ឥឡូវ​នេះ​អតិថិជន​អាច​ផ្ទេរ​ប្រាក់​បាន​រហូត​ដល់ ២០.០០០ ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ដោយ​​ប្រើ​កម្មវិធី​ស្មាតហ្វូន​វីង។

ក្នុង​ដំណើរ​វិវត្ត​ទៅ​មុខ​ឥត​ឈប់ឈរ ធនាគារ​ឯកទេស​វីង (ខេមបូឌា) លីមីតធីត ផ្តល់​ជូន​ការ​ផ្ទេរ​ប្រាក់​ពី​គណនី​វីង​ទៅ​គណនី​វីង​ផ្សេង​ទៀត​ តាមរយៈ​កម្មវិធី​ស្មាតហ្វូន​វីង​ដោយ​ឥត​គិត​ថ្លៃ​សេវា ថែម​ទាំង​អនុញ្ញាត​ឲ្យ​អតិថិជន​អាច​ផ្ទេរ​ប្រាក់​បាន​រហូត​ដល់​ទៅ ២០.០០០ ដុល្លារ​ ក្នុង​មួយ​ថ្ងៃ។ ការ​សម្រេច​នេះ​នឹង​បង្ក​លក្ខណៈ​កាន់​តែ​ងាយ​ស្រួល​ដល់​ប្រជាជន​កម្ពុជា​គ្រប់​រូប​អាច​ផ្ញើ​ប្រាក់​ទៅ​ក្រុម​គ្រួសារ​របស់​ពួក​គេ ហើយ​នឹង​អាច​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​ក្នុង​អំឡុង​ពេល​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ ១៩។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស​​ វីង បាន​មាន​ប្រសាសន៍​ថា៖ «ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ កំពុង​ប៉ះពាល់​ដល់​សុខភាព និង​ស្ថានភាព​សេដ្ឋកិច្ច​ក្នុង​សហគមន៍​យើង​យ៉ាង​ខ្លាំង។ មនុស្ស​ជាច្រើន​ត្រូវ​ការ​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​មិត្តភក្តិ និង​ក្រុម​គ្រួសារ ដើម្បី​ទ្រទ្រង់​អាជីវកម្ម​របស់​ពួក​គេ។ ការ​មិន​គិត​ថ្លៃ​សេវា​ចំពោះ​ការ​ផ្ទេរ​ប្រាក់​ពី​វីង ទៅ​វីង រហូត​ដល់​ទៅ ២០.០០០ ដុល្លារ​ប្រចាំ​ថ្ងៃ​នេះ នឹង​អនុញ្ញាត​ឲ្យ​អតិថិជន​អាច​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ទាន់​ពេល ដោយ​មិន​ចាំបាច់​ចំណាយ​បន្ថែម ព្រម​ទាំង​ជួយ​ឲ្យ​ស្ថានភាព​កាន់​តែ​ប្រសើរ​លឿន ក្រោយ​ការ​រីក​រាលដាល​នៃ​កូវីដ ១៩ បាន​បញ្ចប់”។

ចាប់​ពី​ឥឡូវ​នេះ អតិថិជន​អាច​ផ្ទេរ​ប្រាក់​ពី​គណនី​វីង​ទៅ​គណនី​វីង​ផ្សេង​ទៀត​បាន​រហូត​ដល់​ទៅ ២០.០០០ ដុល្លារ ក្នុង​មួយ​ថ្ងៃ តាមរយៈ​កម្ម​វិធី​ស្មាតហ្វូន​វីង។ ដើម្បី​ប្រើប្រាស់​សេវា​នេះ អតិថិជន​គ្រាន់​តែ​ចូល​ទៅ​ក្នុង​កម្មវិធី​ស្មាតហ្វូន​វីង បន្ទាប់​មក​ចុច​លើ​ពាក្យ ”ផ្ទេរ​ប្រាក់” រួច​ជ្រើសរើស “វីង​ទៅ​វីង” បន្ទាប់​មក​ទៀត​បំពេញ​លេខ​គណនី​ដែល​ត្រូវ​ផ្ញើ រួច​បំពេញ​ចំនួន​ទឹក​ប្រាក់ និង​គោល​បំណង​ដែល​អ្នក​ចង់​ផ្ញើ​ប្រាក់ រួច​ចុច​លើ​ពាក្យ “ផ្ញើ” ជា​ការ​ស្រេច។

