
ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកទស្សនាប្រាសាទអង្គរវត្តកាលពីដើមឆ្នាំ ២០១៨។ ហេង ជីវ័ន
ភ្នំពេញៈ អនាគតនៃវិស័យទេសចរណ៍កម្ពុជានឹងមិនអាចកាត់ផ្តាច់ចេញពីការព្យាយាមទាក់ទាញភ្ញៀវទេសចរចិនបានទេ ខណៈប្រទេសចិនជាប្រទេសមានប្រជាជនចេញដើរកម្សាន្តលើពិភពលោកច្រើនជាងគេ និងជាភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាឈានមុខគេស្រាប់គិតចាប់ពីឆ្នាំមុនមក។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
ថ្លែងក្នុងវេទិកាកំពូលទេសចរណ៍កម្ពុជា-ចិន លើកទីមួយដែលធ្វើឡើងនៅភ្នំពេញកាលពីម្សិលមិញក្រោមប្រធានបទ «ការចាប់យកកាលានុវត្តភាពនៃការអភិវឌ្ឍវិស័យទេសចរណ៍នៅលើផ្លូវសូត្រ» លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាបានលើកឡើងថា ពិភពលោកបានត្រឡប់ទៅរកការផ្ដោតលើសក្ដានុពលភ្ញៀវទេសចរចិនដោយមើលឃើញថា ចិនជាប្រទេសដំបូងដែលបានបញ្ជូនប្រជាជនរបស់ខ្លួនទៅទស្សនានៅបរទេស។
លោកបានបន្ថែមថា ខណៈជនជាតិចិនបានក្លាយជាភ្ញៀវទេសចរក្រៅប្រទេសកើនឡើងរហ័សបំផុត អង្គការទេសចរណ៍ពិភពលោក (UNTWO) បានផ្ដល់អនុសាសន៍ ដល់បណ្ដាប្រទេសជាសមាជិករបស់ខ្លួនត្រូវរៀបចំការទទួលភ្ញៀវទេសចរជនជាតិចិនសម្រាប់អត្ថប្រយោជន៍ទេសចរណ៍របស់ប្រទេសនេះ។
លោកថ្លែងថា៖ «អនាគតនៃវិស័យទេសចរណ៍កម្ពុជាគឺមិនអាចកាត់ផ្តាច់ចេញពីការស្រូបទាញកំណើនយ៉ាងគំហុកនៃលំហូរទេសចរចេញក្រៅ [ប្រទេស] របស់ភ្ញៀវទេសចរចិន [បានទេ] ក្នុងបរិបទនៃកំណើនទេសចរណ៍ជារួមរបស់តំបន់អាស៊ីប៉ាស៊ីហ្វិក និងសកលលោក»។
លោកអះអាងថា៖ «តាមរយៈកិច្ចសហប្រតិបត្តិការល្អជាយុទ្ធសាស្ត្រ និងគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង ២ បានធ្វើឱ្យចំនួនវិនិយោគិនចិនក៏ដូចជាភ្ញៀវទេសចរចិនមកកម្ពុជាមានចំនួនកាន់តែច្រើនឡើងជារៀងរាល់ឆ្នាំ»។
លោកថ្លែងថាកិច្ចសហប្រតិបត្តិការខាងវិស័យទេសចរណ៍រវាងកម្ពុជា និងចិន បានពង្រឹង និងបានបង្កើនទិដ្ឋភាពទាំងអស់ស្របជាមួយនឹងឆ្នាំ ២០១៨ ជាឆ្នាំខួបលើកទី ៦០ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងចិន។
យោងតាមតួលេខបានពីក្រសួងទេសចរណ៍ភ្ញៀវទេសចរចិន ១,២ លាននាក់មកកម្ពុជាកាលពីឆ្នាំមុនដែលមានចំនួនជាង ២១ ភាគរយក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិសរុប ៥,៦ លាននាក់។
ទិន្នន័យនេះបានបង្ហាញថា ក្នុងរយៈពេល ៣ ខែដំបូងឆ្នាំនេះកម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិជាង ១,៧ លាននាក់ដែលកើនឡើង ១៤ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណោមចំនួនសរុបនេះភ្ញៀវទេសចរជនជាតិចិនមានចំនួន ៥០៥ ៩៤០ នាក់ កើនឡើង ៨៥ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧។
លោក ថោង ខុន បានថ្លែងថាប្រទេសកម្ពុជាត្រូវបានរំពឹងថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ៦,២ លាននាក់នៅឆ្នាំនេះ និង ៧ លាននាក់ក្នុងឆ្នាំ ២០២០ ដែលនឹងនាំចំណូល ៥ ពាន់លានដុល្លារ និងផ្ដល់ការងារដល់ប្រជាជន ១ លាននាក់។ លោកបន្ថែមថា ភ្ញៀវទេសចរអន្តរជាតិនឹងកើនឡើងដល់ ១៥ លាននាក់ក្នុងឆ្នាំ ២០៣០ ដែលនាំប្រាក់ចំណូល ១០ ពាន់លានដុល្លារ និងផ្ដល់ការងារដល់ប្រជាជន ២ លាននាក់៕LA