ភ្នំពេញៈ វិស័យឯកជនបានស្វាគមន៍វិធានការដែលធ្វើឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) ដែលនឹងចាត់វិធានការទៅលើប្រតិបត្តិករទូរគមនាគមន៍ដែលមិនមានអាជ្ញាប័ណ្ណក្នុងគោលបំណង ដើម្បីលើកកម្ពស់សណ្ដាប់ធ្នាប់ និងរបៀបរៀបរយក្នុងឧស្សាហកម្មបច្ចេកវិទ្យានេះ។
យោងតាមសេចក្ដីជូនដំណឹងបានពី MPTC ដែលបានចុះហត្ថលេខាដោយលោក ជា វ៉ាន់ដេត រដ្ឋមន្ដ្រី MPTC ចុះថ្ងៃទី ៤ ខែមីនា កន្លងមក គិតត្រឹមដើមខែមីនា ឆ្នាំ ២០២១ នេះ ប្រតិបត្តិករផ្ដល់សេវាទូរគមនាគមន៍ចំនួន ៤៩ ត្រូវបានផ្ដល់អាជ្ញាប័ណ្ណ ដូច្នេះដើម្បីរៀបចំវិស័យទូរគមនាគមន៍ MPTC បានចាត់វិធានការប្រឆាំងនឹងប្រតិបត្តិករទូរគមនាគមន៍ ដែលពីមុនមិនបានគោរពតាមច្បាប់ និងបទប្បញ្ញត្តិ និងប្រឆាំងនឹងក្រុមហ៊ុនដែលមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ។
ការដកស្រង់សេចក្ដីប្រកាសដែលចុះហត្ថលេខាដោយលោក ជា វ៉ាន់ដេត សរសេរថា៖ «MPTC សូមអំពាវនាវដល់ប្រតិបត្តិករទូរគមនាគមន៍មិនត្រូវសហការ និងលក់ដុំសេវាអ៊ីនធឺណិតដល់ក្រុមហ៊ុនដែលគ្មានអាជ្ញាប័ណ្ណ ដើម្បីបន្តចែកចាយសេវាអ៊ីនធឺណិតបន្តដល់អតិថិជនចុងក្រោយ។ សាធារណជនត្រូវបញ្ឈប់ការប្រើប្រាស់សេវាអ៊ីនធឺណិតដែលផ្ដល់ដោយក្រុមហ៊ុនដែលគ្មានអាជ្ញាប័ណ្ណ»។
លោកស្រី សុខ ចិន្តា ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Angkor Data Communication Group Co Ltd (MekongNet) ដែលជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិត (ISPs) បានចាត់ទុកវិធានការនេះថា នឹងជួយកែលម្អការប្រកួតប្រជែងដោយស្មើភាពគ្នារបស់ឧស្សាហកម្មនេះ។
លោកស្រីបន្តថា៖ «វាពិតជារឿងមួយដ៏ល្អដែលក្រសួងចាត់ការប្រឆាំងនឹងក្រុមហ៊ុនដែលគ្មានអាជ្ញាប័ណ្ណ»។
លោកស្រីបន្ថែមថា ក្រុមហ៊ុនផ្តល់សេវា ISPs ដែលមានអាជ្ញាប័ណ្ណបានទទួលរងផលប៉ះពាល់អវិជ្ជមានដោយសារតែក្រុមហ៊ុនគ្មានអាជ្ញាប័ណ្ណលក់សេវាក្រោមតម្លៃទីផ្សារ។
លោកស្រីបញ្ជាក់ថា៖ «ដូច្នេះហើយបានជាក្រុមហ៊ុនរបស់ខ្ញុំមិនផ្ដោតការលក់ទៅលើអតិថិជនចុងក្រោយនោះទេ យើងផ្ដោតការយកចិត្តទុកដាក់លើអតិថិជនជាលក្ខណៈក្រុមហ៊ុន»។
លោកស្រី ចិន្តា សង្ឃឹមថាដោយមានសេចក្ដីជូនដំណឹងពី MPTC នឹងរួមចំណែកក្នុងការកែលម្អឧស្សាហកម្មពីទីផ្សារក្រៅផ្លូវការ។
ក្រសួងបានឱ្យដឹងថា ដើម្បីទទួលបានព័ត៌មានច្បាស់ថា ប្រតិបត្តិករទូរគមនាគមន៍ដែលជាដៃគូធ្វើអាជីវកម្មស្របច្បាប់ សូមប្រតិបត្តិករទាំងអស់ពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជីបច្ចុប្បន្នភាពឈ្មោះប្រតិបត្តិករដែលមានអាជ្ញាប័ណ្ណ តាមរយៈគេហទំព័ររបស់និយតករទូរគមនាគមន៍កម្ពុជាដែលមានអាសយដ្ឋាន www.trc.gov.kh។
ក្រសួង MPTC ក៏ព្រមានចាត់វិធានការតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ក្នុងករណីរកឃើញថា ប្រតិបត្តិករទូរគមនាគមន៍នៅតែបន្តសហការ និងផ្ដល់សេវាលក់ដុំដល់ក្រុមហ៊ុនដែលគ្មានអាជ្ញាប័ណ្ណ។
ចំនួនការជាវទូរស័ព្ទចល័តដ៏សកម្មនៅក្នុងប្រតិបត្តិករទាំង ៦ នៅកម្ពុជាមានចំនួន ២០ ៤៨១-០៥១ គិតត្រឹមចុងខែឧសភាធ្លាក់ចុះ ០,០៨ ភាគរយធៀបនឹងកាលពីចុងខែឧសភាឆ្នាំ ២០១៩ និងស្មើនឹង ១២៤,០៩ ភាគរយ។ នេះបើយោងតាមទិន្នន័យថ្មីបំផុតបានពី TRC។
ចំនួនការជាវសេវាអ៊ីនធឺណិតចល័តនៅក្នុងក្រុមហ៊ុនផ្ដល់សេវាទាំង ៧ របស់កម្ពុជាបានកត់ត្រាការធ្លាក់ចុះ ២,៣៦ ភាគរយ នៅត្រឹម ១៤ ៨៦៣ ៤៣៥ ចំណែកការជាវសេវាអ៊ីនធឺណិតលើតុនៅក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិតទាំង ៣៧ នៅកម្ពុជាបានកត់ត្រាការកើនឡើង ៣៣,០៧ ភាគរយ ដល់ ២៤៩ ១៣២៕ LA