ក្រុង​ហូជីមិញៈ ក្រុមហ៊ុន Vingroup ដែល​គ្រប់​គ្រង​ដោយ​មហា​សេដ្ឋី​វៀតណាម​ ​​កាល​ពី​ចុង​សប្តាហ៍​មុន​បាន​បង្ហាញ​​​​មហិ​ច្ឆតា​បច្ចេក​វិទ្យា​របស់​​ខ្លួន​ជា​មួយ​នឹង​ការ​ដាក់​បង្ហាញ​​​ទូរស័ព្ទ​ ស្មាត​ហ្វូន​លើក​ដំបូង​ដែល​​ក្រុមហ៊ុន​នេះ​​ គ្រោង​​​​នឹង​​លក់​នៅ​​ជុំវិញ​ពិភព​​លោក​។​ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ធ្លាប់​ជា​​ក្រុម​ហ៊ុន​ពហុ​ផលិតផល​ដែល​ផ្តោត​លើ​​អច​លន​ទ្រព្យ​ និង​​លក់​រាយ​​មួយ ​ក្រុមហ៊ុន ​Vingroup បាន​ក្លាយ​ជា​​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ក្នុង​ស្រុក​​ទី ១ របស់​វៀត​ណាម​កាល​ពី ២ ខែ​​​មុន​ជា​មួយ​នឹង​ក្រុមហ៊ុន​មួយ​ដែល​មាន​ឈ្មោះ​ថា Vinfast​។

ទូរស័ព្ទ​ស្មាតហ្វូន Vsmart ​​ចំនួន ៤ ម៉ូដែល​​ដែល​ផលិត​ដោយ​​​ក្រុមហ៊ុន Vinsmart ដែល​ជា​​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ខាង​បច្ចេក​វិទ្យា​របស់​​​ក្រុមហ៊ុន​ Vingroup កំពុង​ត្រូវ​បាន​ផលិត​​​​ក្នុង​រោងចក្រ​របស់​ខ្លួន​នៅ​ទី​ក្រុង​ Haiphong ភាគ​ខាង​ជើង​នៃ​ប្រទេស​ វៀត​ណាម​ ដោយ​រោងចក្រ​នេះ​​មាន​​សមត្ថ​ភាព​​ផលិត​ទូរស័ព្ទ​​បាន ៥​ លាន​គ្រឿង​​ក្នុង​មួយ​ឆ្នាំ​​​​ក្នុង​ដំណាក់​កាល​ដំបូង​។​

លោក​​ Nguyen Viet Quang ប្រធាន​ប្រតិ​បត្តិ និង​ជា​អនុ​ប្រធាន​ក្រុមហ៊ុន Vingroup បាន​ថ្លែង​ថា​៖ «​ទូរស័ព្ទ​ Vsmart គឺ​ជា​ចំណុច​ចាប់​ផ្ដើម​សម្រាប់​ក្រុមហ៊ុន​ Vingroup ក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​​​អេកូ​ឡូស៊ី​​នៃ​ផលិតផល​​អេ​ឡិច​ត្រូ​និក និង​វៃ​ឆ្លាត​»​។​

ក្រុម​ហ៊ុន​នេះ​ ចង់​លក់​ទូរស័ព្ទ​ស្មាត​ហ្វូន​របស់​ខ្លួន​ និង​​ផលិត​ផល​​​វៃ​ឆ្លាត​ផ្សេង​ទៀត​ទៅ​កាន់​​ទ្វីប​ទាំង​អស់ និង​បាន​​កំណត់​ប្រទេស​ រុស្ស៊ី និង​អេស៉្បាញ​ថា​​​ជា​ទី​ផ្សារ​ដ៏​មាន​សក្ដានុ​ពល​នៅ​អឺរ៉ុប។

នៅ​វៀត​ណាម ដែល​មាន​​ប្រជាជន​ ៩៥​ លាន​នាក់ ក្រុមហ៊ុន Vingroup នឹង​​ព្យាយាម​ប្រជែង​យក​​ចំណែក​ទី​ផ្សារ​ពី​ក្រុម​ហ៊ុន Samsung និង​ក្រុម​ហ៊ុន Apple ជា​មួយ​នឹង​ទូរស័ព្ទ​​ស្មាតហ្វូន​ថ្មី​ៗ​​របស់​ខ្លួន​។​

វៀត​ណាម​គឺ​ជា​​មូលដ្ឋាន​ផលិត​ទូរស័ព្ទ​ស្មាត​ហ្វូន​ឈាន​មុខ​គេ​សម្រាប់​ក្រុមហ៊ុន Samsung ខណៈ​ដែល​ក្រុមហ៊ុន​​ Foxconn ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​របស់​ក្រុមហ៊ុន Apple ដ៏​សំខាន់​ កំពុង​ពិចារណា​​បង្កើត​រោងចក្រ​​ក្នុង​ប្រទេស​នេះ​​​ផង​ដែរ​។​

ទូរស័ព្ទ​ Vsmart ចំនួន ៤ ម៉ូដែល​ដែល​​ត្រូវ​​បាន​ដាក់​បង្ហាញ​កាល​ពី​ថ្ងៃ​សុក្រ​ ​ប្រើ​ប្រាស់​បន្ទះ​ឈីប Snapdragon 435, Snapdragon 430 និង Snapdragon 660 របស់​ក្រុមហ៊ុន​​ Qualcomm និង​ប្រព័ន្ធ​ប្រតិបត្តិ​​ការ​ Android របស់​ Google​។

ទូរស័ព្ទ​ទាំង​នោះ​នឹង​ដាក់​លក់​នៅ​​​​ក្នុង​ប្រទេស​ វៀត​ណាម​ ចាប់​ពី​ថ្ងៃ​សៅរ៍ ដោយ​​មាន​តម្លៃ​ចាប់​ពី ១២០ ទៅ ២៨០ ដុល្លារ​)​៕​​ LA