កម្មវិធី​ស្មាតហ្វូន​វីង​ក៏​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​អតិថិជន​ក្នុង​ការ​បញ្ជា​ទិញ​ទំនិញ​ជា​ច្រើន ដោយ​គ្រាន់​តែ​ប្រើ​ម្រាម​ដៃ​ចុច​លើ​ វីង​ម៉ល ដើម្បី​បញ្ជា​ទិញ​អាហារ គ្រឿង​ទេស និង​ទំនិញ​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ជា​ច្រើន ជាមួយ​សេវា​ដឹក​ជញ្ជូន ដែល​វីង​បាន​ដាក់​ឲ្យ​ដំណើរការ​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​ឥត​គិត​ថ្លៃ​ដឹក​ជញ្ជូន​សម្រាប់​រាល់​ការ​បញ្ជា​ទិញ​ទាំង​អស់។ កាន់​តែ​ពិសេស​នោះ​គឺ អ្នក​ប្រើប្រាស់​កម្មវិធី​ស្មាតហ្វូន​វីង​ទាំង​អស់ អាច​ធ្វើ​ការ​ទូទាត់​ប្រាក់​តាម​បែប​ឌីជីថល​បាន​យ៉ាង​រហ័ស​ជាមួយ​ការ​បង់​ថ្លៃ​ទឹក​ភ្លើង បញ្ចូល​កាត​ទូរស័ព្ទ និង​ការ​ទូទាត់​ប្រាក់​ជាមួយ​ដៃគូ​អាជីវកម្ម ព្រម​ទាំង​សេវា​ដឹក​ជញ្ជូន​ជា​ច្រើន​ផ្សេង​ទៀត។

អតិថិជន​ក៏​អាច​ដាក់​ពាក្យ​ស្នើរសុំ​ប្រាក់​កម្ចី​ជា​ច្រើន​ប្រភេទ​រួម​ទាំង​ឥណទាន​គ្មាន​ទ្រព្យ​ធានា​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ជា​ច្រើន។ អតិថិជន​របស់​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា​ក៏​អាច​សង​ប្រាក់​កម្ចី​តាមរយៈ​កម្មវិធី​ស្មាតហ្វូន​វីង​បាន​យ៉ាង​ងាយ​ស្រួល​ដោយ​មិន​បាច់​ចេញ​ពី​ផ្ទះ​ក្នុង​អំឡុង​ពេល​នៃ​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ ១៩។

វីង​ក៏​ជា​ធនាគារ​មួយ​ក្នុង​ចំណោម​ធនាគារ​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដំបូង​ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ជាមួយ​ប្រព័ន្ធ​បាគង។ អតិថិជន​របស់​ធនាគារ​ដៃគូ​ប្រព័ន្ធ​បាគង អាច​ប្រើប្រាស់​ប្រព័ន្ធ​បាគង ដើម្បី​ផ្ទេរ​ប្រាក់​ទៅ​វិញ​ទៅ​មក​ជាមួយ​គណនី​វីង​បាន​យ៉ាង​ងាយ​ស្រួល។ ក្នុង​អំឡុង​ពេល​នៃ​ជំងឺ​កូវីដ ១៩ អតិថិជន​មិន​ចាំបាច់​ធ្វើ​ដំណើរ​ឆ្ងាយ​ស្វែងរក​ម៉ាស៊ីន​អេធីអឹម ដើម្បី​ដក​សាច់​ប្រាក់​ចេញ​ពី​គណនី​ធនាគារ​របស់​ពួក​គេ​ឡើយ។ ពួក​គេ​អាច​ប្រើប្រព័ន្ធ​បាគង ដើម្បី​ផ្ទេរ​ប្រាក់​ពី​គណនី​ធនាគារ​ទៅ​ក្នុង​គណនី​វីង​ហើយ​ពួក​គេ​អាច​ដក​សាច់​ប្រាក់​ជាមួយ​ភ្នាក់ងារ​វីង​ជាង ៩ ០០០ កន្លែង​ដែល​នៅ​ជិត​បំផុត។

