
ទិដ្ឋភាពសណ្ឋាគារ និរតន៍នៅខេត្តសៀមរាប។ រូបថតពីគេហទំព័រ
ភ្នំពេញៈ ភ្នាក់ងារវាយតម្លៃសេវាទេសចរណ៍ TripAdivsor បានផ្តល់ចំណាត់ថ្នាក់សណ្ឋគារប្រណីតមួយក្នុងខេត្តសៀមរាប ជាសណ្ឋាគារល្អបំផុតរបស់ពិភពលោកទាក់ទងនឹងតម្លៃ។
យោងតាម Choice awards ២០១៨ របស់ TripAdvisor Travellers បានជ្រើសរើសសណ្ឋាគារ វិរតន៍ ដែលមានតម្លៃ ៧៨ ផោន (១០៨ ដុល្លារអាមេរិក) ក្នុងមួយយប់នៅសៀមរាប ជាសណ្ឋាគារល្អបំផុត។
សណ្ឋាគារ Old School Bed & Breakfast នៅតំបន់ Cotswolds ចក្រភពអង់គ្លេស ត្រូវបានជាប់ឈ្មោះជាសណ្ឋាគារល្អបំផុតនៅ អឺរ៉ុប ខណៈសណ្ឋាគារ Tavistock House Hotel នៅក្រុង Devon ចក្រភពអង់គ្លេសទទួលបានងារជាសណ្ឋាគារតូចល្អបំផុតរបស់អឺរ៉ុប។ នេះបើយោងតាម TripAdvisor។
សម្រាប់តម្លៃល្អបំផុត សណ្ឋាគារ Lawton Court Hotel នៅក្រុង Llandudno ត្រូវបានជាប់ឈ្មោះលំដាប់លេខ ១ នៅអឺរ៉ុប ខណៈសណ្ឋាគារជារួមល្អបំផុតរបស់ចក្រភពអង់គ្លេសគឺសណ្ឋាគារ Hotel 41 មានទីតាំងទល់មុខរាជវាំង Buckingham។
សណ្ឋាគារអាមេរិក ដែលជាប់ចំណាត់ថ្នាក់ឈានមុខគេ គឺសណ្ឋាគារ Nantucket Hotel & Resort ដែលបានជាប់លំដាប់ទី ៧ លើពិភពលោកជាប្រភេទសណ្ឋាគារឈានមុខគេ។
ពានរង្វាន់ត្រូវបានផ្តល់ទៅតាមផ្នែកផ្សេងៗគ្នា មានដូចជាសណ្ឋាគារឈានមុខគេ សណ្ឋាគារមានតម្លៃទាប ការស្នាក់នៅនិងអាហារពេលព្រឹក និងរង្គសាល មានសេវាល្អបំផុត មានភាពប្រណីត សណ្ឋាគារតូចតម្លៃសមរម្យ ហើយត្រូវបានសម្រេចចិត្តតាមរយៈការពិចារណាលើគុណភាព និងបរិមាណនៃការទស្សនារបស់អ្នកដំណើរ និងគំនិតជាក់លាក់ចំពោះប្រភេទពានរង្វាន់៕LA