ភ្នំពេញៈ រដ្ឋាភិបាលបានបង្ហាញពីកំណើនទីផ្សារនៅក្នុងវិស័យឧស្សាហកម្មលើគ្រប់ផ្នែកទាំងអស់របស់កម្ពុជាក្នុងរយៈពេល ៥ ឆ្នាំ គិតត្រឹមឆ្នាំ ២០១៧។ នេះបើតាមរបាយការណ៍សង្ខេបរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
របាយការណ៍ដែលបានចេញផ្សាយកាលពីសប្ដាហ៍មុនបង្ហាញពីកង្វះទិន្នន័យជាក់លាក់ ប៉ុន្តែបង្ហាញនិន្នាការវិជ្ជមានទូទៅនៅក្នុងចំនួនរោងចក្រនៅប្រទេសនេះចំនួនកម្មករដែលបានផ្ដល់ការងារក្នុងវិស័យឧស្សាហកម្ម និងទំនិញផ្សេងៗដែលបានផលិតសម្រាប់ការនាំចូល និងការនាំចេញ។
កម្ពុជាមានរោងចក្រចុះបញ្ជីសរុប ១ ៥២២ រោងចក្រក្នុងរយៈពេល ៥ ឆ្នាំកាលពីឆ្នាំ ២០១៧ កើនឡើង ៣៧ ភាគរយធៀបនឹង ៥ ឆ្នាំកន្លងមកដែលនៅពេលនោះមានរោងចក្រ ១ ១០៨ រោងចក្រប៉ុណ្ណោះ។ ក្នុងនោះមានតែឆ្នាំ ២០១៧ ប៉ុណ្ណោះដែលធ្លាក់ចុះ ដោយសារចំនួនរោងចក្រធ្លាក់ចុះខ្លាំងជាលើកដំបូងក្នុងរយៈពេល ៥ ឆ្នាំដោយបានធ្លាក់ចុះបន្តិចពីកម្រិតខ្ពស់មិនធ្លាប់មានចំនួន ១ ៥៧៩ រោងចក្រពីឆ្នាំ ២០១៦។
ការធ្លាក់ចុះបន្តិចនៃចំនួនរោងចក្រសរុបកាលពីឆ្នាំមុនអាចមកពីការជំរុញរបស់រដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មពីរោងចក្រកាត់ដេរ និងសម្រេចឲ្យបានគម្រោងទ្រង់ទ្រាយកាន់តែធំ។ នេះបើយោងតាមលោក ហ៊ត ផេង ប្រធាននាយកដ្ឋានកិច្ចការឧស្សាហកម្មនៅក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
លោកថ្លែងថា៖ «នៅពេលនេះយើងស្ទើរតែបំពេញតម្រូវការសម្រាប់រោងចក្រកាត់ដេរដែលមានជាង ១ ពាន់រោងចក្ររួចទៅហើយ»។
លោកបន្តថា៖ «នៅពេលនេះគោលនយោបាយរបស់យើងនឹងផ្ដោតលើការទាក់ទាញការវិនិយោគសម្រាប់រោងចក្របចេ្ចកវិទ្យាជាឧស្សាហកម្មដ៏មានសក្ដានុពលដែលលើកកម្ពស់ទ្រង់ទ្រាយធំ» ដល់គម្រោង និងប្រតិបត្តិការជាច្រើន។
ចំនួនរោងចក្រកាត់ដេរបានកើនឡើង ២៩ ភាគរយក្នុងរយៈពេល ៥ ឆ្នាំហើយនៅពេលនេះមានចំនួន ១០៣១ រោងចក្រប្រហែលជា ២ ភាគ ៣ នៃចំនួនរោងចក្រសរុប។ រោងចក្រនៅសល់ ១ ភាគ ៣ ទៀតគឺក្រុមចម្រុះនៃប្រតិបត្តិការផលិតកម្មដែលរួមមានរោងចក្រអាហារ ភេសជ្ជៈ និងបារីចំនួន ១១៧ រោងចក្រ រោងចក្រកែច្នៃម្រេចចំនួន ៤៤ និងរោងចក្រកៅស៊ូ និងប្លាស្ទិកគីមី ១០៤ រោងចក្រ។
រោងចក្រនៅក្នុងប្រទេសកម្ពុជារកបានប្រាក់ចំណូល ១០,៧៩ ពាន់លានដុល្លារកាលពីឆ្នាំមុនកើនឡើង ៧០ ភាគរយធៀបនឹងឆ្នាំ ២០១៣។ ប្រាក់ចំណូលជាង ៧ ពាន់លានដុល្លារក្នុងចំណោមចំនួនសរុបនោះបានមកពីឧស្សាហកម្មកាត់ដេរដែលផ្ដោតលើការនាំចេញ ខណៈឧស្សាហកម្មក្នុងស្រុករកបានប្រាក់ចំណូលផ្សេងទៀតចំនួន ២,៦២ ពាន់លានដុល្លារ។
លោក ងួន ម៉េងតិច នាយកសភាពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថា កំណើនប្រកបដោយស្ថិរភាពនៅក្នុងវិស័យនេះបានឆ្លុះបញ្ចាំងពីការកែលម្អគោលនយោបាយពាណិជ្ជកម្ម និងការវិនិយោគរបស់រដ្ឋាភិបាល ប៉ុន្តែកម្ពុជាចាំបាច់ត្រូវធ្វើពិពិធកម្មបន្ថែមទៀតដល់កម្លាំងពលកម្មរបស់ខ្លួន និងបង្កើនជំនាញកម្មកររបស់ខ្លួនដើម្បីមានសមត្ថភាពប្រកួតប្រជែងបាន។
លោកថ្លែងថា៖ «ទោះបីជាយើងមានគោលនយោបាយល្អពីរដ្ឋាភិបាល ឧស្សាហកម្មនេះនឹងត្រូវការធនធានមនុស្ស និងអ្នកបច្ចេកទេសដើម្បីបម្រើការវិនិយោគថ្មី»។
លោកបន្តថា៖ «យើងត្រូវតែលើកទឹកចិត្តកម្មករចំណាកស្រុកឲ្យសម្លឹងមើលទៅការងារនៅក្នុងប្រទេសនេះ»។
ឧស្សាហកម្មកាត់ដេរបានផ្ដល់ការងារដល់កម្មករ ៨៤៧ ៤១៩ នាក់កាលពីឆ្នាំមុនដែលមាន ៨៦ ភាគរយក្នុងចំណោមកម្មករសរុប ៩៨២ ២០៣ នាក់នៅក្នុងវិស័យឧស្សាហកម្ម។ នេះបើយោងតាមរបាយការណ៍នេះ។
សេដ្ឋកិច្ចរបស់កម្ពុជា បានពឹងផ្អែករយៈពេលវែងលើវិស័យកាត់ដេរ ដែលភាគច្រើននាំចេញទៅសហភាពអឺរ៉ុប និងអាមេរិក។ ការនាំចេញនោះដាក់ប្រទេសនេះក្នុងហានិភ័យនៃបញ្ហាដោយសារវិបត្តិដែលអាចកើតឡើងក្នុងឧស្សាហកម្មនេះ ឬការផ្លាស់ប្តូរកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មដែលជាប់ទាក់ទងនឹងស្ដង់ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ៕ LA