ក្រុងហាណូយៈ ប្រទេស វៀតណាម កាលពីថ្ងៃចន្ទបានក្លាយជាប្រទេសទី ៧ ដែលបានផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក (TPP) ដែលគ្រោងនឹងចូលជាធរមាននៅចុងឆ្នាំនេះ បើទោះជាអាមេរិកដកខ្លួនចេញក្តី។

ប្រទេស ១១ បានចរចាកិច្ចព្រមព្រៀងនេះឡើងវិញ ដើម្បីសម្រេចបានកិច្ចព្រមព្រៀងមួយ បើទោះជាដោយគ្មានអាមេរិកក៏ដោយ ហើយទ្វារនៅតែបើកចំហសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោកមួយនេះ។

នៅខែមុន ប្រទេស អូស្រ្តាលី បានក្លាយជាប្រទេសទី ៦ ដែលបានផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀងនេះ ដែលបានត្រួសត្រាយផ្លូវឲ្យមានកិច្ចព្រមព្រៀង TPP ចូលជាធរមាននៅខែធ្នូឆ្នាំនេះ ដោយមានសំឡេងច្រើនជាងពាក់កណ្តាលនៃសមាជិកដែលបានចុះហត្ថលេខាជាផ្លូវការ។

ប្រទេស វៀតណាម បានធ្វើដូចគ្នានេះដែរកាលពីថ្ងៃចន្ទ ដោយមានសំឡេងគាំទ្រជាឯកច្ឆន្ទ ដើម្បីអនុម័តកិច្ចព្រមព្រៀងនេះដោយសមាជិកសភាប្រថាប់ត្រាវៀតណាម។

លោក Nguyen Van Giau ប្រធាននាយកដ្ឋានទំនាក់ទំនងខាងក្រៅរបស់រដ្ឋសភាជាតិវៀតណាមបានថ្លែងថា៖ «នេះគឺជាការសម្រេចចិត្តផ្នែកនយោបាយដ៏សំខាន់មួយ ដោយអះអាងពីតួនាទីសកម្មរបស់ប្រទេសយើងក្នុងការធ្វើសមាហរណកម្មអន្តរជាតិ»។

សេដ្ឋកិច្ចនាំចេញដែលលូតលាស់ដ៏ឆាប់រហ័សរបស់វៀតណាមនឹងទទួលបានអត្ថប្រយោជន៍ដ៏ច្រើនពីការបើកចំហទីផ្សាររបស់អាមេរិក មុនពេលលោក ត្រាំ ដកអាមេរិកចេញពីកិច្ចព្រមព្រៀង TPP នេះ។

លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលប្រកាន់យកគោលនយោបាយគាំពារនិយម បានចាត់ទុកកិច្ចព្រមព្រៀងនេះថា ជាកិច្ចព្រមព្រៀងសម្លាប់វិស័យផលិតកម្មរបស់អាមេរិក ហើយបាននិយាយពីវៀតណាមថា ប្រទេសនេះនឹងដណ្តើមការងារពីអាមេរិកបន្ទាប់ពីកិច្ចព្រមព្រៀងនេះ ចូលជាធរមាន៕ AFP/KC