សន្ទស្សន៍​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា (CSX) បាន​កើនឡើង​ខ្ពស់បំផុត​រហូតដល់ ៦៤៨,៣៣ ពិន្ទុ នៅ​ពាក់កណ្ដាល​ពេល​បិទខ្ទប់​មុនពេល​ដាំ​ក្បាល​ចុះ ដែល​ផ្ទុយ​ពី​រយៈពេល​មុនពេល​បិទខ្ទប់​ដែល​មិនសូវ​មាន​ចលនា​ឡើង​ចុះ។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​ពី ​CSX កាលពី​ចុង​សប្ដាហ៍​មុន សកម្មភាព​ជួញដូរ​ក្នុង​ទីផ្សារ​មូលបត្រ​ក្នុង​អំឡុងពេល​បិទខ្ទប់​ជាមួយនឹង​កំណើន​ទំហំ​ជួញដូរ និង​បរិមាណ​ជួញដូរ​ជា​មធ្យម​ប្រចាំថ្ងៃ​ប្រមាណ ១៣ ភាគរយ និង ១៩ ភាគរយ​រៀង​គ្នា ផ្អែក​តាម​ការប្រៀបធៀប​ទិន្នន័យ​នៅ ១០ ថ្ងៃមុន និង ១០ ថ្ងៃ​ក្នុងអំឡុងពេល​បិទខ្ទប់។

ទិន្នន័យ​បង្ហាញថា សកម្មភាព​ជួញដូរ​ភាគហ៊ុន​ជារួម​បាន​កើនឡើង​ពេញ​មួយ​រយៈពេល​នៃ​ការបិទខ្ទប់​នេះ។ ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​ជា​មធ្យម​ប្រចាំថ្ងៃ​បាន​ឈាន​ដល់ ២៤១,៦៣ លាន​រៀល (ប្រមាណ​ជា ៦០ ពាន់​ដុល្លារ​អាមេរិក) ដែលមាន​ការកើនឡើង​ប្រមាណ ១៣ ភាគរយ បើ​ធៀប​នឹង​ចំនួន​ជា​មធ្យម ២១៤,៥៩ លាន​រៀល (ប្រហែល​ជា ៥៤ ពាន់​ដុល្លារ​អាមេរិក) កាលពី​រយៈពេល ១០ ថ្ងៃមុន​ការបិទខ្ទប់។

ស្រដៀង​គ្នា​នឹង​នេះដែរ បរិមាណ​នៃ​ការជួញដូរ​ជា​មធ្យម​មាន​ប្រមាណ ៤៤,៣១៨ ហ៊ុន​ក្នុង​មួយថ្ងៃ​ក្នុង​អំឡុងពេល​នៃ​ការបិទខ្ទប់​នេះ បើ​ធៀប​នឹង​ចំនួន​ជា​មធ្យម ៣៧,៣៥៨ ហ៊ុន ដោយមាន​ការកើនឡើង​ប្រហែល ១៩ ភាគរយ។

ទំហំ​ជួញដូរ​ភាគហ៊ុន​ក្នុង​មួយថ្ងៃ​ដែល​ខ្ពស់បំផុត​ក្នុង​រយៈពេល​បិទខ្ទប់​មាន​ចំនួន​រហូតដល់ ៥៣១,៧៣ លាន​រៀល (ប្រមាណ​ជា ១៣៣ ពាន់​ដុល្លារ​អាមេរិក) បើ​ធៀប​នឹង​ចំនួន​ត្រឹម ៤២០,២១ លាន​រៀល (ប្រមាណ​ជា ១០៥ ពាន់​ដុល្លារ​អាមេរិក) ជា​តួលេខ​ខ្ពស់បំផុត​ក្នុង​រយៈពេល ១០ ថ្ងៃមុន​ការបិទខ្ទប់។

CSX បាន​ឲ្យ​ដឹងថា៖ «កំណើន​នៃ​សកម្មភាព​ជួញដូរ​នេះ ក៏បាន​ផ្ដល់​ឥទ្ធិពល​ល្អ ដោយផ្ទាល់​ផងដែរ​មក​លើ​សន្ទស្សន៍ CSX ដែល​បាន​ធ្វើឲ្យ​ពិន្ទុ​នៃ​សន្ទស្សន៍​នេះ​ឡើង​មកដល់​ចំណុច​ខ្ពស់​ជាងគេ​សម្រាប់​ឆ្នាំ ២០២១ គិត​ត្រឹម​ពេលបច្ចុប្បន្ន​នេះ»។ CSX បន្តថា ចាប់តាំងពី​ថ្ងៃ​ជួញដូរ​ដំបូង​នៃ​ការបិទខ្ទប់ សន្ទស្សន៍​ CSX បាន​កើនឡើង​ជា​បន្តបន្ទាប់​រហូត​ដល់​កម្រិត​ខ្ពស់បំផុត គឺ ៦៤៨,៣៣ ពិន្ទុ កាលពី​ថ្ងៃ​ពុធ​ទី ២៨ ខែមេសា ហើយ​ក្រោយមក​ដាំ​ក្បាល​ចុះមក​វិញ​យ៉ាងខ្លាំង​នៅ ២ ថ្ងៃ​បន្ទាប់​មុនពេល​ងើបឡើង​វិញ​បន្តិច​មកវិញ​ដល់ទី​តាំង​ដើម។ ផ្ទុយទៅវិញ សន្ទស្សន៍​កាលពី ១០ ថ្ងៃមុន​ការបិទខ្ទប់ ហាក់​នៅ​នឹង​មាន​ការប្រែប្រួល​តិចតួច​ក្នុង​រង្វង់​ពី ៦៣៨ ទៅ​ត្រឹម ៦៤២ ពិន្ទុ​ប៉ុណ្ណោះ។

