ក្រុងស៊ាងហៃៈ ក្រុមហ៊ុនផលិតអាហារដ៏ធំមួយរបស់ប្រទេស ចិន បានឲ្យដឹងកាលពីថ្ងៃចន្ទថា ការតាមដានរកវីរុសដែលបង្កជំងឺប៉េស្ដជ្រូកអា្រហ្វិក ត្រូវបានរកឃើញក្នុងនំគាវចិន (dumpling) របស់ខ្លួន។
ក្រុមហ៊ុន Sanquan Food មានមូលដ្ឋាននៅខេត្តហេណាន នៅភាគកណ្ដាលប្រទេស ចិន បានចេញសេចក្ដីប្រកាសព័ត៌មានជាសាធារណៈមួយដោយបញ្ជាក់ពីសេចក្ដីរាយការណ៍របស់ប្រព័ន្ធព័ត៌មាន ដែលបានចេញផ្សាយនៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះថា នំគាវសាច់ជ្រូកដែលឆ្លងវីរុស ត្រូវបានរកឃើញនៅក្នុងខេត្តចំនួន ២ ដែលមិនមានព្រំដែនជាប់គ្នា។
ក្រុមហ៊ុននេះបានឲ្យដឹងថា នំគាវដែលសង្ស័យមួយចំនួនបានទៅដល់ហាងលក់អាហារ ប៉ុន្តែថា ក្រុមហ៊ុនកំពុងបោះត្រាដើម្បីសម្គាល់ថាជាផលិតផលឆ្លងរោគ និងកំពុងសហការជាមួយអាជ្ញាធរ។
សេចក្ដីប្រកាសព័ត៌មាននេះមិនលើកឡើងពីការប្រមូលនំគាវយកមកវិញក្នុងទ្រង់ទ្រាយធំជាងនេះនោះទេ។
សេចក្ដីរាយការណ៍ដែលមិនទទួលបានការបញ្ជាក់របស់ប្រព័ន្ធព័ត៌មាននៃប្រទេស ចិន បានឲ្យដឹងថា ផលិតផលដែលបានផលិតដោយក្រុមហ៊ុនជាច្រើនផ្សេងទៀត ក៏មានដានមេរោគនេះដែរ។
សេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ បានបណ្ដាលឲ្យមានការខឹងសម្បាលើអនឡាញពីអ្នកប្រើប្រាស់ជាជនជាតិចិន ដែលបានបញ្ចេញយោបល់ជុំវិញរឿងអាស្រូវផលិតផលចុងក្រោយបំផុតមួយនេះក្នុងចំណោមរឿងអាស្រូវផលិតផលជាច្រើន ទោះបីជារដ្ឋាភិបាលជាថ្មីម្ដងទៀតបានសន្យាថានឹងធានាសុវត្ថិភាពក៏ដោយ។
ចិនដែលជាប្រទេសប្រើប្រាស់ និងផលិតសាច់ជ្រូកធំជាងគេក្នុងពិភពលោក បានជម្នះក្នុងការទប់ស្កាត់ការផ្ទុះឡើងរបស់វីរុសនេះ ចាប់តាំងពីករណីដំបូងត្រូវបានរកឃើញកាលពីខែសីហាឆ្នាំមុន។
ជំងឺប៉េស្តជ្រូកអា្រហ្វិក មិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ ប៉ុន្តែអាចបណ្ដាលឲ្យសត្វជ្រូកស្លាប់៕ AFP/LA