ភ្នំពេញ: គណៈកម្មការ​មូលបត្រ​កម្ពុជា​ (SECC) និង​សភា​ពាណិជ្ជកម្ម​កម្ពុជា​ (CCC) បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ដើម្បី​បង្កើន​ការយល់ដឹង និង​លើកកម្ពស់​ការវិនិយោគ​លើ​វិស័យ​មូលបត្រ​នៅ​ប្រទេស​កម្ពុជា​។

ការចុះ​ហត្ថលេខា​នេះ​បាន​ធ្វើឡើង​រវាង​លោក ស៊ូ សុជាតិ អគ្គនាយក​គណៈកម្មការ​មូលបត្រ​កម្ពុជា​ជាមួយ​លោក គិត ម៉េង ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​នៅ​ទីស្តីការ​សភា​ពាណិជ្ជកម្ម​កម្ពុជា​កាលពី​ថ្ងៃ​សុក្រ​។

លោក ស៊ូ សុជាតិ បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា MoU ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​បង្កើន​កិច្ចសហការ​លើកកម្ពស់ និង​ បង្កើន​ការយល់ដឹង​ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​មូលបត្រ​ដល់​សហគ្រាស​ពាណិជ្ជកម្ម​ឲ្យ​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការស្វែងរក​ហិរញ្ញប្បទាន​តាមរយៈ​ទីផ្សារ​មូលបត្រ​ព្រម​ទាំង​លើក​កម្ពស់​ការវិនិយោគ​ក្នុង​វិស័យ​មូលបត្រ​តាមរយៈ​ការចូលរួម​យ៉ាង​សកម្ម​ពី​វិស័យ​ឯកជន​ដែល​ជា​វិនិយោគិន​ក្នុងស្រុក​ផងដែរ​។ ​

លោក​ថ្លែងថា​៖ «​ការចុះ​អនុស្សរណៈ​នេះ​គឺ​បញ្ជាក់​ឲ្យ​ឃើញថា មាន​សហគ្រាស​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ច្រើន​បាន​ចាប់អារម្មណ៍​លើ​ទីផ្សារ​មូលបត្រ​កម្ពុជា​តាមរយៈ​ការត្រៀមខ្លួន​ចុះបញ្ជី​ប្រមូល​ទុន​ពី​ទីផ្សារ និង​ការជួញដូរ​នៅលើ​ទីផ្សារ ព្រមទាំង​បង្ហាញ​ពី​ទំនុកចិត្ត​របស់​ក្រុមហ៊ុន​ដែល​ជា​សមាជិក​របស់​សភា​ពាណិជ្ជកម្ម​កម្ពុជា​មកលើ​ទីផ្សារ​មូលបត្រ​កម្ពុជា​»​។

ជាមួយ​គ្នា​នេះ​លោក គិត ម៉េង ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​លើក​ឡើង​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ការចុះ MoU នឹង​ជួយ​បង្កើន​ការយល់​ដឹង​ពាក់ព័ន្ធ​វិស័យ​មូលបត្រ​ដល់​សមាជិក​របស់ខ្លួន​ដែល​ជា​សហគ្រាស​ពាណិជ្ជកម្ម​ឲ្យ​មាន​លទ្ធភាព​សមស្រប​ក្នុង​ការរៀបចំ​ខ្លួន​ការចូលរួម​វិនិយោគ​។

លោក​បាន​ថ្លែងថា​៖ «​នេះ​ជា​ឱកាស​សម្រាប់​សមាជិក​សភាពាណិជ្ជកម្ម​ក្នុង​ការស្វែងរក​ហិរញ្ញប្បទាន​ក្នុង​ទីផ្សារ​មូលបត្រ​នៅ​កម្ពុជា​ក៏​ដូចជា​ការពង្រឹង​ការគ្រប់គ្រង រៀបចំ និង​អនុវត្ត​អភិបាលកិច្ច​សាជីវកម្ម​»​។

ដើម្បី​បង្កើន​ការទាក់ទាញ​វិនិយោគ និង​ការជួញដូរ​ពី​សាធារណជន SECC កំពុងតែ​ធ្វើការ​កែសម្រួល​នូវ​លក្ខខណ្ឌ​តម្រូវ​សម្រាប់​ការផ្តល់​អាជ្ញាប័ណ្ណ និង​ការគ្រប់គ្រង​អាជីវកម្ម​នៃ​សកម្មភាព​ជួញដូរ​ឧបករណ៍​និស្សន្ទ​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​គោលបំណង​គ្រប់គ្រង​ទីផ្សារ​ឧបករណ៍​និស្សន្ទ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ឲ្យ​ស្របតាម​ដំណើរការ​ជាក់ស្តែង​នៃ​ទីផ្សារ​។ ការកែតម្រូវ​នេះ​នឹង​កាត់បន្ថយ​លក្ខខណ្ឌ​តម្រូវ​ស្តីពី​ការផ្តល់​អាជ្ញាប័ណ្ណ និង​មូលធន​សម្រាប់​ក្រុមហ៊ុន​ជើងសា​នៃ​ឧបករណ៍​និស្សន្ទ​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ SECC កាលពី​សប្តាហ៍​មុន​។

ទំហំ​ជួញដូរ​ឧបករណ៍​និស្សន្ទ​បាន​កើនឡើង​ដល់​ ៨៤ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៨ ដល់ ២០០ ​លាន​ដុល្លារ​កាលពី​ឆ្នាំ ២០១៩ ​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី SECC៕ LA