ប្រជាជន​កម្ពុជា​ដែល​កំពុង​ធ្វើ​ការ ឬ​រស់នៅ​ក្នុង ១៩៥ ប្រទេស​ជុំវិញ​ពិភព​លោក អាច​ផ្ញើ​ប្រាក់​ត្រឡប់​មក​ក្រុម​គ្រួសារ​របស់​ពួក​គេ​វិញ​តាមរយៈ​សេវា​ផ្ញើ​ប្រាក់​អន្តរជាតិ​ដែល​មាន​ឈ្មោះ​ថា “ផ្ទេរ​ប្រាក់​ទៅ​ក្រៅ​ប្រទេស” តាមរយៈ​កម្មវិធី​ស្មាតហ្វូន​វីង​ផង​ដែរ។

ជនបរទេស​ដែល​កំពុង​រស់នៅ​កម្ពុជា​ក៏​អាច​ប្រើប្រាស់​កម្មវិធី​ស្មាតហ្វូន​វីង ដើម្បី​ដាក់​ប្រាក់​ចូល​ទៅ​ក្នុង​គណនី​ធនាគារ​នៅ​ឯ​ប្រទេស​ខ្លួន ដោយ​ប្រើ​មុខងារ “ផ្ទេរ​ប្រាក់​ទៅ​ក្រៅ​ប្រទេស“ ដែល​មាន​នៅ​ក្នុង​កម្មវិធី​ស្មាតហ្វូន​វីង​ជាមួយ​តម្លៃ​សេវា​ទាប​ជាង​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​ចំនួន​រហូត​ដល់​ទៅ ៥ ដង។

លោក ម៉ានូ រ៉ាចាន់ បាន​មាន​ប្រសាសន៍​ថា៖ «វីង​បាន​អនុវត្ត​វិធានការ​ជាច្រើន ដើម្បី​ចូលរួម​ចំណែក​ការពារ​សុវត្ថិភាព​ជូន​ដល់​អតិថិជន​របស់​យើង។ ការ​ផ្ទេរ​ប្រាក់​ពី​វីង​ទៅ​វីង​តាមរយៈ​កម្មវិធី​ស្មាត​ហ្វូន​វីង​ជា​ការ​ប្រឹងប្រែង​ថ្មី​មួយ​ទៀត។ យើង​សង្ឃឹម​ថា វា​នឹង​ជួយ​ឲ្យ​អតិថិជន​យើង​អាច​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ដល់​ក្រុម​គ្រួសារ​របស់​ពួក​គេ ថ្វី​បើ​ពួក​គេ​ត្រូវ​នៅ​ក្នុង​ផ្ទះ​ក្នុង​អំឡុង​នៃ​ជំងឺ​រាតត្បាត»។

ជាង​នេះ​ទៅ​ទៀត ទោះបី​នៅ​តំបន់​ដាច់​ស្រយ៉ាល​យ៉ាង​ណា​ក្តី អតិថិជន​នៅ​តែ​អាច​ដក​ប្រាក់​តាមរយៈ​បណ្តាញ​ភ្នាក់ងារ​វីង​ជាង ៩ ០០០ កន្លែង​នៅ​ទូទាំង​ប្រទេស៕