លោក ហុង សុហួរ អគ្គនាយក CSX បាន​បញ្ជាក់ថា ការកើនឡើង​នៃ​សកម្មភាព​ជួញដូរ​ក្នុង​ទីផ្សារ​ភាគហ៊ុន​ក្នុង​អំឡុងពេល​បិទខ្ទប់​បាន​បង្ហាញថា វិនិយោគិន​ងាក​មក​ចាប់អារម្មណ៍​ជួញដូរ​ភាគហ៊ុន​ច្រើន ដោយសារ​តែ​វា​ជា​វិស័យ​ដែល​អនុញ្ញាត​ឲ្យ​ពួកគាត់​នៅតែ​អាច​ធ្វើការ​វិនិយោគ​បាន ដើម្បី​ទទួល​បាន​ប្រាក់ចំណូល​បន្ថែម ទោះបី​គាត់​នៅតែ​ក្នុងផ្ទះ​មិនអាច​ចេញ​ទៅ​ណា​បាន​ក៏ដោយ។

លោក​ថ្លែងថា៖ «វា​បានបង្ហាញ​យ៉ាងច្បាស់​ពី​ចំណុច​ពិសេស​នៃ​ការវិនិយោគ​ក្នុង​ទីផ្សារ​ភាគហ៊ុន សម្រាប់​ប្រជាជន​ទូទៅ ដែល​ពួកគាត់​អាច​ក្លាយជា​ម្ចាស់​ហ៊ុន​នៃ​ក្រុមហ៊ុន​ល្អៗ​ជាច្រើន ដោយ​មិនបាច់​ចំណាយ​ពេល​ខ្លួនឯង ដើម្បី​បង្កើត​អាជីវកម្ម។

កាលពី​ថ្ងៃទី ៧ ខែឧសភា ភាគហ៊ុន PPAP បាន​បំបែក​កំណត់ត្រា​ថ្មី ដោយ​ឡើង​រហូត​ដល់​ថ្លៃ​ខ្ពស់បំផុត គឺ ១៥.២៦០៛ ដែល​ពុំ​ធ្លាប់មាន​ពីមុនមក។ គួរ​រំឭក​ផងដែរ​ថា ថ្លៃ​ IPO របស់​ភាគហ៊ុន​នេះ គឺ​ត្រឹម ៥.១២០៛ ក្នុង​មួយ​ហ៊ុន តែប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ ភាគហ៊ុន​ផ្សេងទៀត​នៅលើ​ទីផ្សារ​ក្នុង​ថ្ងៃ​ដដែល​នេះ ក៏មាន​ការកើនឡើង​គួរឱ្យ​កត់សម្គាល់​ផងដែរ។ ភាគហ៊ុន PWSA GTI PPSP PAS ABC និង PEPC មានការ​កើនឡើង​រហូត​ដល់ ៨.២៤០៛ ៤.៤២០៛ ១.៩៧០៛ ១៣.៨៨០៛ ១៦.៦០០៛ និង ៣.២០០៛ រៀង​គ្នា ដោយ​មាន​កំណើន​ចន្លោះ​ពី ២០៛ ដល់​ទៅ ៥៤០៛ ក្នុង​មួយ​ហ៊ុន។

សន្ទស្សន៍ ផ.ម.ក. មាន​កំណើន ១,៣១% បន្ថែមទៀត ដោយ​ឡើង​រហូតដល់ ៦៥៧,៤៦ ពិន្ទុ។ រីឯ​ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​ក៏មាន​កំណើន​ដល់​ជាង​មួយ​ប៊ីលាន​រៀល​ផងដែរ ពោល​គឺ​ឡើងដល់ ១.០៤២,៣៨ លាន​រៀល ហើយ​ភាគហ៊ុន PWSA បាន​គ្របដណ្តប់​ដល់​ទៅ​ប្រមាណ ៤០% នៃ​ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប។

CSX ក៏បាន​ចង្អុល​បង្ហាញថា ៩៩ ភាគរយ​នៃ​ការបញ្ជាទិញ​ទាំងអស់​ក្នុង​អំឡុង​ពេល​បិទខ្ទប់​ត្រូវ​បាន​ទទួល​តាមរយៈ​ប្រព័ន្ធ​ជួញដូរ​ចល័ត (MTS)៕LA