ហាណូយៈ ទីក្រុងហាណូយបានប្ដេជ្ញាថា នឹងបង្រ្កាបលើក្រុមហ៊ុនផលិតខុសច្បាប់ ដែលប្រើប្រាស់ស្លាកសញ្ញា «ផលិតនៅប្រទេស វៀតណាម» លើទំនិញនាំទៅអាមេរិក ដើម្បីគេចពីពន្ធនាំចូលដោយសារតែជម្លោះពាណិជ្ជកម្មរវាងប្រទេស ចិន និងអាមេរិក។
ក្រុមហ៊ុននាំចេញនានាបានចាប់ផ្ដើមផ្លាស់ប្តូរការផលិតពីប្រទេស ចិន មកវៀតណាម ដើម្បីគេចពីសម្ពាធពន្ធ ២៥ ភាគរយ របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ លើទំនិញរបស់ប្រទេស ចិន ដែលមានតម្លៃ ២០០ ពាន់លានដុល្លារ។
ប៉ុន្តែទីក្រុងហាណូយ បានឲ្យដឹងថា ក្រុមហ៊ុនផលិតមួយចំនួន ត្រូវបានបញ្ជាក់ដោយខុសច្បាប់ថា ទំនិញរបស់ពួកគេ ដែលរួមមាន វាយនភណ្ឌ ផលិតផលអាហារសមុទ្រ និងផលិតផលកសិកម្ម គឺមកពីប្រទេស វៀតណាម តាមពិតទំនិញទាំងនោះមានប្រភពនៅក្នុងប្រទេស ចិន។
លោកឧបនាយករដ្ឋមន្ដ្រីវៀតណាម Pham Binh Minh ត្រូវបានដកស្រង់សម្ដីនៅក្នុងរបាយការណ៍ផ្លូវការមួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យលើគេហទំព័ររដ្ឋាភិបាលថា៖ «និន្នាការនេះបានប៉ះពាល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន និងទំនិញរបស់ប្រទេស វៀតណាម»។
លោកបន្ថែមថា៖ «យើងនឹងបង្កើនការដាក់ពិន័យដើម្បីទប់ស្កាត់ករណីទំនិញដែលបញ្ជាក់ជាទំនិញរបស់វៀតណាម ដែលចូលទៅទីផ្សារផ្សេងទៀត»។ នេះបើយោងតាមរបាយការណ៍នេះ។
របាយការណ៍នេះ បានឲ្យដឹងថា មន្ដ្រីគយរបស់វៀតណាម បានរកឃើញករណីជាច្រើននៃទំនិញដែលមានស្លាកសញ្ញាមិនត្រឹមត្រូវ ដែលបាននាំទៅអាមេរិក អឺរ៉ុប និងជប៉ុន។
រដ្ឋាភិបាលនេះ បានអំពាវនាវឲ្យមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនៃការនាំចេញទៅទីផ្សារទាំងនោះ និងបានឲ្យដឹងថា ប្រទេស វៀតណាម អាចត្រូវបានផាកពិន័យដោយអាមេរិក ជាដៃគូពាណិជ្ជកម្មឈានមុខគេ ១ របស់ខ្លួន ប្រសិនបើប្រទេសនេះបរាជ័យក្នុងការទប់ស្កាត់បញ្ហានេះ។
វៀតណាម គឺជាមជ្ឈមណ្ឌលផលិតកម្ម ១ សម្រាប់ទំនិញដែលផលិតមានតម្លៃទាបចាប់ពីស្បែកជើងកីឡារបស់ក្រុមហ៊ុន Adidas និងសម្លៀកបំពាក់របស់ក្រុមហ៊ុន H&M រហូតដល់ទូរស័ព្ទស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung និងឧបករណ៍ Intel។
ក្រុមហ៊ុននាំចូលទាំងនោះ បានកើនឡើងនៅឆ្នាំនេះ ដោយសារតែទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន បានបង្កើនពន្ធនាំចូលសងសឹកគ្នាទៅវិញទៅមកលើទំនិញមានតម្លៃរាប់ពាន់លានដុល្លារ។
នៅក្នុងរយៈពេល ៣ ខែដំបូងឆ្នាំនេះ ការនាំចូលរបស់អាមេរិកពីវៀតណាម បានកើនឡើងជិត ១៦ ពាន់លានដុល្លារ កើនឡើង ៤០ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យពាណិជ្ជកម្មរបស់អាមេរិក។
ជិតពាក់កណ្ដាលនៃក្រុមហ៊ុនអាមេរិកទាំងអស់ដែលធ្វើការងារនៅក្នុងប្រទេស ចិន បានឲ្យដឹងថា ពួកគេកំពុងពិចារណាការផ្លាស់ប្តូរការផលិតពីអ្វីដែលហៅថា «រោងចក្ររបស់ពិភពលោក ដោយសារតែលទ្ធផលជម្លោះពាណិជ្ជកម្ម។ នេះបើយោងតាមការស្ទង់មតិដោយសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅប្រទេស ចិន។
លោក ដូណាល់ ត្រាំ បានបង្កើនពន្ធនាំចូលទំនិញរបស់ប្រទេស ចិន បន្ថែមទៀតកាលពីខែមុន បន្ទាប់ពីការចរចាពាណិជ្ជកម្មបានបរាជ័យ ដែលបណ្ដាលឲ្យទីក្រុងប៉េកាំងសងសឹកដោយយកពន្ធកាន់តែខ្ពស់លើទំនិញរបស់អាមេរិកមានតម្លៃ ៦០ ពាន់លានដុល្លារ៕ AFP/LA