សន្ទនីយ​ភាពគ្រឹះស្ថាន​ហិរញ្ញវត្ថុ​។ នៅ​កម្ពុជា ធនាគារ​ជាច្រើន​មាន​មូលដ្ឋាន​ដើមទុន​ល្អប្រសើរ​។

យើង​ឃើញថា រដ្ឋាភិបាល​ពិសេស​ធនាគារជាតិ​នៃ​កម្ពុជា​ក៏បាន​បង្ហាញ​ការគាំទ្រ​ដ៏ធំ​ក្នុង​ការធានា​ឱ្យ​ប្រាកដថា ធនាគារ​មាន​សន្ទនីយភាព​ ដើម្បី​បញ្ចេញ​មូលនិធិ​ចាំបាច់​ទៅក្នុង​សេដ្ឋកិច្ច និង​អ្នក​ខ្ចី​ក្នុងករណី​ចាំបាច់​។

ធនាគារជាតិ​នៃ​កម្ពុជា​ក៏បានផ្ដល់​ការគាំទ្រ​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ដើម្បី​ជំរុញ​កំណើន​វិស័យ​ផ្សេងៗ​ផងដែរ​។ លើសពីនេះ​ទៀត កាលពី​ខែមីនា​ក្រសួង​សេដ្ឋកិច្ច បាន​ដាក់​ចេញ​ផែនការ​ធានា​ការស្ទុះ​ងើបឡើង​វិញ​ផ្នែក​ធុរកិច្ច​ (BRGS) ​ដែលមាន​ទឹកប្រាក់ ២០០ ​លាន​ដុល្លារ ​ក្នុង​គោលបំណង​ដើម្បី​គាំទ្រ​ដល់​អាជីវកម្ម​ក្នុងអំឡុងពេល​ការរីករាលដាល​ជំងឺ​កូវីដ​។

BRGS ត្រូវបាន​បង្កើតឡើង​ដើម្បី​គាំទ្រ​អាជីវកម្ម​ដែល​រួមទាំង​អាជីវកម្ម​តូចៗ សហគ្រាស​ធុន​តូច និង​មធ្យម និង​ក្រុមហ៊ុន​ធំៗ ដើម្បី​បង្កើន​លទ្ធភាព​ដល់​ពួកគេ​ក្នុងការ​ទទួលបាន​កម្ចី​ផ្លូវការ​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​សម្រាប់​ទុន​បង្វិល ការវិនិយោគ និង​ការពង្រីក​អាជីវកម្ម​។ បេសកកម្ម​ដ៏សំខាន់​របស់​គម្រោង​នេះ​នឹង​ផ្ដល់​ការធានា​ឥណទាន​ចំពោះ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​ចូលរួម​គាំទ្រ និង​ជួយ​អាជីវកម្ម​ដែល​ខ្វះ​ទ្រព្យ​ធានា​នៅពេល​ដាក់​ពាក្យសុំ​កម្ចី​៕ LA